
ភ្នំពេញ : បាយក្ដាំងនៅបាតឆ្នាំងគឺជាអាហារដែលមនុស្សជាច្រើនមិនប៉ងប្រាថ្នាញ៉ាំនោះទេ ដោយសារតែវារឹង ជាប់ធ្មេញ ហើយពិបាកទំពាបន្តិច។
ប៉ុន្តែយើងក៏អាចយកវាទៅកែច្នៃជាអាហារពិសេសដ៏ប្លែកមាត់ ដែលធានាថាបានទទួលទានហើយ ប្រាកដជាសរសើរថាឆ្ងាញ់មិនដាច់ពីមាត់។ សព្វថ្ងៃអ្នកអាចរកញ៉ាំបាយក្ដាំងពិសេសនេះ នៅបណ្ដាហាងមួយចំនួនបាន។
ស្ថិតនៅជិតស្ថានទូតអូស្ត្រាលីហាង«ផ្ទះត្រាវ» ដែលទើបតែបើកសម្ពោធកាលពីថ្មីៗនេះ តែងមានសភាពអ៊ូអររាល់ៗល្ងាច ដោយសារតែទីនោះសម្បូរមុខម្ហូបច្នៃប្រឌិតថ្មីៗខុសប្លែកពីហាងដទៃដូចជា ប្រហិតសាច់កង្កែប គោដុតក្រដាសខ្យងខ្ទិះអាំង និងបាយក្ដាំងពិសេសនេះតែម្ដង។
សប្ដាហ៍នេះភ្នំពេញប៉ុស្ដិ៍នឹងលើកយកវិធីចម្អិនបាយក្ដាំងពិសេសដែលមានគ្រឿងផ្សំសាមញ្ញបំផុតដូចជា សាច់ជ្រូកពងមាន់ ស្លឹកខ្ទឹមប៉េងប៉ោះ ប្រេងឆា អំបិល ស្ករស និងម្សៅស៊ុប។
វិធីចម្អិនបាយក្ដាំងពិសេសនេះក៏មិនជាពិបាកអ្វីដែរ ដោយដំបូងសាច់ជ្រូកត្រូវចិញ្ច្រាំឆាជាមួយពងមាន់ និងស្លឹកខ្ទឹមចិញ្ច្រាំ ដោយបន្ថែមគ្រឿងផ្សំរសជាតិដូចជាអំបិល ស្ករស និងម្សៅស៊ុបបន្តិច។ បាយក្ដាំងត្រូវយកមកបំពងជាមួយនឹងប្រេងឆាឲ្យឡើងស្រួយ រួចដាក់វាឲ្យស្រក់ខ្លាញ់។
ពេលទទួលទាន លោកអ្នកអាចយកបាយក្ដាំងជ្រលក់ ឬស្រូបទឹកឆាឬផ្ទាប់ជាមួយបន្លែប៉ោងប៉ោះស្ដើងៗនោះប្រាកដជាឆ្ងាញ់មាត់មិនខាន។
បើចង់ដឹងថា បាយក្ដាំងពិសេសមានរសជាតិឆ្ងាញ់យ៉ាងណានោះ លោកអ្នកក៏អាចទៅភ្លក្សអាហារនេះផ្ទាល់នៅភោជនីយដ្ឋាន ផ្ទះត្រាវ ស្ថិតនៅជិតស្ថានទូតអូស្ត្រាលី ម្ដុំផ្លូវឡើងទៅស្ពានឆ្ពោះទៅកាន់កោះពេជ្រ។ ទំនាក់ទំនងលេខទូរស័ព្ទ ០៦៩ ៦១ ៩៩ ១៦ និង០៦៩ ២៦ ៧៦ ៧២៕