ភ្នំពេញ: ភោជនីយដ្ឋាន The Hut នៅ​សៀមរាប​បាន​ធ្លាប់​បង្ហាញ​ពី​ទីកន្លែង​បែប​ធម្មជាតិ និង​មាន់​ស្រែ​ដុត​ចំបើង​ល្បី​របស់​ខ្លួន​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​រួច​ម្តង​ហើយ ឥឡូវ​នេះ​ខាង​ម្ចាស់​ហាង​បាន​បង្ហាញ ណែម ធ្វើ​ពី​ស្លឹក​តើយ​រុំ​ជាមួយ​បន្លែ ជ្រលក់​ទឹកត្រី​ផ្អែម។

អ្នកស្រី ហៀប រតនា​ម្ចាស់​ភោជនីយដ្ឋាន The Hut បាន​និយាយ​ថា៖ «ដោយសារ​តែ​នៅ​ទីនេះ​សម្បូរ​ស្លឹក​តើយ​ស្រាប់​អ៊ីចឹង​ខ្ញុំ​ក៏​គិត​ថា​បើសិន​ជា​យើង​ច្នៃ​ស្លឹក​តើយ​នេះ​មក​ធ្វើជា​ម្ហូប​ប្រហែល​ជា​ល្អ និង​ប្លែក​ម្យ៉ាង ទើប​ខ្ញុំ​សម្រេច​ចិត្ត​យក​ស្លឹក​តើយ​កិន​ជា​ទឹក​ធ្វើ​សម្បក​ណែម​តែ​ម្តង​ទៅ ដោយ​រុំ​ជាមួយ​បន្លែ​ជ្រលក់​ទឹកត្រី ល្អ​សម្រាប់​អ្នក​ដែរ​មិន​ចង់​ញុំា​សាច់ ឬក៏​មិន​ចង់​ឡើង​ទម្ងន់ ដោយសារ​តែ​ណែម​នេះ​គ្មាន​ជាតិ​ធាត់​នោះ​ទេ ណាមួយ​សុទ្ធ​តែ​បន្លែ​ធម្មជាតិ​ទាំង​អស់»។

ម្ហូប​ទាំងអស់​នៅទីនេះ​គឺ​មិន​មាន​ការ​លួច​ចម្លង​ពី​គេ​ឡើយ ដោយ​ម្ចាស់​ហាង​អះអាង​ថា៖ «ខ្ញុំ​ជឿជាក់​ទៅ​លើ​ស្នាដៃ​ប្រឹង​ប្រែង​ស្វែងរក​អ្វី​ថ្មី​ដោយ​ខ្លួនឯង​ដោយ​មិន​ចាំបាច់​ទៅ​លួច​ចម្លង​ពី​គេ​នោះ​ទេ ដូចជា​ក្នុង​កន្លែង​របស់​ខ្ញុំ​មាន​ណែម​ធ្វើ​ពី​ស្លឹក​តើយ​រុំ​ជាមួយ​នឹង​បន្លែ​ជ្រលក់​ទឹកត្រី រសជាតិ​ឆ្ងាញ់​ប្លែក​មាត់ ដែល​ហាង​ដទៃ​មិន​មាន»។

ម្ហូប​នៅ The Hut មានតម្លៃ ចាប់​ពី ១ ម៉ឺន ទៅ​ដល់ ៥ ម៉ឺន​រៀល។ ភោជនីយដ្ឋាន The Hut មាន​អាសយដ្ឋាន ស្ថិត​នៅ​ជិត​ប្រាសាទ បាគង​ទល់​មុខ​ផ្លូវ​ទៅ​កំពង់​ភ្លុក។

ព័ត៌មាន​លម្អិត សូម​ទាក់ទង​ទូរស័ព្ទ​លេខ ០១២ ៩២៦ ៣៩១៕