The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ឪឡឹក​ទឹកកក​ត្រជាក់​ស្រេង​មួយ ៨០០០ រៀល នៅ​ផ្សារ​រាត្រី​កុងតឺន័រ




ឪឡឹក​ទឹកកក​ត្រជាក់​ស្រេង​មួយ ៨០០០ រៀល នៅ​ផ្សារ​រាត្រី​កុងតឺន័រ

Content image - Phnom Penh Post
ឪឡឹក​ទឹកកក បន្ថែម​ទឹកស្ករ​បន្តិច សាច់ឪឡឹក និង​ចាហួយ​ដូង​​​។ កែវ រតនា

ឪឡឹក​ទឹកកក​ត្រជាក់​ស្រេង​មួយ ៨០០០ រៀល នៅ​ផ្សារ​រាត្រី​កុងតឺន័រ

ភ្នំពេញ: អាកាសធាតុ​ក្តៅ​ខ្លាំង​ត្រូវនឹង​ឪឡឹក​ទឹកកក​ត្រជាក់​ស្រេង​តែម្តង។ ស្ថិត​នៅក្នុង​ផ្សារ​រាត្រី​កុងតឺន័រ យុវជន យុវតី កំពុងតែ​ឈរ​តម្រង់​ជួរគ្នា​ចាំទិញ​ឪឡឹក​ទឹកកក ដែលជា​ភេសជ្ជៈ​ថ្មី​ទើបតែ​ចេញលក់​ជាង​មួយខែ​នេះ។

អ្នកលក់​កំលោះ​វ័យក្មេង​លោក ហ៊ឹង សុភ័ក្ត្រ ដៃ​កំពុងតែ​មមាញឹក​ក្រឡុក​ឪឡឹក​បាន​និយាយ​ថា៖ «ដោយ​សារតែ​ដើរលេង​ទៅ​ប្រទេស​គេ​ច្រើន ឃើញ​គេច្នៃ​ផ្លែ​ឪឡឹក​ទៅជា​ឪឡឹក​ទឹកកក អ៊ីចឹង​ហើយ​ខ្ញុំក៏​បែក​គំនិត​ថា នៅ​ស្រុក​ខ្មែរ​យើង​គឺមាន​ឪឡឹក​ស្រស់​ល្អ គ្មាន​ជាតិគីមី ក៏សម្រេច​ចិត្ត​ទិញ​ឪឡឹក​ក្នុងស្រុក​យកមក​ច្នៃ​បន្ថែម​ដោយ​ផ្សំ​រសជាតិ​ខ្លួនឯង ដើម្បី​ចេញជា​ឪឡឹក​ទឹកកក​នេះ​មក»។

តាម​លោក សុភ័ក្ត្រ រដូវក្តៅ​នេះគឺ​ចំខែ​ឪឡឹក​តែម្តង ធ្វើឲ្យ​រសជាតិ​ឪឡឹក​ទឹកកក​នេះ​ឆ្ងាញ់​ជាង​ខែ​ធម្មតា។ លោក​អះអាង​ទៀត​ថា៖ «ណាមួយ​រសជាតិ​ឪឡឹក​ស្រុក​យើង​គឺមាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ជាង​ស្រុក​គេ»។

លោកបាន​រៀបរាប់​ទៀតថា៖ «យើង​ប្រើតែ​ផ្លែ​ឪឡឹក​សុទ្ធ ក្រឡុក​ជាមួយ​ទឹកកក និង​បន្ថែម​ទឹក​ស្ករបន្តិច​បំផុត​ដើម្បី​រក្សា​រសជាតិ​ឪឡឹក បន្ទាប់ពី​ក្រឡុក​រួចយើង​យកមក​ធ្វើ​ជាដុំៗ​ដាក់​ចូល​ក្នុងផ្លែ​ឪឡឹក​ដែលមាន​សាច់​ឪឡឹក​ក្នុងនោះ ហើយ​ថែម​ចាហួយ​ដូង​បន្តិច​ជាការ​ស្រេច»។

ឪឡឹក​ទឹកកក​មួយ​ផ្លែ​តម្លៃ ៨ ពាន់​រៀល អាច​ញ៉ាំ​បាន​គ្នា ២ នាក់។ ទំនាក់​ទំនង​ទូរស័ព្ទ ០៩៧ ២៥២៥២៥៥៕

អត្ថបទគួរចាប់អារម្មណ៍