ភ្នំពេញៈ ជា​អាហារ​កម្ដៅពោះ ប្រកប​ដោយ​រសជាតិ​ឈ្ងុយឆ្ងាញ់​រូបមន្ត​ពី​សិង្ហបុរី បបរ​ខកង្កែប ទទួល​បាន​ប្រជាប្រិយភាព​ពី​អតិថិជន​ខ្មែរ​ដែល​បាន​ភ្លក្ស​រសជាតិ​ជា​ហូរហែ​នៅ​ហាង «The Frog បបរ​ខកង្កែប Singapore» ចាប់តាំងពី​ម៉ោង ៣ ​រសៀល ដល់​ម៉ោង ៣ ​ទៀបភ្លឺ​។

ស្ថិត​នៅ​ក្នុង​ហាង​លើ​មហាវិថី​សហព័ន្ធរុស្ស៊ី លោក ហង្ស រិទ្ធិស័ក្ត ម្ចាស់​ហាង The Frog ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ឲ្យ​ដឹងថា​៖ «​ខ្ញុំ​បាន​ប្រកបមុខរបរ​នេះ​បាន​រយៈពេល ២ ឆ្នាំ​មក​ហើយ តែ​សម្រាប់ The Frog នេះ​ជា​ហាង​ថ្មី​របស់​ខ្ញុំ​ដែល​បាន​ផ្លាស់ប្តូរ​ទីតាំង​ដែល​ទើប​នឹង​ដំណើរការ​បាន ២ ​ខែ​ប៉ុណ្ណោះ​។ ចំណែកឯ​រូបមន្ត​វិញ​ខ្ញុំ​បាន​ទិញ​ផ្តាច់មុខ និង​រៀន​ធ្វើ​មកពី​ប្រទេស​សិង្ហបុរី​ផ្ទាល់​ដោយ​មិន​មាន​អ្នកណា​ដែល​អាច​ធ្វើ​រសជាតិ​បាន​ដូច​ហាង​ខ្ញុំ​នោះទេ​»​។

The Frog មាន​មុខម្ហូប​ពិសេស​ជាងគេ​គឺ​ខ​កង្កែប​មាន ៤ ​បែប​គឺ​រសជាតិ​សាំងហ្គាពួរ គល់​ស្លឹកគ្រៃ សាតេ ខ្ញី និង​អាច​កុម្ម៉ង់​រសជាតិ​បាន​។

ម្ចាស់​ហាង​វ័យ ២៦ ឆ្នាំ​រូប​នេះ​បន្តថា​៖ «​ខ្ញុំ​ផ្ទាល់​គឺ​ចូលចិត្ត​ញ៉ាំ​កង្កែប​តាំងពី​កុមារ​មក​ម្ល៉េះ ហើយ​កង្កែប​វា​ជា​សត្វ​ដែល​មិន​សូវ​មាន​ជាតិ​អាស៊ីត​នោះ​ទេ ហើយ​វា​ក៏​ជា​អាហារ​មួយ​ជួយ​ដល់​សុខភាព​មួយ​ចំនួន​ដែរ​។ កង្កែប​ធម្មជាតិ​វា​អាច​មាន​រោគ​ដោយសារ​តែ​វា​ស៊ី​ចំណី​មិន​រើស តែ​កង្កែប​ចិញ្ចឹម​វិញ​វា​គ្មាន​រោគ​ទេ ដោយសារ​គេ​ចិញ្ចឹម​ដោយ​ឲ្យ​ស៊ី​ចំណី ហើយ​វា​មិន​ស៊ី​អ្វី​ផ្តេសផ្តាស​»​។

ខកង្កែប មាន​ឈុត​សម្រាប់​មនុស្ស​ម្នាក់​តម្លៃ ១២ ០០០៛ រហូត​ដល់​ឈុត​ធំ​សម្រាប់ ៥ នាក់ តម្លៃ ៥២ ០០០៛​។ រីឯ​បបរ​ ១ ​ចាន​តម្លៃ ១ ០០០៛ មាន​ជម្រើស បបរស​ធម្មតា ស្លឹក​តើយ ខ្ញី និង​ស្លឹក​ខ្ទឹម ។

The Frog បបរ​ខកង្កែប បើក​បម្រើ​ភ្ញៀវ​ពី​ម៉ោង ៣ ​រសៀល ដល់ ៣ ​ទៀបភ្លឺ​។ រូបថត នួន សុខសារីម

ក្រៅពី​ខកង្កែប​ហាង The Frog ក៏​មាន​ម្ហូប​ដែល​ភ្ញៀវ​ចូលចិត្ត​កុម្ម៉ង់​ដូចជា ស៊ុប​ប្លោកត្រី ល្បី​ប៉ូវ​សុខភាព​នៅ​ចិន (៣,៥ ​ដុល្លារ​) តៅហ៊ូ​ចិញ្ច្រាំ​ ៣ ​រសជាតិ ជើងទា​យិនសិន (២ ០០០៛ ជើង​ទា​ ១) ឆា​បន្លែ​ស្តេច (២,៥ ​ដុល្លារ​) កង្កែប​លីង​ម្រេច​ពិសេស (២,៥ ​ដុល្លារ​) និង​មាន​ម្ហូប​ចៀន ឆា ចំហុយ ខ ស៊ុប ដែល​ជា​មុខម្ហូប​បែប​កូនកាត់​ចិន-ខ្មែរ មាន​តម្លៃ​ចាប់ពី ៦ ០០០៛ ឡើង​ទៅ​។

ពី​ថ្ងៃ​ទី​ ៧ ដល់​ទី​ ១៣ ខែ​សីហា The Frog ក៏មាន​ការបញ្ចុះតម្លៃ ៣០ ​ភាគរយ​ដែរ​សម្រាប់​ខកង្កែប និង​ជើង​ទា​យិនសិន​ពី ២ ០០០៛ មក​ត្រឹមតែ ១ ០០០៛ ផងដែរ​។

ហាង The Frog បបរ​ខកង្កែប Singapore មាន​លេខ​ទំនាក់ទំនង ០៩៨ ៦៦០ ០៦៦ និង ០៩៩ ២២៨ ៨៨៩៕

វីដេអូ៖