ភ្នំពេញៈ ចាន​តូចៗ​ល្មម​ត្រូវ​បាន​តម្រៀប​ជា​ជួរ​នៅ​លើ​តុ​វែង ជាមួយ​បរិមាណ​គុយទាវ​ប្រមាណ ២០ ​ក្រាម​ស្រុស​ក្នុង​ទឹក​ស៊ុប​រម្ងាស់​ជាង ១ ​ម៉ោង​កន្លះ​បន្ថែម​ដោយ​សណ្តែកបណ្តុះ ត្រកួន ទឹកត្រី ខ្លាញ់ សាច់ ប្រហិត ខ្ទឹមលីង ដើម្បី​បង្កើន​ក្លិន​ឈ្ងុយ​គួរ​ឲ្យ​ចង់​ទទួលទាន​។

នេះ​ជា​គុយទាវ​ទូក​រសជាតិ​ដើម​បើក​ថ្មី​ជាមួយ​តម្លៃ​កាន់តែ​ធូរ​ជាង​មុន និង​បរិមាណ​ច្រើន​ជាង​មុន ២០០០ ​រៀល​ក្នុង​ ១ ​ចាន​។

ស្ថិត​នៅលើ​ដង​វិថី​មុនីរ៉េត ក្បែរ​ផ្សារ​ទំនើប​ស្ទឹងមានជ័យ​ថ្មី ហាង​គុយទាវ​ទូក ហុយហុយ ដែល​ទើប​តែ​បើក​ដំណើរការ​បាន​រយៈពេល​ជិត​ ១ ​ខែ​មាន​ភ្ញៀវ​មក​គាំទ្រ​ជាច្រើន​តាំងពី​ម៉ោង ១ ​រសៀល​​រហូត​ដល់​បិទ​ហាង​នៅ​ម៉ោង ៩ និង ៣០ ​នាទី​យប់​។

គុយទាវ​ទូក​មាន​ជម្រើស​សាច់ជ្រូក និង​សាច់គោ ១ ​ចាន​តែ ២០០០ ​រៀល​។ រូបថត ហ្វេសប៊ុក

លោក ជា ហ្វឹកលួង វ័យ ២៧ ឆ្នាំ​ជា​ម្ចាស់​ហាង​គុយទាវ​ទូក ហុយហុយ បាន​បរិយាយ​ពី​មូលហេតុ​ដែល​សម្រេចចិត្ត​បើកហាង​គុយទាវ​ទូក​នេះ​ឡើង​មក​ថា​៖ «​គោលបំណង​របស់​ខ្ញុំ​គឺ​ចង់​រំឭក​ពី​គុយទាវ​ទូក​ចាន​តូច​ដែល​ធ្លាប់​មាន​ពីមុន ហើយ​ខ្ញុំ​ក៏​ធ្លាប់​ឃើញ​មាន​គេ​បើកហាង​គុយទាវ​ទូក​ចាន​តូចៗ​នេះដែរ ប៉ុន្តែ​វា​បាន​បរាជ័យ​។ អ៊ីចឹង​ខ្ញុំ​ក៏​ចង់​បើក​វា​ឡើង​មក​វិញ​»​។

ហាង​គុយទាវ​ទូក ហុយហុយ ដែល​រចនា​នូវ​រូប​គំនូរ​សម្រស់​ធម្មជាតិ​មាន​សត្វ​ដាយណូស័រ​ដ៏រស់រវើក​លើ​ផ្ទៃ​ជញ្ជាំង​មាន​លក់​គុយទាវ​ទូក ២ ​រសជាតិ គឺ​សាច់ជ្រូក និង​សាច់គោ ដែល​ច្នៃ​រូបមន្ត​នៃ​ទឹកស៊ុប​ខ្លួនឯង​តម្លៃ​ត្រឹមតែ ២០០០ ​រៀល និង​ប្រភេទ​មីហឹរ​តម្លៃ​ត្រឹម ៦០០០ ​រៀល​។

ម្ចាស់​ហាង​លោក ជា ហ្វឹកលួង ក៏​បាន​ធានា​ពី​គុណភាព​បន្លែ និង​សាច់​ថា គ្មាន​ជាតិគីមី​ដោយ​មិន​បាន​ដើរ​ទិញ​នៅ​តាម​ទីផ្សារ​នោះទេ​។ បន្លែ​ដែល​ប្រើប្រាស់​នៅក្នុង​ហាង​បាន​នាំចូល​មកពី​ចម្ការ​នៅ​ស្រុក​ស្អាង​ផ្ទាល់​។ រីឯ​សាច់​យក​មកពី​កសិដ្ឋាន​ផ្ទាល់​ផង​ដែរ​។

គុយទាវ​ទូក ហុយហុយ ទើប​តែ​បើក​ដំណើរការ​បាន​ប្រមាណ​ជិត ១ ​ខែ​។ រូបថត ហ្វេសប៊ុក

លោក ជា ហ្វឹកលួង ក៏​បាន​រៀបរាប់​ពី​ប្រវត្តិ​ផ្ទាល់ខ្លួន​ខ្លះៗ​ក្នុង​ការសិក្សា​ដូច្នេះ​ដែរ​ថា​៖ «​ពី​មុន​ខ្ញុំ​ជា​និស្សិត​ឆ្នាំ​ទី​ ២ ផ្នែក​គ្រប់គ្រង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ដោយសារ​តែ​ខ្ញុំ​ចង់​មាន​អាជីវកម្ម​ខ្លួនឯង ហើយ​ណា​មួយ​ខ្ញុំ​បាន​ស្គាល់​ខាង​ចុងភៅ​ស្រាប់ អ៊ីចឹង​ខ្ញុំ​ក៏​ឈប់រៀន​ហើយ​មក​បើក​អាជីវកម្ម​ខ្លួនឯង​តែម្តង​ដែល​ដំបូង​ខ្ញុំ​លក់​ស៊ុប​បាន ២ ​ឆ្នាំ​ហើយ​»​។

ក្នុង​ ១ ​ថ្ងៃ​ហាង​គុយទាវ​ទូក ហុយហុយ មាន​ភ្ញៀវ​មក​គាំទ្រ​បាន​ចំនួន​ជាង ១០០ ​តុ​។

សម្រាប់​ភ្ញៀវ​ញ៉ាំ​ច្រើន​អាច​ទទួលទាន​ពី ៣ ទៅ ៤ ​ចាន តែ​បើសិន​ជា​ភ្ញៀវ​ញ៉ាំ​តិច​អាច​ទទួលទាន​បាន​ត្រឹម ២ ​ចាន​។

ម្ចាស់​ហាង​គុយទាវ​ទូក ហុយហុយ ក៏​បាន​បញ្ជាក់​ផងដែរ​ថា​៖ «​គោលបំណង​របស់​ខ្ញុំ​ក្នុង​ការបើកហាង​គុយទាវ​ទូក​នេះ​គឺ​ចង់​ឲ្យ​ភ្ញៀវ​បាន​ទទួល​នូវ​តម្លៃ​មួយ​ដែល​សមរម្យ ទោះបី​គាត់​ចង់​មក​ញ៉ាំ​តែ​ ១ ​ចាន​ក៏​បាន ហើយ​ជាពិសេស​នោះ​គឺ​គុណភាព និង​អនាម័យ​ខ្ពស់ ទោះបី​ជា​គុយទាវ​ទូក​មិន​ថ្លៃ​ពិតមែន តែ​យើង​បាន​ធ្វើ​វា​មក​ដោយ​គិត​ពី​សុខភាព​ភ្ញៀវ​ជា​ចម្បង​»៕