ក្រុង​ឡុងដ៍៖ ក្រុមហ៊ុន​យក្ស​លក់​ចំណី​អាហារ​ទាន់​ចិត្ដ​អាមេរិក Burger King កាល​ពី​ថ្ងៃ​អង្គារ​បាន​ដាក់​លក់​បឺហ្គ័រ​អត់​សាច់​នៅ​តំបន់​អឺរ៉ុប​ ដោយ​រំពឹង​ថា​នឹង​ជួយ​បន្ថែម​ចំណែក​ទីផ្សារ​ច្រើន​ទៀត​។

បឺហ្គ័រ​អត់​សាច់​លើ​ប្រភេទ​ហេមបឺហ្គ័រ Whopper ត្រូវ​បាន​បន្ថែម​លើ​តារាង​មុខ​ម្ហូប​នៅ ២៥ ប្រទេស​ និង​ ២ ៥០០ ហាង ​ក្រោយ​ពី​សាកល្បង​​នៅ​សហរដ្ឋ​អាមេរិក និង​ស៊ុយអែត។

អគ្គនាយក​ក្រុមហ៊ុន លោក ដាវីដ សៀរ បាន​ប្រាប់ AFP ថា​៖ «​វា​ជា​ការ​បើក​សម្ពោធ​ចង្វាក់​ផលិតផល​ធំ​បំផុត​ពុំ​ធ្លាប់​មាន​នៅ​តំបន់​អឺរ៉ុប​។ យើង​មើល​ឃើញ​ពី​សក្ដានុពល​នា​ពេល​អនាគត​ ដែល​មនុស្ស​កំពុង​តែ​ពេញ​និយម​អាហារ​បួស​»។

ក្រុមហ៊ុន​បាន​បញ្ជាក់​ថា បឺហ្គ័រ​​អត់​សាច់​ថ្មី​គ្រោង​ដាក់​លក់​នៅ​ចក្រភព​អង់គ្លេស​នៅ​ពេល​បន្ទាប់ ទំនង​ជា​ដើម​​ឆ្នាំ​ក្រោយ​។ Burger King ដែល​ល្បី​ល្បាញ​សាច់​ចិញ្ច្រាំ​អាំង​ បាន​ឲ្យ​ដឹង​ចំពោះ​ផលិតផល​ថ្មី​របស់​ខ្លួន​ថា ពេល​នេះ​ខ្លួន​បាន​ក្លាយ​ជា​សម្ព័ន្ធ​​​ហាង​​​អាហារ​សម្រន់​ទាន់​ចិត្ដ​អឺរ៉ុប​ធំ​បំផុត​ ដែល​លក់​បឺហ្គ័រ​ស្នូល​ពី​បន្លែ​។

ផលិតផល​បន្លែ​បាន​ជំរុញ​កំណើន​ការ​លក់​បឺហ្គ័រ​បែប​ប្រពៃណី​នៅ​សហរដ្ឋ​អាមេរិក ខណៈ​វា​បាន​ទាក់ទាញ​អតិថិជន​ថ្មី​ៗ ដែល​មិន​ធ្លាប់​ចូល​ហាង​លក់​អាហារ​ទាន់​ចិត្ដ​។

JPMorgan បាន​ឲ្យ​ដឹង​ថា ទីផ្សារ​អាហារ​បន្លែ​អាច​មាន​តម្លៃ​ប្រមាណ ១០០ លាន​ដុល្លារ ​នៅ​រយៈពេល ១៥ ឆ្នាំ​ក្រោយ ដោយសារ​បញ្ហា​អាសន្ន​នៃ​បម្រែ​បម្រួល​អាកាស​ធាតុ ខណៈ​ផលិតផល​សាច់​គោ​គឺ​ជា​ដើម​ចម​បំពុល​បរិស្ថាន​ចម្បង​មួយ​។

មហាសេដ្ឋី​ចក្រភព​អង់គ្លេស Richard Branson បាន​វិនិយោគ​លើ​ក្រុមហ៊ុន Impossible Foods ខណៈ Beyond Meat ​គឺ​ជា​​ផ្នែក​មួយ​ដែល​ទទួល​ហិរញ្ញវត្ថុ​ពី​មហាសេដ្ឋី​​​ Bill Gates៕ AFP/HR