ភ្នំពេញៈ រូបមន្ត​ទឹកជ្រលក់​ធ្វើ​ពី​កាពិ និង​បទពិសោធ​នៃ​ការចូលចិត្ត​ដើរ​ញ៉ាំ​អាហារ​ច្រើន​កន្លែង​បាន​ធ្វើឲ្យ​យុវជន​បញ្ចប់​ខាង​ជំនាញ IT នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​លោក ទា ឆាយហេង សម្រេចចិត្ត​បើកហាង​សាច់​អាំង​មាន អនាម័យ និង​ទឹកជ្រលក់​ឆ្ងាញ់​ប្លែក​ពី​គេ​។

ការរៀបចំ​សាច់អាំង​ទៅ​តាម​ប្រភេទ​នីមួយៗ​នៅ​លើ​ចាន​ពណ៌​ខ្មៅ តម្រៀប​លើ​តុ បង្កប់​ចង្ក្រាន​ធ្យូង និង​តង្កៀប ចាប់​បន្លែ​ជាច្រើន​មុខ ត្រៀម​បំពេញ​រសជាតិ​ដោយ​ទឹក​កាពិ​ដ៏ឈ្ងុយ​។

លោក ទា ឆាយហេង ម្ចាស់​ហាង BBQ Mini សាច់​អាំង​ទឹកកាពិ​បាន​ថ្លែង​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា​៖ «​ខ្ញុំ​គិត​បច្ចុប្បន្ន​នេះ​គេ​នាំ​គ្នា​ចូលចិត្ត​ញ៉ាំ​ជា​​ប្រភេទ​សាច់អាំង​ច្រើន​។ ចំណែកឯ​​ប្រភេទ​សាច់​វិញ​យើង​អាច​ទុក​បាន ហើយ​ណា​មួយ​ហាង​ផ្សេង​ដែល​ខ្ញុំ​ធ្លាប់​បាន​ចូល​ញ៉ាំ​ភាគច្រើន​គេ​ប្រើ​ហ្គាស​សម្រាប់​អាំងសាច់​ជា​អ្វី​ដែល​ខ្ញុំ​មិន​សូវ​ចូលចិត្ត​»​។

សាច់ គ្រៅក្នុង គ្រឿង​សមុទ្រ និង​ត្រី​ច្រើន​ប្រភេទ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ម្ចាស់​ហាង​វ័យ ២៥ ​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ពី​ការប្រើ​ធ្យូង​សម្រាប់​អាំង​សាច់ និង​ប្រើ​ទឹក​កាពិ​ជា​ទឹកជ្រលក់​ថា​៖ «​ដោយសារ​ការប្រើ​ធ្យូង​វា ធ្វើឲ្យ​រសជាតិ​សាច់​អាំង​ឆ្ងាញ់ ហើយ​ឈ្ងុយ​ជាង​ការប្រើ​ហ្គាស​។ ចំណែក​ទឹក​កាពិ​វិញ​កាល​មុន​ខ្ញុំ​ធ្លាប់​ញ៉ាំ​នៅ​ហាង​គេ ហើយ​ឃើញ​ថា​មិន​មាន​ច្រើន​ទេ​»​។

សាច់អាំង​ដែល​ប្រើ​ទឹកជ្រលក់​ពី​កាពិ​នេះ​រូបមន្ត​អ្នក​ផ្ទះ​របស់​លោក ហើយ​ចំពោះ​សាច់​នៅក្នុង​ហាង​ត្រូវ​​បាន​លោក​អះអាង​ថា​សុទ្ធតែ​ជា​ប្រភេទ​សាច់​ល្អៗ និង​មាន​គុណភាព​ខ្ពស់​។

សាច់អាំង​អាច​ញ៉ាំ​ផ្ទាប់​នឹង​បន្លែ​លាយ​ជាមួយ​នំ​បញ្ចុក​ខ្ចប់​នៅក្នុង​សាឡាដ​ស្រស់ ជ្រលក់​ជាមួយ​ទឹក​កាពិ​លាយ​ម្ទេស​ស្រស់​ក្រហម និង​ក្រូច​ឆ្មារ​មាន​រសជាតិ​ហឹរ ជូរ ប្រៃ​។

BBQ Mini សាច់​អាំង​ទឹកកាពិ​មាន​លក់​ដូចជា​សាច់គោ​ជាប់​ស្បែក សាច់គោ​ជាប់​ខ្លាញ់ ក្រលៀន បេះដូង ថ្លើមគោ សាច់ជ្រូក​ ៣ ​ជាន់ មឹក​ស្រស់ មឹក​អំបិលម្ទេស ព្រុយ​ត្រី ព្រុយ​ត្រី​អំបិលម្ទេស បង្គា​ស្រស់ បង្គា​អំបិលម្ទេស ត្រី​កាម៉ុង​ត្រី​ចូក​តឹង ត្រី​បបែល ងាវ​អំបិលម្ទេស (៩ ពាន់​រៀល​) ពោះវៀន​តាន់ (១ ម៉ឺន​រៀល​) កន្សោមដោះ (១២០០០ ​រៀល​) សាច់​ពពែ (១៤០០០ ​រៀល​) ខ្យង​ចំហុយ​ពិសេស (៨ ពាន់​រៀល​)​។

ភ្ញៀវ​ដែល​មក​គាំទ្រ​នៅ BBQ Mini សាច់​អាំង​ទឹកកាពិ​មួយ​ថ្ងៃ​មាន​ចំនួន​ពី ២០០ ទៅ ៣០០ នាក់​ដោយ​ភាគច្រើន​ជា​យុវវ័យ​។

សាច់​អាំង​ទឹកកាពិ​ស្ថិត​នៅ​ខាង​ជើង​ស្តុប​ផ្សារ​ដីហុយ ២០ ម៉ែត្រ​ទូរស័ព្ទ​លេខ ០៦៩ ៣៦៣ ៦៦៦៕

វីដេអូ៖