The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អូន អ៊ូក ល្បី​បង្អែម​ឆ្ងាញ់​ឃ្យូត អាច​ថតរូប​ស្អាតៗ




អូន អ៊ូក ល្បី​បង្អែម​ឆ្ងាញ់​ឃ្យូត អាច​ថតរូប​ស្អាតៗ

Content image - Phnom Penh Post
ហាង អូន អ៊ូក​ មានបម្រើអាហារ បង្អែម និងភេសជ្ជៈប្រមាណជាង ៣០ មុខ។ ហេង ជីវ័ន

អូន អ៊ូក ល្បី​បង្អែម​ឆ្ងាញ់​ឃ្យូត អាច​ថតរូប​ស្អាតៗ

ភ្នំពេញ៖ «ឆ្ងាញ់» ហើយ «ឃ្យូត» ជា​ពាក្យ ២ ម៉ាត់ ​ដែល​អាច​រៀបរាប់​ពី​ហាង​បង្អែម និង​ភេសជ្ជៈ អូន អ៊ូក (Oun Ouk Master Tea) ដែល​ទើប​នឹង​រំលេច​រូបរាង​យ៉ាង​ស្អាត​ទាក់ភ្នែក ស្ថិត​នៅ​ខាង​កើត​ផ្សារ​ទួល​ទំពូង។

ភេសជ្ជៈ បង្អែម និង អាហារ​សម្រន់​ប្លែកៗ​ប្រមាណ​ជាង ៣០ មុខ ត្រូវ​បាន​ដាក់​បម្រើ​អតិថិជន​ក្នុង​បរិយាកាស​ដ៏​ស្រស់ស្រាយ​របស់​ហាង ដែល​មាន​ការ​តុបតែង​បែប​ច្នៃប្រឌិត សុទ្ធតែ​វត្ថុ​ឃ្យូត និង​គួរ​ឱ្យ​ស្រឡាញ់​គ្រប់​យ៉ាង។

មិន​ខុស​ពី​ឈ្មោះ​របស់​ហាង​នោះ​ទេ នៅ​ខាង​ក្នុង​ហាង អូន អ៊ូក មាន​ដាក់​តាំង​រូប​កូន​ជ្រូក ហើយ​សូម្បី​តែ​បង្អែម​ក៏​មាន​រាង​ជា​កូន​សត្វ​សម្បូរ​សាច់​ដ៏​គួរឱ្យ​ខ្នាញ់​មួយ​នេះ​ផង​ដែរ។

ជំនួស​ឱ្យ​ការ​ប្រើប្រាស់​កៅអី​ធម្មតា អ្នកស្រី ចាន់ សុខលី ជា​ម្ចាស់​ហាង​បាន​រៀបចំ​ជា​របៀប​សាឡុង​ពណ៌​ស្រាល​ស្រទន់ រួម​ទាំង​តុ ឈើ និង​កៅអី​ដ៏​ទាន់​សម័យ។

កន្លែង​អង្គុយ​ធំ​ទូលាយ មាន ២ ជាន់​សម្រាប់​អតិថិជន ដែល​ចង់​មក​ញ៉ាំ និង​ថតរូប​ឃ្យូតៗ​ទុក​ជា​អនុស្សាវរីយ៍ និង​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម។

ការ​ប្រើប្រាស់​អំពូល​ទម្រង់​មូល និង​ស្ថិត​ក្នុង​កង​មួយ ក៏​ជា​ការ​បំភ្លឺ និង​លម្អ​ដ៏​ទាក់​ភ្នែក។ ក្រៅ​ពី​នេះ​នៅ​មាន​ទាំង​រូបភាព​ម្ហូប គួរ​ឱ្យ​ទាក់ទាញ​ដាក់​ព្យួរ​តាម​ជញ្ជាំង​យ៉ាង​ស្រស់ស្អាត​ទៀត​ផង។

