ភ្នំពេញ: នៅលើចានដ៏ភ្លឺរលោង ម្ហូបស្រួយៗរាងមូលរោយស្លឹកជីរវ៉ាន់ស៊ុយ បានភាយក្លិនឈ្ងុយ និងធ្វើឲ្យយើងឆ្ងល់ថា តើវាជាអ្វី?
ជាការពិតណាស់ វាស្រដៀងនឹងពងទាក្រឡុកចៀន ប៉ុន្តែវាស្រួយ និងមានសាច់គ្រំនៅពីក្នុង។ នេះជាអយស្ទ័រក្រឡុកពងទាបំពង ដែលជាម្ហូបដ៏ពេញនិយមមួយប្រចាំភោជនីដ្ឋានទន្លេបាសាក់ ១ ម្ដុំទួលទំពូង។
ក្រោយការផ្លាស់ប្ដូរពីភោជនីយដ្ឋានប៊ូហ្វេទៅជាកន្លែងទទួលទានអាហារកុម្ម៉ង់លំដាប់ខ្ពស់ ភោជនីយដ្ឋានទន្លេបាសាក់ ១ សព្វថ្ងៃមានការតុបតែងរចនាហាង និងបរិក្ខារប្រើប្រាស់ដ៏ប្រណីត។
ទាំងបរិយាកាស សង្ហារិម ចាន កែវ សមស្លាបព្រា ត្រូវបានតម្រៀបលើតុស្ដង់ដារលំដាប់ផ្កាយ។
ក្រឡេកទៅមើលបញ្ជីមុខម្ហូបវិញ ភ្ញៀវមានជម្រើសជាច្រើនដូចជាអាហារខ្មែរ ចិន ថៃ និងវៀតណាម ចម្អិនដោយចុងភៅជនជាតិដើម។
ម្ហូបពិសេសប្រចាំហាងមានដូចជា ស៊ុបពីររសជាតិឆ្នាំងនាគ ប្រហុកដុតជ្រញ់ សាច់មាន់ឆាម្រេចផ្ទាប់បាយដំណើប ក្ដាមថ្មឆាម្រេច បង្គាបំពងម៉ាយូណេស ឆ្អឹងជំនីរជ្រូកបំពង និងអយស្ទ័រក្រឡុកពងទាបំពង។
អយស្ទ័រក្រឡុកពងទាបំពងមានតម្លៃ ៩,៨ ដុល្លារ អាចទទួលទានជាមួយបាយបានគ្នាពីរនាក់។ ភោជនីយដ្ឋាន ទន្លេបាសាក់ ១ ដែលមានការតុបតែងរចនាថ្មី ស្ថិតលើមហាវិថីម៉ៅសេទុង ម្ដុំទួលទំពូង៕