ភ្នំពេញ : ឥឡូវនេះលោកអ្នកមិនចាំបាច់ហោះទៅទីក្រុងមីនីអាប៉ូលី នៅសហរដ្ឋអាមេរិក ដើម្បីញ៉ាំការ៉េម ដេរីឃ្វីន (DairyQueen) និងសាច់ក្រកហតដកឈីកាហ្គោទេ ព្រោះអាហារនេះបានដល់កណ្តាលរាជធានីភ្នំពេញយើងហើយកាលពី សប្តាហ៍មុន។
លោក ប្រេត ហូវសឺ (Brad Hovser) អគ្គនាយករងទីផ្សារអន្តរជាតិរបស់ក្រុមហ៊ុន ដេរីឃ្វីន បាននិយាយថា លោកមានការរំភើបរីករាយណាស់ដែលបានឈានចូលក្នុងទីផ្សារកម្ពុជា និងនំាយកមកនូវការ៉េមប្លីហ្សាដ Blizzard Treat ដែលល្បីល្បាញលំដាប់ពិភពលោកមកជូនអតិថិជនក្នុងប្រទេសកម្ពុជា ភ្លក្សពិសា។
ដេរីឃ្វីន មានឈ្មោះល្បីនៅប្រទេសជាច្រើនដូចជាអាមេរិក កាណាដា ចិនថៃ ហ្វីលីពីន និងបណ្តាប្រទេសជាច្រើនទៀតសរុបទៅមានជាង៦២០០សាខានៅក្នុងប្រទេស ចំនួន២០។
ដេរីឃ្វីន ដែលទើបតែបើកកាលពីសប្តាហ៍មុននេះមានភ្ញៀវជាតិ និងអន្តរជាតិ ចូលទទួលទាន ដែលក្នុងនោះ «ការ៉េមផ្កាប់កែវ» គឺទទួលបានប្រជាប្រិយភាពជាងគេ។
ការ៉េមផ្កាប់កែវ គឺជាការ៉េមដែលបុគ្គលិកហាងតែងកាន់ដោយសំយុងមាត់កែវចុះក្រោម ដោយសារតែការ៉េមក្នុងកែវនោះមិនកំពប់ឡើយ ដោយសារតែវាមានជាតិស្អិតល្មួតតែម្ដង។
ក្នុងហាងនេះក៏មានបម្រើជូនពិសេសដូចជាការ៉េមប្លីហ្សាដអូរីអូ ការ៉េមសាន់ដេម៉ូឡាតេ ការ៉េមក្រឡុកអាយស្រ្គីមខេក និងសាច់ក្រកហតដក ឈីកាហ្គោដែលមានឈ្មោះល្បីល្បាញ។
ក្នុងឱកាសបើកហាងថ្មីនេះក៏មានការផ្តល់ជូននូវការ៉េមខូន ដោយឥតគិតថ្លៃហើយរាល់ការទិញហតដក លោកអ្នកនឹងបានការបញ្ចុះតម្លៃ៥០ភាគរយទៅលើប្លីហ្សាដ នៅហាងDQ ស្ថិតនៅតាមបណ្តោយមាត់ទន្លេ (ជិតដឹភីហ្សាខមផេនី) ក្បែរព្រះបរមរាជវាំង៕