ក្រុង​ស៊ីដនី៖ ភីហ្សា និង​ស្រាបៀរ​ ត្រូវ​បាន​ប្រើ​យន្តហោះ​ដឹក​ទៅ​កាន់​តំបន់ Outback ដាច់​ស្រយាល​​ខ្សត់​មនុស្ស​រស់​នៅ​នៃ​ប្រទេស ​អូស្ត្រាលី ក្នុង​បំណង​ផ្ដល់​ «ក្ដី​សុខ​តិចៗ» ដល់​​​ពលរដ្ឋ​ ដែល​រស់នៅ​​​​ឯកា​ ខណៈ​មាន​ការ​​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ដោយសារ​តែ​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា។

សណ្ឋាគារ​ Dunmarra Wayside Inn ដែល​ជា​ទូទៅ​ធ្លាប់​តែ​​មមាញឹក​​​នឹង​​​ភ្ញៀវ​កុះករ​​មក​ទទួល​ទាន​អាហារ ​នៅ​តំបន់​​ភាគ​​ខាង​ជើង​អូស្ត្រាលី បាន​ប្រើប្រាស់​យន្ត​ហោះ​ខ្នាត​តូច​​សាកល្បង ដោយ​សង្ឃឹម​ថា​​នឹង​បន្ត​ហោះហើរ​រៀង​រាល់​សប្ដាហ៍ សម្រាប់​ចែកចាយ​ការ​កុម្ម៉ង់​អាហារ និង​ភេសជ្ជៈ​នៅ​ទី​ដាច់​ស្រយាល។

លោក Ben Anderson អ្នក​​គ្រប់គ្រង​សណ្ឋាគារ និង​ជា​ចុងភៅ​ចម្អិន​ភីហ្សា​បាន​ប្រាប់ AFP ថា៖ «ស្ថានីយ​ដែល​យើង​នឹង​​បញ្ជូន​ម្ហូបអាហារ​ទៅ​នោះ ពួក​គេ​ពិត​ជាពេញ​ចិត្ត​ពេញ​ថ្លើម​នឹង​សេវាកម្ម​នេះ​ណាស់ ហើយ​ពួក​គេ​​ញ៉ាំ​​ទាំង​ពេល​ល្ងាច និង​ទុក​ស្អែក​សម្រាប់​ញ៉ាំ​ពេល​ព្រឹក​ទៀត»។

រូបតំណាង: Dunmarra Wayside Inn មាន​សេវា​ដឹកជញ្ជូន​ភីហ្សា​តាម​យន្តហោះ​ខ្នាត​តូច​​។ រូបថត AFP

លោក​​បាន​ព្យាយាម​លាក់​បាំង​សេវាកម្ម​​ដឹក​ជញ្ជូន​តាម​យន្តហោះ​នេះ​រហូត​ដល់​មាន​​កាល​វិភាគ​ជាក់​លាក់។

លោក​ អេនឌើរសិន បាន​បន្ត​ទៀត​ថា៖ «យើង​បាន​ដាក់​ឡ​ដុត​ភីហ្សា​ខ្នាត​ធំ ដែល​យើង​ខំ​រក្សា​វា​ជា​អាថ៌​កំបាំង»។

ប៉ុន្តែ​​ព័ត៌មាន​នេះ​លាក់​មិន​ជិត ដោយសារ​តែ​មាន​អ្នក​សារព័ត៌មាន​ជា​ច្រើន​បាន​លេច​ឮ​ពី​ការ​ប្រើប្រាស់​យន្តហោះ​​ខ្នាត​តូច​ដឹក​ភីហ្សា និង​ស្រាបៀរ​​ទៅ​ឲ្យ​ប្រជាជន​នៅ​តំបន់ outback (តំបន់​ដាច់​ស្រយាល​​ខ្សត់​មនុស្ស​រស់នៅ ឯ​ប្រទេស ​អូស្ត្រាលី)។

លោក​បន្ត​ថា៖ «ស្ថានីយ​វិទ្យុ​មួយ​បាន​ទូរស័ព្ទ​មក​ស្នើ​សុំ​ឲ្យ​យើង​ដឹក​​អាហារ​កាន់​ស្ទូឌីយោ​​នៅ​​ទីក្រុង​ភើត ដែល​មាន​ចម្ងាយ​​ដល់​ទៅ ៣ ០០០ គីឡូម៉ែត្រ​ពី​ហាង​របស់​យើង»។

លោក​បញ្ជាក់​ថា៖ «វា​លើស​សមត្ថភាព​ហើយ ពេល​នេះ​យើង​​​ត្រឹម​តែ​អាច​ដាក់​គម្រោង​ហោះហើរ​ទៅ​កាន់​គោល​ដៅ​ចម្ងាយ​​ក្នុង​រង្វង់ ១០០​ គីឡូម៉ែត្រ​ប៉ុណ្ណោះ»៕ AFP