ភ្នំពេញ៖ ហាក់​ដូច​ជា​ទូ​វេទមន្ត​​ក្នុង​រឿង​បរទេស​ Narnia ដែល​ក្មេងស្រី​ចូល​ទូ​របស់​នាង​ហើយ​​​កាយ​ខោអាវ​ចេញ​នាង​ក៏​ស្រាប់​តែ​ចូល​ទៅ​ទឹក​ដី​ថ្មី​ផ្សេង​។ ទិដ្ឋភាព​​ក្នុង​រឿង​នេះ​ហាក់​ធ្វើ​ឱ្យ​អ្នក​​មាន​​អារម្មណ៍​ដូចគ្នា​ពេល​បាន​​បោះ​ជំហាន​​​​ចូល​មក​សួន​ឧត្តម​។

នៅ​ទីក្រុង​ដ៏​​​អ៊ូអរ​​ណែន​ណាន់​តាន់តាប់​ដោយ​​យានយន្ត​ម៉ាស៊ីន​ក្ដៅ​ងំ​បំភាយ​​ផ្សែង​ហុយ​សួន​ឧត្តម ​បីដូច​​ជា​ឧទ្យាន​​លាក់​ខ្លួន​ដ៏​អាថ៌​កំបាំង​​។

ស្ថិត​​នៅ​ចំហៀង​ផ្លូវ​តែ​បន្តិច​ សួន​ឧត្តម​ដ៏​ស្ងប់ស្ងាត់​​មាន​បរិយាកាស​ត្រជាក់​ក្រោម​ម្លប់​ឈើ​បៃតង​​ត្រឈឹងត្រឈៃ​ខុស​ប្លែក​គ្នា​ដូច​មេឃ​នឹង​ដី​ពី​វិថី​ដ៏​កក​ស្ទះ​នៃ​រាជធានី​ភ្នំពេញ​។

វា​ជា​កន្លែង​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​អ្នក​ទីក្រុង​មក​ញ៉ាំ​អាហារ​ ក្រេប​ភេសជ្ជៈ ស្រាបៀរ​ ស្រូប​ខ្យល់​អាកាស​​ និង​ជាពិសេស​អ្នក​មាន​​សត្វ​ចិញ្ចឹម​។

នៅ​ក្នុង​សួន​មាន​របង​ព័ទ្ធ​មួយ​ ដែល​អាច​លែង​សម្លាញ់​ជើង ​៤ ​រត់​លេង ​​ខណៈ​​ម្ចាស់​វា​​ក៏​អាច​ដើរ​លម្ហែកាយ​។

បង្កើត​ឡើង​ក្នុង​គោល​បំណង​​ល្អៗ​ជា​​ច្រើន​​ សួន​ឧត្តម​ស្វាគមន៍​​​ភ្ញៀវ​លក្ខណៈ​​គ្រួសារ​មាន​កូន​តូចៗ ភ្ញៀវ​ត្រូវ​​​​ការ​ទីធ្លា​ហាត់​ប្រាណ ភ្ញៀវ​មក​អាន​​សៀវភៅ​ និង​ភ្ញៀវ​ចង់​ដឹក​​សត្វ​ចិញ្ចឹម​ ឬ​លែង​វា​ឱ្យ​រត់​លេង​យ៉ាង​សេរី​​ ដោយ​គ្មាន​​គិត​សេវាកម្ម​អ្វី​ឡើយ​។​

លោក ស្វេន អេតឡឺ (Sven Adler) ដែល​ជា​ប្រធាន​គម្រោង​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ Urban Living Solution (ULS) បាន​រៀបរាប់​ពី​​​​ប្រវត្តិ​ខ្លី​របស់​សួន​ឧត្តម​យ៉ាង​ដូច្នេះ​​ថា៖ «យើង​បាន​សហការ​ជាមួយ​ម្ចាស់​ដី​មាន​​​គម្រោង​អភិវឌ្ឍ​ទី​នេះ​ តែ​ពេល​យើង​​បាន​មក​មើល​ឃើញ​ដើម​ឈើ​ធំៗ​​ផ្ដល់​នូវ​ម្លប់​ត្រជាក់​រហឹម​ ខ្យល់​អាកាស​​ល្អ​បរិសុទ្ធ​ យើង​គិត​ថា​ វា​នឹង​ជា​អាសាបង់​ឥត​បាន​ការ ​បើ​យើង​យក​​ត្រាក់ទ័រ​មក​គាស់​កកាយ​វា​ ដោយ​មិន​បាន​ប្រើ​ប្រយោជន៍​ពី​វា​អ្វី​សោះ»​។

