ភ្នំពេញ៖ នំប៉័ងទន់ល្មើយ ផ្ទាប់សាច់ពណ៌ក្រហមឈ្ងុយ បន្លែស្រស់ៗ សាលាដ ខ្ទឹមបារាំង ចំណិតប៉េងប៉ោះ ត្រូវបានបន្ថែមទឹកជ្រលក់ឲ្យកាន់តែឆ្ងាញ់។
បឺហ្គឺរ ដែលជាអាហារបរទេស បានបង្កើនប្រជាប្រិយភាពនៅអាស៊ី ដោយមានការកែច្នៃរសជាតិទៅតាមការនិយមរបស់ប្រទេសនីមួយៗ។
នៅហាង Burger Moon ខាងក្រោយវិទ្យាស្ថានវ៉ាន់ដាប៊ឺហ្គឺររសជាតិបែបអាស៊ី ជាមួយតម្លៃថោកសមរម្យ បានទាក់ទាញអតិថិជនខ្មែរ តាំងពីសិស្សសាលា រហូតដល់ភ្ញៀវជាលក្ខណៈគ្រួសារ មកទទួលទាន និងខ្ចប់ទៅញ៉ាំនៅគេហដ្ឋាន។
ផ្ដើមចេញពីអាជីវកម្មលក់ប៊ឺហ្គឺរលើដងវិថី រហូតរំលេចជារូបរាងហាងបានជាង ៦ ខែមកនេះ អ្នកនាង ប៊ុន លីហួង ជាម្ចាស់ហាង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «យើងបានផ្តោតទៅលើរសជាតិ និងអនាម័យជាសំខាន់ជាពិសេសគ្រឿងផ្សំទាំងអស់ ទាំងសាច់ និងនំ គឺធ្វើដោយខ្លួនឯង ថ្មីៗស្រស់ៗ ដោយទុកប្រើសម្រាប់តែមួយថ្ងៃប៉ុណ្ណោះ»។
ម្ចាស់ហាងដែលមានចំណូលចិត្តចម្អិនម្ហូបបរទេស បានកែច្នៃរូបមន្តប៊ឺហ្គឺរទៅតាមការនិយមរបស់អតិថិជនខ្មែរ។ នំប៉័ងដុតឲ្យមានសាច់ទន់ ហើយសាច់ក៏ត្រូវបានផ្សំគ្រឿងដោយខ្លួនឯង។ គ្រឿងផ្សំមួយចំនួនត្រូវបាននាំចូលពីប្រទេស ថៃ បំពេញបន្ថែមផលិតផលក្នុងស្រុកដែលមានស្រាប់។
ចំពោះរូបមន្តចម្អិនវិញ អ្នកនាង ប៊ុន លីហួង បញ្ជាក់ដែរថា៖ «ខ្ញុំបានរៀនបន្តមកពីបងប្អូនដែលគាត់ធ្វើការក្នុងហាងបឺហ្គឺរនៅឯអាមេរិក ហើយខ្ញុំក៏មានបទពិសោធក្នុងកិច្ចការនេះអស់រយៈពេល ៣ ឆ្នាំ មកហើយដែរ»។
ហាង Burger Moon មានបឺហ្គឺរសាច់ជ្រូក បឺហ្គឺរសាច់ជ្រូកអាំង (៤ ០០០ រៀល) បឺហ្គឺរសាច់មាន់ (៥ ០០០ រៀល) បឺហ្គឺរសាច់គោ (៨ ០០០ រៀល) បឺហ្គឺរសាច់ជ្រូកបន្ទះ បឺហ្គឺរសាច់មាន់ហឹរ (៧ ០០០ រៀល) បឺហ្គឺរឈុតភ្លៅមាន់ចៀន (៩ ០០០ រៀល) និងបឺហ្គឺរឈុតដំឡូងចៀន (៨ ៥០០ រៀល) ។
អាហារសម្រន់មាន ភ្លៅមាន់ចៀន ស្លាបកណ្តាលចៀន គល់ស្លាបមាន់ចៀន ដុំមាន់បំពង ស្លាបមាន់ចៀន (៧ ០០០ រៀល) និង ដំឡូងបំពង នំប៉័ងតួកគី (៣ ៥០០ រៀល)។ ការថែមសាច់ជ្រូកបន្ទះ គិតតម្លៃ ១ ៥០០ រៀល និងការបន្ថែមឈីស ស៊ុតចៀន តម្លៃ ១ ០០០ រៀល។
ហាង Burger Moon បើកទទួលភ្ញៀវចាប់ពីម៉ោង ៩ ព្រឹករហូតដល់ ៩ យប់ និងមានភ្ញៀវចាប់ពី ២០០ ទៅ ៣០០ នាក់ ក្នុងនោះមានភ្ញៀវបរទេស ២០ ភាគរយផងដែរ។
Burger Moon ស្ថិតនៅលើដងផ្លូវ ៤០២ ខាងក្រោយវិទ្យាស្ថានវ៉ាន់ដា ឬអាចទាក់ទងតាមទូរស័ព្ទលេខ ០១៥ ៦០៥ ០៩៩ និង ០១២ ៣៨០ ៣៨៨។ ការកុម្ម៉ង់ចាប់ពី ១០ ដុល្លារឡើងទៅ មិនគិតតម្លៃក្នុងការដឹងជញ្ជូនទេ៕