ភ្នំពេញ : ភោជនីយដ្ឋាន Rambutan ដែលមានបរិយាកាសត្រជាក់ល្ហឹមអមដោយអាងទឹកពណ៌ខៀវថ្លាឆ្វង់នោះ ពោរពេញដោយភាពច្នៃប្រឌិតខាងបង្កើតអាហារដែលប្រើគ្រឿងផ្សំបែបខ្មែរ ឲ្យទៅជាមុខម្ហូបថ្មីយ៉ាងឆ្ងាញ់ប្លែក។
ថ្ងៃនេះភ្នំពេញប៉ុស្ដិ៍នឹងលើកយកអាហារខ្មែរកាត់អឺរ៉ុបម៉្យាងដែលមានឈ្មោះថា Couscous Salad។ អាហារនេះមានរសជាតិបែបសាប និងជូរបន្តិច។
គ្រឿងផ្សំមុខម្ហូបនេះ រួមមាន Couscous ក្រសាំងទាប ជីរវ៉ាន់ស៊ុយ បង្គា ផ្សិតម្ជុល ទឹកដោះគោជូរខាប់ ម្រេច និងម្សៅម្ទេស។
បាយ Couscous ត្រូវយកទៅកូរឲ្យឆ្អិនដោយប្រើប្រេងអូលីវ និងទឹកក្ដៅ រួចទុកមួយអន្លើសិន។ បន្ទាប់មកត្រូវយកផ្សិតម្ជុល និងក្រសាំងទាប លាយជាមួយម្រេច និងម្សៅម្ទេសក្នុងបរិមាណបន្តិចបន្តួចរួចយកបាយ Couscous មកច្របល់ជាមួយម្សិតម្ជុល និងក្រសាំងទាបនោះ។
បង្គាត្រូវ យកទៅបំពងជាមួយម្សៅរួចស្រូបទឹកដោះគោជូរខាប់ពីលើ ដើម្បីឲ្យមានរសជាតិជូរបន្តិច មុននឹងរោយជីរវ៉ាន់ស៊ុយពីលើជាការស្រេច។
លោកអ្នកអាចអញ្ជើញទៅ ភ្លក្សអាហារនេះផ្ទាល់នៅភោជនីយដ្ឋាន Rambutan ស្ថិតនៅផ្ទះលេខ២៩ ផ្លូវលេខ៧១ សង្កាត់បឹងកេងកង១ ទូរស័ព្ទលេខ ០១៧៩៩២២៤០ និង ០១២ ៩២៩៣២៨៕