ភ្នំពេញ: «បឺហ្គ៊ឺរ ទន្លេ» គឺ​ជា​អាហារ​ដ៏​ពេញ​និយម​របស់​ភោជនីយដ្ឋាន​ Century 9 Inspired Eatery ដែល​ស្ដែង​ពី​​​ធាតុ​ផ្សំ​​បែប​​ខ្មែរ​​ក្នុង​ការ​រំលេច​ជា​ម្ហូប​ជាតិ​អាមេរិក​មួយ​នេះ។

បង្កើត​ឡើង​ដោយ​សហស្ថាបនិក​​ជា​មេ​ចុងភៅ​អាមេរិក​ Michael Kenyon ជាមួយ​លោក កៅ រដ្ឋា និង​លោក ជា សុធា ភោជនីយដ្ឋាន​​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​អាណាចក្រ​ខ្មែរ​​នាសម័យ​កាល​​រុងរឿង​ក្នុង​សតវត្សរ៍​ទី ៩ ដែល​មាន​ការ​រីក​ចម្រើន​គ្រប់​វិស័យ។

ក្រៅ​ពី​ផ្ដល់​នូវ​បរិយាកាស​ផាសុកភាព និង​អាហារ​ប្រកប​ដោយ​គុណភាព ភោជនីយដ្ឋាន​ក៏​មាន​បេសកកម្ម​​ជួយ​សង្គម​តាមរយៈ​ការ​បណ្ដុះបណ្ដាល​យុវជន​ខ្មែរ​​គ្មាន​ជំនាញ និង​ផ្ដល់​ឱកាស​​ការងារ​ផង​ដែរ។

លោក​ កៅ រដ្ឋា វ័យ​ ២៩ ​ឆ្នាំ ជា​អ្នក​គ្រប់គ្រង​ទូទៅ​ក្នុង​ហាង​ Century 9 បាន​ថ្លែង​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ​ថា​៖ ​«​ពី​មុន​មក​យើង​ធ្លាប់​បាន​ដើរ​មើល​ឃើញ​ថា​ បង​ប្អូន​បុរសៗ​យើង​គ្មាន​ការងារ​ធ្វើ​ ហើយ​យើង​ក៏​ស្វែងរក​វិធី​ដើម្បី​ជួយ​ដល់​អ្នក​ដែល​គាត់​មិន​មាន​ជំនាញ​ មិន​ចេះ​អក្សរ​ ឬ​ភាសា​ ដើម្បី​ឲ្យ​គាត់​អាច​​មក​រៀន​ជាមួយ​យើង​ដោយ​​ឥត​គិត​លុយ​ ទើប​យើង​សម្រេច​ចិត្ត​ថា​បើក​ហាង​នេះ​ឡើង​មក​ ដែល​ជា​លក្ខណៈ​អាមេរិក​លាយ​ជា​មួយ​ខ្មែរ​»។

លោក​បាន​បន្ត​ទៀត​ថា​​៖ ​«ពួក​​យើង​មើល​ទៅ​ដូច​ជា​អង្គការ​មួយ​អ៊ីចឹង​ ប៉ុន្តែ​យើង​ធ្វើ​ឡើង​មក​ជា​រូបរាង​បែប​ Real Business ដោយ​មាន​ការ​បង្រៀន​ពី​ជំនាញ​ឆុង​កាហ្វេ​ ផ្នែក​ចុងភៅ​ ​​ភាសា​អង់គ្លេស​ និង​អ្វី​ផ្សេង​ៗ​ជា​ច្រើន​ទៀត​»។

