
ភ្នំពេញ : ជម្រាបសួរមិត្តអ្នកអាន ភ្នំពេញ ប៉ុស្ដិ៍ជាទីមេត្រី! យើងសង្កេតឃើញថា ក្រៅពីវិស័យខ្សែភាពយន្ត និងចម្រៀង ម្ហូបអាហាររបស់ប្រទេសកូរ៉េខាងត្បូងក៏ទទួលបានការពេញនិយមពីបណ្ដា ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈផងដែរ ដោយសារតែរសជាតិរបស់វាមានលក្ខណៈមុត និងហឹរតិចៗ ស្រដៀងនឹងម្ហូបចំណូលចិត្តរបស់ខ្មែរយើងដែរ។
ដូច្នេះហើយសប្ដាហ៍នេះ គឺខុសពីសប្ដាហ៍មុនៗ ដោយខ្ញុំនឹងនាំលោកអ្នកទៅសិក្សាវិធីធ្វើអាហារបែបកូរ៉េ ពីអ្នកជំនាញនៅសាលាបង្រៀនធ្វើម្ហូបអន្តរជាតិ ពិភពថ្មី។ នៅទីនេះ លោក វិត ថន ដែលជាគ្រូបង្រៀនធ្វើម្ហូបដ៏ចំណាន នឹងបង្ហាញពីវិធីធ្វើអាហារសម្លតៅហ៊ូ ជាមួយស្ពៃជ្រក់គីមឈី ដែលភាសាកូរ៉េហៅថា គីមឈី ជីហ្គេ (Kimchi Jigae) ដ៏មានប្រជាប្រិយភាពនៅប្រទេសកូរ៉េ។
ដូច្នេះហើយ សូមប្រិយមិត្តរីករាយនឹងវិធីចម្អិនងាយៗដូចខាងក្រោមនេះ។
គ្រឿងផ្សំ : សាច់ជ្រូក ស្ពៃជ្រក់គីមឈី តៅហ៊ូ ម្សៅម្ទេសម៉ដ្ឋកូរ៉េគ្រប់មុខ និងម្សៅស៊ុបកូរ៉េ។
វិធីចម្អិន : ដំបូងត្រូវយកសាច់ជ្រូកទៅហាន់ជាចំណិតតូចល្មម (ដូចសាច់ជ្រូកសម្រាប់ឆា) រួចយកទៅឆាជាមួយតៅហ៊ូរយៈពេល២-៣នាទី បន្ទាប់មកដាក់គ្រឿងទេសចូលរួមមាន ម្សៅម្ទេស និងម្សៅស៊ុប មុននឹងដាក់ទឹកចូល រួចរម្ងាស់រយៈពេល២នាទី រួចបង់តៅហ៊ូចូល នោះជាការស្រេច។
ប្រសិនបើលោកអ្នកមិនចង់ទិញគីមឈីស្រាប់ៗ លោកអ្នកក៏អាចសាកល្បងធ្វើខ្លួនឯង ដោយយកស្ពៃសមកកាត់ជាកង់ៗរួចត្រាំគល់ក្នុងទឹកអំបិលក្ដៅឧណ្ហៗ ប្រមាណ២ម៉ោង សឹមបន្ថែមស្លឹកស្ពៃចូល រួចផ្អាប់ទុក២ម៉ោងទៀត។ បន្ទាប់មកត្រូវលាងស្ពៃសនេះឲ្យស្អាត ជ្រះអស់អំបិល រួចចាក់ម្សៅម្ទេសម៉ដ្ឋចូល។ ខ្ញី ស្លឹកខ្ទឹម និងខ្ទឹមបារាំងត្រូវហាន់ជាដុំតូចៗ រួចដាក់ចូលជាមួយស្ពៃស មុននឹងបន្ថែមទឹកត្រីចូលបន្តិច។ យកផ្លែប៉ោម និងផ្លែសារីក្រឡុកឲ្យម៉ដ្ឋ រួចលាយជាមួយនឹងស្ពៃសនោះ ហើយផ្អាប់វាទុក២៤ម៉ោង នោះជាការស្រេច។
បណ្ដាភោជនីយដ្ឋាន សាលាបង្រៀនធ្វើម្ហូប និងលោកអ្នកដែលមានបំណងចង់ចែករំលែកវិធីចម្អិនម្ហូបពិសេសៗជាមួយ មិត្តអ្នកអាន ភ្នំពេញ ប៉ុស្ដិ៍ សូមទំនាក់ទំនងមកកាន់ការិយាល័យផ្នែកជីវិតកម្សាន្តតាមរយៈលេខ ០៧៧ ៧១៧ ៧១៥ និង ០១៦ ៩៣ ១៣ ១៣៕