ភ្នំពេញ : ជម្រាបសួរមិត្តអ្នកអានភ្នំពេញប៉ុស្ដិ៍ជាទីមេត្រី! តើលោកអ្នកដឹងទេថា អ្វីទៅដែលជាអាហារជាតិរបស់ប្រទេសកម្ពុជាយើង? ដោយសារប្រជាជនខ្មែរនិយមម្ហូបមានគ្រឿងច្រើន និងម៉្យាងយើងមានបឹងទន្លេសាបជាប្រភពធនធានត្រីស្រស់ៗសម្រាប់ ធ្វើម្ហូបយ៉ាងឆ្ងាញ់ពិសាផងនោះ អាម៉ុកត្រី គឺពិតជាស័ក្ដិសមនឹងងារជាអាហារជាតិរបស់ព្រះរាជាណាចក្រ កម្ពុជាណាស់។ ដោយឡែកថ្ងៃនេះ យើងសូមណែនាំពីវិធីធ្វើអាម៉ុកពីសាច់បង្គា និងសាច់មាន់វិញម្ដង។
គ្រឿង ផ្សំរួមមាន : បង្គា ៣០០ក្រាម, សាច់មាន់សុទ្ធ ៣០០ក្រាម, ប្រេងឆា១ស្លាបព្រា, ម្ទេសក្រៀមចិញ្ច្រាំ១ស្លាបព្រា, ខ្ទឹមស៥កំពឹស, កាពិ១ស្លាបព្រា, គ្រឿងបុក១ស្លាបព្រា, ខ្ទិះដូង (ដើមខ្ទិះដែលច្របាច់លើកដំបូង)១កូនចាន, ទឹកត្រី ស្ករ អំបិល ម្សៅស៊ុប ស្លឹកក្រូចសើច និងដូង១ផ្លែ។
វិធីចម្អិន : ដំបូងដាក់ខ្ទះឲ្យក្តៅ មុននឹងចាក់ប្រេង និងខ្ទឹមសចូល។ បន្ទាប់មកដាក់កាពិ និងម្ទេសចិញ្ច្រាំ រួចកូរវាបន្តិច។
ដំណាក់កាលបន្ទាប់ត្រូវដាក់គ្រឿងបុក (គល់ស្លឹកគ្រៃបុកជាមួយរមៀត រំដេង និងខ្ទឹមស) ចូលកូរឲ្យឈ្ងុយរួចចាក់ខ្ទិះដូងចូលបន្តិច ទើបដាក់សាច់បង្គា សាច់មាន់ និងគ្រឿងផ្សំរសជាតិ មុននឹងដួសដាក់ក្នុងផ្លែដូង ហើយយកទៅចំហុយ។
នៅពេលដែលឆ្អិនត្រូវរោយសរសៃស្លឹកក្រូចសើច និងម្ទេស ជាការស្រេច។ អ្នកអាចទទួលទានវាជាមួយបាយអង្ករផ្លាម្លិះ ដើម្បីទទួលបានក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់ពិសា។
អាម៉ុកគ្រឿងសមុទ្រសាច់មានបម្រើជូននៅ ភោជនីយដ្ឋាន បៃតង ស្ថិតនៅផ្ទះលេខ៧ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ទូរស័ព្ទលេខ ០២៣ ៦៣ ០៣ ០០៥ និង០៩២ ៥០០ ៤០០៕