ភ្ញៀវ​​​ញ៉ាំ​​អាហារ​សម្រន់​ក្នុងបរិយាកាស​ស្រស់ស្រាយ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

សួន​ឧត្តម​ក៏​បាន​កកើត​ឡើង​ ដើម្បី​បង្ហាញ​ និង​អនុញ្ញាត​ឱ្យ​សាធារណជន​មក​​លេង​កម្សាន្ត​​បាន​ ហើយ​វា​ក៏​ដូចជា​ការ​ផ្សព្វផ្សាយ​គម្រោង​របស់​លោក​ផង​ដែរ​ មុន​​នឹង​លោក​សម្រេច​ធ្វើ​ការ​សាងសង់​នៅ​ខែ​មេសា​ឆ្នាំ​ក្រោយ​។

លោក​បាន​បន្ត​ទៀត​​ថា៖ «​យើង​ក៏​បាន​អភិវឌ្ឍ​វា​ខ្លះ​តាម​ដែល​អាច​ធ្វើ​បាន​ ព្រោះ​បើ​វា​គ្រាន់​តែ​ជា​កន្លែង​ទូលាយ​មាន​តែ​ដើម​ឈើ​មិន​មាន​អ្វី​សោះ ​ភ្ញៀវ​ដើរ​ចូល​ហើយ​ក៏​ចេញ​វិញ។ ពេល​នោះ​ហើយ​ដែល​អាហារដ្ឋាន​ Botanico​ លេច​ឡើង»​។​

លោក ហ្គ្រេក ប៊េសស្យឺ (Greg Beshers) ជា​ម្ចាស់ហាង​ដែល​មាន​បទពិសោធ​​ជា​ច្រើន​ឆ្នាំ​ផង​ដែរ​ នៅ​ហាង​បាន​បន្ថែម​ពី​លើ​នោះ​ថា​៖ «ថ្ងៃ​ទី ១​ ខែ​សីហា ​ជា​ថ្ងៃ​ដែល​សួនឧត្ដម ​និង​ហាង​បាន​បើក​។ យើង​បើក​ដំណាល​​គ្នា ​ដើម្បី​ឱ្យ​​ពេល​ភ្ញៀវ​គាត់​មក​ គាត់​អាច​មក​សម្រាក​កម្សាន្ត​ ​ហើយ​ក៏​អាច​រក​អ្វី​ហូប​បាន​ដូចគ្នា​ ហើយ​បើ​គាត់​មាន​សត្វ​ចិញ្ចឹម​ដូចជា​ឆ្កែ​អី​គាត់​អាច​យក​មក​បាន​ ដាក់​លេង​ក្នុង​ទ្រុង​ ឬ​លែង​វា​ឱ្យ​​រត់​លេង​យ៉ាង​​សេរី​»។

លោក​បាន​​បញ្ជាក់​​ពី​មុខ​ម្ហូប​ដែល​លោក​បាន​ដាក់​បម្រើ​នៅ​ទីនេះ​ថា​ មិនសូវ​មាន​មុខ​ម្ហូប​ច្រើន​មុខ​​ដូច​ហាង​របស់​លោក​នៅ​ផ្លូវ​ ២៩​ ជិត​វិមាន​ឯករាជ្យ​ទេ​។ នៅ​ទីនេះ​មាន​ភាគ​ច្រើន​ជា​ម្ហូប​ញ៉ាំ​លេង ​ដូចជា​ សាំងវិច​ ប៊ឺហ្គឺរ ​តែ​​ដោយ​មាន​ការ​ចូលរួម​ពី​ ULS ក៏​មាន​ការ​​រៀបំ​កម្មវិធី​ម្ហូប​ជាមួយ​នឹង​​តន្ត្រី​ ដែល​ធ្វើ​ឱ្យ​លោក​បាន​ព្យាយាម​​ទាញ​យក​ម្ហូប​ថ្មីៗ។

ម្ហូប​ដែល​លោក​អះអាង​ថា ​មាន​ការ​ពេញ​និយម​ច្រើន​គឺ​ សាំងវិច​ ៧ ដុល្លារ (Club Sandwich) ប៊ឺហ្គឺរ ៧,៧៥ ​ដុល្លារ (Mini Burger) និង នំបុ័ង​ទឹក​ជ្រលក់​មាន​សណ្ដែក​ដី​ និង​ខ្ទឹម (Hummus) ​៥ ​ដុល្លា​រ។