បឺហ្គ៊ឺរ​ ទន្លេ ជា​​ម្ហូប​ដ៏មានប្រជាប្រិយភាព​ប្រចាំហាង​។ហុង មិនា

ភោជនីយដ្ឋាន​ដែល​មាន​ទំហំ​​ធំ​ល្មម​អាច​ទទួល​ភ្ញៀវ​ម្តង​បាន​ចំនួន​ ៤០ ​នាក់​ មាន​ការ​រៀបចំ​ទៅ​តាម​ផ្នែក​មាន​ទាំង​ផ្នែក​​ភេសជ្ជៈ​ដូច​ជា​កាហ្វេ​ និង​ស្រា​​គ្រប់​ប្រភេទ​។ គំនូរ​បន្លែ​ផ្លែ​ឈើ​សុទ្ធ​សឹង​តែ​ជា​អាហារ​សម្រាប់​សុខភាព​ លម្អ​​​ស្រស់​ឆើត​នៅ​លើ​ផ្ទៃ​ជញ្ជាំង​​ហាង​។

អាហារ​ពិសេស​ប្រចាំ​ហាង​មាន​​​​ដូច​ជា​ Tonle Burger (១៤០ ក្រាម​ ៧,៥ ដុល្លារ និង ១៨០ ក្រាម​ ៨,៥ ដុល្លារ), Avocado Pumpkin Salad ៦ ដុល្លារ, Pan Seared Snakehead Fish ១០,៩៥ ដុល្លារ និង​​​បង្អែម Crispy Jackfruit Ginger Spring Ralls ៤,៥ ដុល្លារ។

លោក​ កៅ រដ្ឋា​ បាន​បន្ត​ទៀត​​ថា​៖ ​«​ហាង​យើង​ផ្តោត​ទៅ​​លើ​រសជាតិ​ជា​សំខាន់​ គឺ​ជា​ការ​បញ្ចូល​រសជាតិ​រវាង​ខ្មែរ និង​អាមេរិកវា​មាន​លក្ខណៈ​ប្លែក​ ព្រោះ​ថា​ ចុងភៅ​របស់​យើង​មាន​ជនជាតិ​ខ្មែរ​ដែល​បាន​ទៅ​រៀន​​ពី​ម្ហូប​នៅ​អាមេរិក​អស់​រយៈពេល ​៣ ​ខែ ហើយ​ក៏​មាន​ចុង​ភៅ​​​អាមេរិក​​ដែល​មាន​បទពិសោធ​យូរ​ឆ្នាំ​ដូច​គ្នា​ អ៊ីចឹង​ហើយ​យើង​ផ្តោត​ទៅ​លើ​តែ​ម្ហូប​អាមេរិក​ដែល​មាន​លាយ​រសជាតិ​បែប​ខ្មែរ​ប៉ុណ្ណោះ​ ប៉ុន្តែ​ខ្ញុំ​ក៏​សុំ​បញ្ជាក់​ដែរ​ថា​ ចំពោះ​តម្លៃ​គឺ​មិន​ថេរ​នោះ​ទេ​ វា​អាច​ប្រែប្រួល​ទៅ​តាម​ខែ»​។

ក្នុង ​១ ថ្ងៃ​ Century 9 ទទួល​​បាន​ការ​គាំទ្រ​ពី​ភ្ញៀវ​ចាប់​ពី ៤០ ​ទៅ​ ៥០ ​នាក់​ ដែល​ភាគ​​ច្រើន​ជា​ភ្ញៀវបរទេស​។ Century 9 ក៏​មាន​ទទួល​ធ្វើ​អាហារ​បម្រើ​ភ្ញៀវ​ជា​លក្ខណៈ​​ក្រុម​ទេសចរ​មក​កម្សាន្ត​នៅ​ប្រទេស ​កម្ពុជា ​ដែរ​។

Century 9 មាន​ទីតាំង​នៅ​ផ្ទះ​លេខ​ # ៥៩ C ផ្លូវ​ ១៥៥ ជិត​ផ្សារ​ទួលទំពូង​ បើក​ទទួល​ភ្ញៀវ​ចាប់​ពី​ម៉ោង​ ១១ ​ព្រឹក ​រហូត​ ៨ ​យប់​ ​ទូរស័ព្ទ​លេខ​ ០១៧ ៣១ ៦០​ ៣៣៕

វីដេអូ៖