ភ្នំពេញ៖ ស្ថិតនៅបុរីប៉េងហួត បឹងស្នោ «អាហារដ្ឋាន ៤៣០ ឆ្ងាញ់ជាប់មាត់» ជាទីបម្រើអាហារថ្ងៃត្រង់ដ៏មមាញឹកផ្ដល់ថាមពលដល់ភ្ញៀវត្រឡប់ទៅធ្វើការ។ រីឯពេលរសៀលវិញ ទីនេះក៏ជាទីស្វាគមន៍អតិថិជនមកញ៉ាំអាហារ ក្រេបស្រាបៀរបន្ធូរអារម្មណ៍ពីការងារ រហូតដល់វេលារាត្រីផងដែរ។
អ្វីដែលសំខាន់គឺ ស្លាកសញ្ញារូបម្ហូបភ្ជាប់នឹងតម្លៃស្រាប់ ធ្វើឱ្យភ្ញៀវមិនចាំបាច់ព្រួយរឿងធូរហោប៉ៅទេ។ ពួកគេអាចចូលមករីករាយទទួលទានដោយលៃលកការចំណាយតាមតម្លៃមើលឃើញនឹងភ្នែកស្រាប់។
អាហារដ្ឋានលក្ខណៈផ្ទះល្វែងនេះត្រូវបានរៀបចំបែបសាមញ្ញ ជាមួយកន្លែងអង្គុយមានខ្យល់មិនស្អុះស្អាប់។
លោក នូ ចាន់ថា ម្ចាស់ហាងដែលទើបតែបើកកាលពីខែសីហា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «បើទោះហាងខ្ញុំទើបតែបើកពិតមែន តែខ្ញុំមានអតិថិជនច្រើនណាស់។ ជាពិសេសម៉ោងសម្រាកហូបបាយថ្ងៃត្រង់ ទាំងខ្ចប់ និងអង្គុយនៅហាងផ្ទាល់អាចដល់ ២០០ នាក់ តែបើគិតភ្ញៀវសរុប ១ ថ្ងៃពេញអាចលើសពី ៣០០ ឡើង»។
ហាងមានបម្រើអតិថិជនទាំងអាហារពេលព្រឹក ពេលថ្ងៃ និងពេលល្ងាច។ អាហារពេលព្រឹកចាប់ពីម៉ោង ៦ ភាគច្រើនមាន មីស៊ុប មីឆា គុយទាវ បបរ និងម្ហូបជាច្រើនមុខទៀត ដែលភាគច្រើនតម្លៃត្រឹម ៦ ០០០ ទៅ ៧ ០០០ រៀលប៉ុណ្ណោះ។
អាហារពេលថ្ងៃត្រង់បម្រើរហូតដល់ម៉ោង ១ រសៀល មានជម្រើសម្ហូបខ្មែរប្រហែលជាង ២០ មុខ ក្នុងតម្លៃ ១ ចានត្រឹមតែ ៣ ០០០ រៀល និងបាយស ១ ចាន ១ ០០០ រៀល។
អតីតបុគ្គលិកអង្គការរូបនេះបញ្ជាក់ប្រាប់ថា៖ «តម្លៃប៉ុណ្ណឹង [៤ ០០០ រៀល] អតិថិជនអាចទទួលទានបាន ១ ឆ្អែត»។
ចាប់ពីម៉ោង ១ រសៀលដល់ម៉ោង ១០ យប់ គឺជាពេលដែលភ្ញៀវរីករាយនឹងទទួលទាន និងអង្គុយនិយាយគ្នាលេងនៅហាងយូរបំផុត។
ម្ចាស់ហាងវ័យ ២៩ ឆ្នាំរូបនេះបានរៀបរាប់ពីអាហារជាច្រើនមុខយ៉ាងដូច្នេះថា៖ «យើងមានលក់ច្រើនមុខណាស់ មានទាំង ប្រហិត គ្រឿងក្នុង ខ្យង ក្ដាម ស្លាបមាន់បំពង ពងក្រួច ទាអាំង ពងទាកូនអាំង និងអាហារជាច្រើនមុខទៀត»។