អ្នកស្រី សុខលី ដែល​ពី​ដំបូង​ឡើយ​ជា​អ្នក​បោះ​ដុំ​គ្រឿង​ក្រអូប និង​មិន​ធ្លាប់​គិត​ថា ​មក​បើក​ហាង​ភេសជ្ជៈ​បាន​រៀបរាប់​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពី​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​អ្នកស្រី​សម្រេច​ចិត្ត​មក​បើកហាង​ថា៖ «អំឡុង​ពេល​កូវីដ ការងារ​បង ដែល​នាំចេញ​នាំចូល​គ្រឿង​ក្រអូប​ពី​បរទេស​មិន​សូវ​ដំណើរការ។ បង​ក៏​នឹក​ឃើញ​ថា បង​មាន​ចំណេះដឹង​ស្រាប់​ទៅ​លើ​ផ្នែក​ម្ហូប និង​ភេសជ្ជៈ​នេះ ទើប​សម្រេច​ចិត្ត​បើក​ហាង​តូច​ល្មម​សាកល្បង​នៅ​ម្ដុំ​បឹង​កេងកង ហើយ​វា​ក៏​ទទួល​បាន​ជោគជ័យ ជា​លទ្ធផល​បង​ក៏​បាន​បើក​សាខា​ទី២ នៅ​ទួល​ទំពូង»។

Content image - Phnom Penh Post
បង្អែម​ឈីស​កូនជ្រូក និង​គជ់​ដែល​សុទ្ធសឹង​តែ​ធ្វើ​ពី​ដំឡូង និង​មើម​ប្លុង មានរសជាតិ​ឆ្ងាញ់ ហើយ​ញ៉ាំ​មិន​រងាន់។ ហេង ជីវ័ន

អ្នកស្រី​បាន​រៀបរាប់​ពី​ភាព​ពិសេស​របស់​ហាង ដែល​សាខា​ទី២ ទើប​តែ​បើក​កាលពី​ថ្ងៃទី ២៥ ខែ​មករា កន្លង​ទៅ​នេះ​ថា៖ «ភាព​ពិសេស​របស់​ហាង​បង ​គឺ​ជា​ភាព​ប្លែក​នូវ​អ្វី​ដែល​បង​ដាក់​បម្រើ​នៅ​ទីនេះ។ បង​ចង់​ទាមទារ​ចំណាប់​អារម្មណ៍ អ៊ីចឹង​បង​ប្រឹង​ច្នៃប្រឌិត​ឱ្យ​ខុស​ពី​គេ អាច​និយាយ​បាន​ថា របស់​ដែល​លក់​ក្នុង​ហាង​បង​ភាគ​ច្រើន​រក​មិន​បាន​នៅ​ហាង​ដទៃ​ទេ»។

អ្នកស្រី​បន្ត​ថា៖ «ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បង​ប្រឹង​គិត​អាប់ដេត (update) ថ្មីៗ​ហើយ​ធ្វើ​យ៉ាង​ណា​មិន​ឱ្យ​ជាន់​គេ ព្រោះ​បង​ចង់​បោះ​ជំហាន​ទៅ​ឆ្ងាយ​ជាង​ហ្នឹង​មាន​គេ​ស្គាល់​បន្ថែម​ទៀត»។

ពិពណ៌នា​មក​ដល់​ចំណុច​នេះ​បងស្រី​ក៏​បាន​រៀបរាប់​ពី​មុខ​ម្ហូប​មួយ​ចំនួន​ដែល​សុទ្ធតែ​សម្រិតសម្រាំង និង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន ដូចជា សម្រាប់​ភេសជ្ជៈ​គឺ តែ​ផ្លែឈើ​ទឹកឃ្មុំ។

ឆ្លង​តាម​ការ​សិក្សា អ្នកស្រី​បាន​ប្រើ​ទឹកឃ្មុំ​ធម្មជាតិ​ជំនួស​ការ​ប្រើប្រាស់​ស្ករ ដែល​វា​មិន​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សុខភាព ឬ​ការ​ឡើង​ទម្ងន់​នោះ​ទេ។

ពេល​ទទួល​ទាន ភ្ញៀវ​ទទួល​បាន​ទាំង​រសជាតិ​ស្រស់​ពី​ផ្លែ​ឈើ និង​ភាព​ផ្អែម​ពី​ធម្មជាតិ។ អ្នក​ដែល​ចង់​បាន​ផ្អែម ​គឺ​អាច​ញ៉ាំ​ជាមួយ​ទឹកឃ្មុំ សាច់​ឃ្មុំ ដែល​ដាក់​នៅ​លើ​ចាន​មួយ​ផ្សេង​ទៀត។

មួយ​វិញ​ទៀត ​គឺ​កាហ្វេ​ខ្ទិះ ទឹកឃ្មុំ នៅ​លើ​ថាស មាន​កាហ្វេ ខ្ទិះ និង ទឹកឃ្មុំ ទឹកកក ដោយ​ពេល​ទទួល​ទាន​គេ​អាច​ចាក់​ចូល​គ្នា និង​ដាក់​ភាព​ផ្អែម​តាម​ចំណង់​ចំណូលចិត្ត។ ខ្ទិះ​ត្រូវ​បាន​ប្រើ​ជំនួស​ទឹក​ដោះគោ ដើម្បី​ផ្ដល់​នូវ​រសជាតិ​ឆ្ងាញ់​ប្លែក​មួយ​បែប​ទៀត។

