ភ្នំពេញ៖ ទិដ្ឋភាព​អង្គុយ​ក្នុង​រថភ្លើង​សម្លឹង​ទៅ​បង្អួច​​បណ្តែត​អារម្មណ៍​លន្លង់លន្លោច​ទៅ​តាម​​ទេសភាព​ និង​ទិដ្ឋភាព​ញ៉ាំ​សាច់អាំង​ លើក​កែវ​ស្រា​សូជូ ក្រេប​រំសាយ​ស្ត្រេស គឺ​ជា​រូបភាព​​ ដែល​ហាង​ Gogi ​ធ្វើ​ឱ្យ​អតិថិជន​នឹក​​ស្រមៃ​ដល់​​ភាពយន្ត​កូរ៉េ​ខាង​ត្បូង។

ស្ថិត​ក្នុង​ទូរថភ្លើង​ពណ៌​​ឆើត​ កញ្ញា សឹង សាវី​ ​​អ្នក​គ្រប់គ្រង​ហាង​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្ដិ៍ ឱ្យ​ដឹង​ថា៖ «យើង​ធ្វើ​វា​ជា​រទេះភ្លើង​ ព្រោះ​យើង​ចង់​ឱ្យ​ពេល​ភ្ញៀវ​​​គាត់​បាន​ចេញ​ពី​ផ្ទះ​មក​ដូច​​គាត់​មក​លេង​កន្លែង​មួយ​អ៊ីចឹង​។ យើង​ចង់​ឱ្យ​គាត់​បាន​ថត​​រូប​ស្អាតៗ​ ដូច្នេះ​យើង​ព្យាយាម​​ប្រើ​សញ្ញា​ផ្សេងៗ​ សូម្បី​តែ​ក្រឡា​ឥដ្ឋ​ច្រក​ចូល​ឱ្យ​ដូច​នៅ​កូរ៉េ​តែ​ម្ដង​»។

ហាង​ Gogi ទូ​រថភ្លើង​សាខា​ទួលគោក​ ទើប​តែ​បើក​សម្ភោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ​១១​ ខែ ​១១​ ​បន្ថែម​ពី​លើ​សមិទ្ធផល​ជោគជ័យ ២ សាខា ​ក្បែរ​វិទ្យាស្ថានជាតិ​ភាសា​បរទេស​​ (IFL)។​

មិន​ខុស​ពី​ឈ្មោះ​ហាង ​Gogi ជា​ភាសា​កូរ៉េ ដែល​ខ្មែរ​មាន​ន័យ​​ថា​ សាច់អាំង​ នោះ​ទេ អាហារ​ពិសេស​ប្រចាំ​ហាង​គឺ​សាច់​អាំង​តែ​ម្ដង។

ជាមួយ​​បំពង់​បឺត​ផ្សែង​​​មិន​​រំខាន​ជាប់​ក្លិន​លើ​ភ្ញៀវ ហាង​​​មាន​ជម្រើស​សាច់​អាំង​​ឈុត​តម្លៃ​ ២៨ ៥០០ ​រៀល​ សម្រាប់​​អ្នក​មក​តែ​ឯង ​ឈុត​ ៦០ ០០០ ​រៀល​ សម្រាប់​គ្នា ​២ ​ទៅ ​៣ ​នាក់​ និង ១០០ ០០០ រៀល​ សម្រាប់​គ្នា​ពី ​៣ ​ទៅ ​៤ ​នាក់​។

ទិដ្ឋភាពជិះរថភ្លើង​​ដ៏លន្លង់លន្លោច និង​​បរិយាកាស​ញ៉ាំ​សាច់អាំង​ក្រេបស្រា​កូរ៉េ បាន​ធ្វើឱ្យ​ម្ចាស់ហាង Gogi រចនា​សាខា​ថ្មី​តាម​ភាពយន្ត​កូរ៉េ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

សម្ភារ​ទាំង​អស់​តាំង​ពី​ខ្ទះ​ ស្លាបព្រា​ ចង្កឹះ​ កែវ​ គឺ​សុទ្ធ​តែ​នាំ​ចូល​ពី​ប្រទេស​កូរ៉េ ផ្ទាល់​។​

ក្រៅ​ពី​នេះ​ ម្ហូប​ដ៏​ពេញ​និយម​ផ្សេង​ទៀត​មាន​ក្ដាម​ថ្ម​ពង​ ទឹក​ស៊ីអីវ​​កូរ៉េ ​តម្លៃ​ចាប់ពី ៨០ ០០០ ​រៀល​ ​អាស្រ័យ​លើ​ទំហំ​ក្ដាម។ ត្រី​សាល់ម៉ុន​​ និង​បង្គា​ទឹក​ស៊ីអីវ​ក៏​មាន​ការ​កុម្ម៉ង់​ច្រើន​​​ដែរ​។​

ថ្វី​ដ្បិត​មាន​ឈ្មោះ​ថា ​ហាង​អាហារ​កូរ៉េ​​ កញ្ញា សឹង សាវី​ ​បាន​បញ្ជាក់​ថា រសជាតិអាហារ​​កូរ៉េកាត់ខ្មែរ​។