សួនឧត្តម និង Botanico បើក​ដំណាល​គ្នា​តាំងពី​ដើមខែ​សីហា។ហុង មិនា

សម្រាប់​កម្មវិធី​នានា ​សួនឧត្តម​មាន​សកម្មភាព​​​ប្លែកៗ​ជា​ច្រើន​ទៀត​ដែល​​ភ្ញៀវ​អាច​ទទួល​ដំណឹង​ពី​​គេហទំព័រ​ហ្វេសប៊ុក​របស់​សួន​ឧត្តម​ និង​ហាង​ Botanico​។ ជា​រៀងរាល់​ខែ​ សួន​ឧត្តម​តែង​ធ្វើ​កម្មវិធី​ទីផ្សារ​កសិករ​ ដែល​កម្មវិធី​នេះ​មាន​ការ​ដាក់​លក់​ផលិតផល​ក្នុង​ស្រុក​ និង​បន្លែ​សាច់​ធម្មជាតិ​​ស្រស់ៗ​ផង​ដែរ​។​

លោក ​ស្វេន​ និង​ ហ្គ្រេក​ បាន​ផ្ដាំ​ផ្ញើ​ដល់​ភ្ញៀវ​ទាំង​អស់​ថា ​ឱ្យ​ត្រៀម​ខ្លួន​សម្រាប់​កម្មវិធី​ក្រោយៗ​ជានិច្ច​ ព្រោះ​នៅ​ទីនេះ​សឹង​តែ​រាល់​អាទិត្យ​ ដែល​តែង​មាន​កម្មវិធី​សប្បាយៗ​ និង​ប្លែកៗ​​នៅ​លើ​ឆាក​តន្ត្រី​សួន​ឧត្ដម​។

លោក ស្វេន​ បាន​បន្ថែម​ថា​៖ «សួន​បើក​សម្រាប់​គ្រប់​គ្នា​ ដូច្នេះ​អ្នក​ដែល​ចង់​មក​កម្សាន្ត​​ចង់​មក​ចូលរួម ​គឺ​យើង​ស្វាគមន៍​គ្រប់​គ្នា​មិន​តម្រូវ​ឱ្យ​បង់​សេវា​អ្វី​ទេ​ ហើយ​យើង​ក៏​មាន​គម្រោង​ដាក់​កន្ទេល​ពិកនិក​នៅ​សួន​ផង​ដែរ​»។

ទំហំ​​ផ្ទៃដី ​៤ ០០០ ​​ម៉ែត្រ​ការ៉េ​នេះ ​នឹង​មាន​ការ​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់​ តែ​ពេល​នេះ​សួន​នឹង​ត្រូវ​បាន​រក្សា​ជា​​ទម្រង់​ដើម​ ដោយ​មាន​​ការ​កែកុន​តិចតួច​សម្រាប់​ទាក់ទាញ​ភ្ញៀវ​បន្ថែម​។

កន្លង​មក​ លោក ស្វេន​ បាន​ឱ្យ​ដឹង​ថា ​ភ្ញៀវ​មាន​​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ ដែល​អាច​រក​កន្លែង​បែប​នេះ​បាន​នៅ​ទីក្រុង​ភ្នំពេញ។

មាន​ទីតាំង​នៅ​ ១៥៨-១៦០ ផ្លូវ​ព្រះនរោត្ដម ទល់​មុខ​ផ្សារ​ទំនើប​ជីបម៉ុង សួនឧត្ដម​ និង​អាហារដ្ឋាន​ Botanico បើក​ជា​រៀងរាល់​ថ្ងៃ​ចាប់​ពី​ម៉ោង​ ៨ ​ព្រឹក​ដល់​ម៉ោង​ ១១ ​យប់​ពី​ថ្ងៃ​ចន្ទ​ ដល់​ថ្ងៃ​ព្រហស្បតិ៍​ និង​ ១២ ​យប់​នៅ​ថ្ងៃ​សុក្រ​ និង​សៅរ៍ និង​ត្រឹម​ ៧ ​យប់​នៅ​ថ្ងៃ​អាទិត្យ​៕

សួនឧត្តម ស្វាគមន៍ភ្ញៀវ ជាពិសេស​អ្នក​ដែល​មានសត្វ​ចិញ្ចឹម ដោយ​ឥត​គិត​ថ្លៃ​។ហុង មិនា

វីដេអូ៖