បង្អែម ​គឺ​មាន​បង្អែម អូន អ៊ូក គ្រឿង​ផ្សំ​គឺ​ពី​ហាង​ផ្ទាល់​ទាំង​អស់​រួម​មាន ឈីស​រូប​កូន​ជ្រូក និង​គជ់​ពណ៌​ស្វាយ ពណ៌​បៃតង ច្នៃ​ធ្វើ​ពី​ដំឡូង និង​មើម​ប្លុង។

សម្រាប់​អាហារ​សម្រន់​វិញ​មាន ២ មុខ​គឺ មីគោក​អំបិស​ម្ទេស ដែល​មាន​ទាំង​មី​លាយ​គ្រឿង បង្គា មឹក ពង​ទា និង​ត្រកួន រួម​ទាំង​ទឹក​ស៊ុប​មួយ​ចាន​ខាង​ក្រៅ។

រីឯ​ប្រហិត​លីងពោត ដែល​ពេញ​និយម​ខ្លាំង​សម្រាប់​យុវវ័យ​មាន​ជម្រើស​ឈុត​តូច និង​ធំ មាន​ខ្នាត​រង្វាល់​ត្រឹមត្រូវ។ ប្រភេទ​ប្រហិត​អាច​រើស​បាន ហើយ​រូបមន្ត គឺ​អ្នកស្រី​មាន​ឆា​លាយ​ជាមួយ​បង្គា ពោត ពោត​បារាំង និង​ត្រសក់ បង្កើត​បាន​រសជាតិ​ឆ្ងាញ់​ប្លែក​ជាមួយ​ទឹក​ជ្រលក់។

Content image - Phnom Penh Post
ហាង​​មានការ​តុបតែង​រចនា​ស្អាត និង​អំណោយ​ផល​ដល់់ការ​ថត​រូបស​្អាត​ៗ​​គ្រប់ជ្រុង​​។ ហេង ជីវ័ន

តម្លៃ​អាហារ បង្អែម និង​ភេសជ្ជៈ នៅ​ហាង អូន អ៊ូក គឺ​ចន្លោះ​ពី ២ ទៅ ១០ ដុល្លារ។

ឆ្លើយ​តប​តាម​តម្រូវ​ចិត្ត​ភ្ញៀវ អ្នកស្រី​ជា​ម្ចាស់​ហាង​តែង​ស្នើ​ឱ្យ​បុគ្គលិក​សូម​មតិយោបល់​ពី​ភ្ញៀវ ដើម្បី​ធ្វើ​ការ​កែលម្អ។

អ្នកស្រី​បាន​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា សព្វ​ថ្ងៃ​បុគ្គលិក​ខ្ញុំ​នៅ​មាន​ភាព​យឹតយ៉ាវ​បន្តិច ខ្ញុំ​សូម​អធ្យាស្រ័យ​ផង។ តែ​ខ្ញុំ​នឹង​បណ្ដុះបណ្ដាល​គាត់​បន្ថែម​ព្រោះ​ពួក​គាត់​នៅ​ថ្មី​សម្រាប់​សាខា​ថ្មី​នេះ។ មួយ​វិញ​ទៀត​ខ្ញុំ​ក៏​ចង់​អរគុណ​ដល់​អ្នក​គាំទ្រ​ហាង អូន អ៊ូក ទាំង​អស់ ហើយ​យើង​នឹង​រក​អ្វី​ថ្មី​ប្លែក​ដាក់​បម្រើ​ថែម​ទៀត»។

ហាង អូន អ៊ូក បើក​ជា​រៀងរាល់​ថ្ងៃ​ពី​ម៉ោង ៨ ព្រឹក​ដល់​ម៉ោង ១០ យប់ និង​ស្ថិត​នៅផ្ទះ​លេខ ១៤៦ ផ្លូវ ១៥៥ ខាងកើត​ផ្សារ​ទួល​ទំពូង និង​អាច​កម្ម៉ង់​បាន​តាម Food panda និង Nham 24។ អាច​ទាក់ទង​តាម​ទូរស័ព្ទ ០១០ ៤៧ ១៧ ០៧ និង ០១២ ៥៨ ៥៨ ៤៥៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