អ្នក​គ្រប់គ្រង​វ័យ ២៥​ ឆ្នាំ​​រូប​នេះ​លើក​ឡើង​ថា៖ «ព្រោះ​តាមរយៈ​ការ​ភ្លក្ស និង​សិក្សា​ពី​តម្រូវ​ការ​អតិថិជន​ក្នុង​ស្រុក​ យើង​ឃើញ​ថា​ បើ​ជា​រសជាតិ​កូរ៉េ​សុទ្ធ​ ពួក​គាត់​ញ៉ាំ​មិន​សូវ​បាន​ទេ​។ ដូច្នេះ​ក្រៅ​ពី​ចុង​ភៅ​កូរ៉េ យើង​​មាន​ចុងភៅ​ខ្មែរ ​១ ទៀត ​ដើម្បី​ជួយ​កាត់​រសជាតិ​ពី​កូរ៉េ​មក​​ជា​រសជាតិ​ខ្មែរ​ខ្លះ​»។

ការ​ច្នៃ​ប្រឌិត​រសជាតិ​អាហារ​កូរ៉េ​សុទ្ធ​មក​តម្រូវ​រសនិយម​ខ្មែរ​នេះ ក៏​ទទួល​បាន​ការ​ពេញ​និយម​​​ពី​ជនជាតិ​ដើម​ដែរ។

ចំពោះរសជាតិអាហារ​កូរ៉េ​តម្រូវ​តាម​រសនិយម​ខ្មែរ​​នេះ កញ្ញា សាវី បាន​លើក​ឡើង​ថា៖ «ពេល​មាន​អតិថិជន​កូរ៉េ​មក​លើក​ដំបូង​ វា​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​គឺ​បន្ទាប់​ពី​ភ្លក្ស​ ពួក​គាត់​ចូលចិត្ត​ ហើយ​មក​ម្ដង​ហើយ​ម្ដង​ទៀត​​ថែម​ទាំង​តេ​មក​កក់​ទៀត​»។

ក្តាម​ថ្ម​ពង​ ទឹកស៊ីអីុវ​កូរ៉េ​ តម្លៃ​ចាប់ពី ២០ដុល្លារ​​ ទៅ​តាមទំហំ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម​

ហាង Gogi ទូ​រថភ្លើង​មាន​ភ្ញៀវ​​ប្រហែល​ជាង ​៥០០ ​នាក់ ​ក្នុង ​១ ថ្ងៃ​ នឹង​កើន​ឡើង​ជាង ៧០០ ​នាក់ នៅ​ចុង​សប្ដាហ៍​​​។​

ដោយ​ព្យាយាម​ចូលរួម​អនុវត្ត​គោលការណ៍​សុវត្ថិភាព​​ណែនាំ​ដោយ​ក្រសួង​សុខាភិបាល ហាង​​ក៏​បាន​ជំរុញ​ដល់​ការ​ខ្ចប់ ​ញ៉ាំ​នៅ​ផ្ទះ​ ជាមួយ​ការ​បញ្ចុះ​តម្លៃ និង​ការ​ផ្ដល់​សម្ភារៈ​សាច់​អាំង​​ឱ្យ​ខ្ចី​ឥត​គិត​ថ្លៃ​បន្ថែម។​

កញ្ញា​បាន​ឱ្យ​ដឹង​ទៀត​​​​ថា៖ ​«ទាល់​តែ​ពេល​ពួក​គាត់​​ទទួល​ទាន​​​​រួច​ទើប​ដឹក​សម្ភារ​សាច់​អាំង​​​មក​វិញ​ ដោយ​មិន​តម្រូវ​​ឱ្យ​បង់​សេវា​អ្វី​បន្ថែម​ទេ​»។​

ហាង ​Gogi បាន​បន្ថែម​ទឹក​​ជ្រលក់​ក្ដៅៗ​ថ្មី​​ឈ្មោះ​ថា​ Anchovy sauce ដ៏​​ឆ្ងាញ់​ប្លែក។ ចាប់​ពី​ម៉ោង ៩ ការ​ចាក់​ភ្លេង​ នឹង​​បន្ថែម​សំឡេង ខណៈ​ពន្លឺ​​ភ្លើង​​នឹង​បន្ថយ​​បែប​ភ្លឺ​​​​ស្រទន់​។

ចាប់​បើក​ម៉ោង​ ១១ ​ព្រឹក ​ដល់​ម៉ោង​​ ១០ ​យប់​ ហាង​ស្ថិត​នៅ​ផ្លូវ ៥២៨ ម្ដុំ​ទួលគោក។ ​ទូរស័ព្ទ​លេខ​ ០៦១ ៧១៧ ១១១ និង ​០៦៩ ៧១៧ ១០១៕

ទិដ្ឋភាពជិះរថភ្លើង​​ដ៏លន្លង់លន្លោច និង​​បរិយាកាស​ញ៉ាំ​សាច់អាំង​ក្រេបស្រា​កូរ៉េ បាន​ធ្វើឱ្យ​ម្ចាស់ហាង Gogi រចនា​សាខា​ថ្មី​តាម​ភាពយន្ត​កូរ៉េ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

វីដេអូ៖