
ភ្នំពេញ : ស្ថិតនៅលើផ្លូវលេខ ៣៥២ សណា្ឋគារLe Blanc មានការតុបតែងដោយបង្អួចកញ្ចក់ថ្លាឆ្វង់ ដែលសង្ហារិមខាងក្នុងពោរពេញទៅដោយពណ៌សក្បុស។
នៅក្នុងសណ្ឋាគារដែលមានការរចនាក្បូរក្បាច់បែបសម័យទំនើបនោះ មានភោជនីយដ្ឋានដ៏សែនមនោរម្យមួយឈ្មោះថា Le Coco។ ទីកន្លែងទទួលទានអាហារនេះមានតុកៅអីម៉ូដប្លែកម៉្យាងដែលត្រូវបានគេត្បាញជាប់គ្នា។ ភ្ញៀវទាំងឡាយក៏អាចជ្រើសរើសយកការអង្គុយជុំវិញអាងហែលទឹកពណ៌ខៀវស្រងាត់ ខណៈទទួលទានអាហារខ្មែរ និងបរទេសជាច្រើនមុខផងដែរ។
ថ្ងៃនេះ ភ្នំពេញប៉ុស្ដិ៍នឹងនាំលោកអ្នកទៅភ្លក្សMozzarella Rollនៅភោជនីយដ្ឋាន Le Coco ព្រមទាំងលាតត្រដាងនូវអាថ៌កំបាំងក្នុងការចម្អិនដូចខាងក្រោមនេះ។
គ្រឿងផ្សំ : ម្ទេសប្លោកបៃតង ក្រហម លឿង ឈីសmozzarella ប្រេងអូលីវ ទឹកខ្មេះខ្មៅ ក្បាលម្នាស់ នំស្រួយវែង អំបិល និងម្រេច។
វិធីចម្អិន : យកម្ទេសប្លោកទៅចិតជា៤ចម្រៀក រួចយកវាទៅឆាជាមួយប្រេងអូលីវ ដោយដាក់អំបិល និងម្រេចបន្តិច។ បន្ទាប់មកយកបន្ទះឈីស Mozzarella ទៅរុំ រួចចិតជាកង់ៗតម្រៀបគ្នាលើចាន។ ទឹកស្រូបពីលើអាហារនេះ ធ្វើអំពីប្រេងអូលីវ និងទឹកខ្មេះខ្មៅ។ តម្រៀបអាហារដាក់ចាន រួចរចនាបន្ថែមដោយចំណែកក្បាលម្នាស់ និងនំស្រួយ មុននឹងស្រូបទឹកប្រេងអូលីវ និងទឹកខ្មេះនោះជាការស្រេច។
Le Coco ដែលស្ថិតនៅសណ្ឋាគារ Le Blanc មានបម្រើអាហារពេលព្រឹក ថ្ងៃត្រង់ និងល្ងាច ជាមួយនឹងការបញ្ចុះតម្លៃពិសេសពីម៉ោង៥កន្លះដល់ម៉ោង៧យប់។
សណ្ឋាគារ Le Blanc ផ្ទះលេខ ២១អា ផ្លូវលេខ ៣៥២ ទូរស័ព្ទលេខ ០២៣ ៩៧១ ៩៧១ និង ០២៣ ៩៧២ ៩៧២៕