លោក ចាន់ថា បន្តទៀតថា៖ «ចំណុចដែលទាក់ទាញអតិថិជនបំផុតនោះនៅមុខហាងឃើញទឹកជ្រលក់ ដែលមានតម្រៀបជាហែហូរ ព្រោះរបស់អស់នេះតម្រូវឱ្យមានទឹកជ្រលក់ ហើយកាន់តែមានច្រើនជម្រើស អតិថិជនកាន់តែពេញចិត្ត។ខ្ញុំគិតថា នេះក៏ជាគុណសម្បត្តិមួយរបស់ហាងយើងដែរ»។
ទឹកជ្រលក់ប្រហែលជា ៦ ប្រភេទ រួមមានទាំង ទឹកត្រីកោះកុង ពណ៌ខៀវ និងក្រហម ទឹកតៅហ៊ូ ទឹកកាពិ ទឹកសៀង និងទឹកខ្ទឹម។ អតិថិជនអាចជ្រើសរើសទឹកជ្រលក់ទៅតាមចំណូលចិត្ត ឬតាមម្ហូបដែលពួកគេកុម្ម៉ង់ញ៉ាំ។
មុខម្ហូបដែលមានការពេញនិយមបំផុតគឺ ប្រហិតស្ងោរជ្រលក់ទឹកតៅហ៊ូ និងពងទាកូនអាំង ដោយនេះជារូបមន្តពិសេសប្រចាំហាងផ្ទាល់។
លោក ចាន់ថា បានប្រាប់ថា៖ «យើងយកពងទាកូនស្ងោរដាក់ក្នុងកូនចានមួយ អាំងវាឱ្យក្ដៅហើយមានដាក់ទឹកខ្ទឹម ជាមួយខ្លាញ់បន្តិច សណ្ដែកដី ខ្ទឹមជ្រក់ចិញ្ច្រាំ និងទឹកអម្ពិលទុំ។ មួយចានត្រឹមតែ ២ ០០០ រៀលប៉ុណ្ណោះ»។
លោកបាននិយាយថា ក្នុង ១ ថ្ងៃ លោកអាចលក់បានដល់ ៥០០ គ្រាប់ក៏មាន។ អតិថិជនដែលមកទីនេះបានប្រាប់ថា ពួកគេបានទៅញ៉ាំអាហារដូចគ្នានៅកន្លែងផ្សេង តែរសជាតិនៅទីនេះឆ្ងាញ់បំផុត ជាពិសេសនោះគឺទឹកជ្រលក់ ហើយចំណែកឯតម្លៃក៏ធូរថ្លៃណាស់ដែរ។
ហាងក៏មានទទួលការកក់ ដើម្បីរៀបចំពិធីផ្សេងៗ តែចំពោះការដឹកជញ្ជូនបច្ចុប្បន្នមានតែសម្រាប់អតិថិជនក្នុងបុរីប៉ុណ្ណោះ។
បើទោះជាមានលក់មុខម្ហូបជាច្រើនក៏ដោយ តែលោក ចាន់ថា បានឱ្យដឹងថា ចង់បន្ថែមរបស់ញ៊ាំលេងបន្ថែមទៀតដូចជា សាច់គោអាំងទឹកប្រហុក ក្ដាមថ្មពងជ្រក់ ក្ដាមសេះជ្រក់ ងាវជ្រក់ បង្គាជ្រក់ បង្កងប៉ាកជ្រក់ និងពងជ្រក់ផងដែរ។
លោកបានបង្ហើបឱ្យដឹងពីគម្រោងថ្ងៃខាងមុខរបស់ហាងថា៖ «បច្ចុប្បន្នយើងមិនសូវបានតុបតែងហាងអ្វីច្រើនទេ តែទៅមុខទៀតពេលអគារដែលនៅជិតយើងនេះសាងសង់ហើយ យើងមានគម្រោងដាក់ភ្លើងបន្ថែម និងរៀបចំហាងឱ្យស្រស់ស្អាតជាងនេះ សម្រាប់អតិថិជនដែលគាត់មកកក់រៀបចំធ្វើពិធីផ្សេងៗ»។
អាហារដ្ឋាន ៤៣០ ឆ្ងាញ់ជាប់មាត់ ស្ថិតនៅផ្ទះលេខ ៤៣០ ផ្លូវក្លាស្ទ័រ បុរីប៉េងហួតបឹងស្នោ ឬអាចទាក់ទងលេខ ០៨៧ ៥៥៩ ៩៦៥៕
វីដេអូ៖