ភ្នំពេញ: ក្នុង​ទីធ្លា​មាន​រុក្ខជាតិ​បៃតង អគារ​ចំណាស់​ត្រូវបាន​លម្អ​ដោយ​គំនូរ និង​បំភ្លឺ​ដោយ​ភ្លើង​ដូច​អំពិលអំពែក បង្កើត​ជា​បរិយាកាស​ដ៏ស្រស់ស្រាយ​ដល់​អ្នក​និយម​ក្រេប​ស្រាក្រឡុក ញ៉ាំ​អាហារ និង​ស្ដាប់​តន្ត្រី​ដ៏ពីរោះ​កំដរ​អារម្មណ៍ ។

Old School Bar ដែល​មាន​ការតុបតែង​អគារ​ជាមួយ​គំនូរ​ពណ៌ រូបថត និង​ការលេង​ភ្លើង​អំពូល​ដ៏ច្នៃប្រឌិត ទ្វារ​ស្វាគមន៍​ភ្ញៀវ​មក​លម្ហែ​អារម្មណ៍ និង​ថតរូប​ឃ្យូតៗ​មិន​ចេះ​ខ្វះ​ប្លង់​។

លោក ជា សុវឌ្ឍនៈ វ័យ ២៥ ឆ្នាំ​ជា​ម្ចាស់ Old School Bar បាន​ប្រាប់​មក ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​ដំបូង​ពួកយើង​គ្រាន់តែ​ជា​អ្នកលក់​ស្រា​ក្រឡុក​នៅតាម​ផ្លូវ​ខាងក្រោយ​វាំង​ប៉ុណ្ណោះ ហើយ​ខ្ញុំ​បាន​ចាប់ផ្តើម​លក់​ស្រា​ក្រឡុក​នៅតាម​ផ្លូវ​នេះ​អស់​រយៈពេល ២ ​ឆ្នាំ​មកហើយ ប៉ុន្តែ​នៅពេល​ដែល​បើក​ដំបូង​ចេះ​តែ​មាន​បញ្ហា​ទីកន្លែង ទើប​ពួកយើង​សម្រេចចិត្ត​បើក​កន្លែង​មួយ​ដែល​មាន​ភាពងាយស្រួល​សម្រាប់​ភ្ញៀវ និង​ពួក​ខ្ញុំ​ផ្ទាល់​ផងដែរ​»​។

ការតុបតែង​ដ៏ទាក់ទាញ​អ្នក​និយម​ថតរូប​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

លោក​ផ្ដោតលើ​ការបម្រើ​អាហារ​ខ្មែរ និង​ម្ហូប​បែប​ថៃ​។ នៅ Old School Bar មាន​លក់​អាហារ​ជាច្រើន​ប្រភេទ​មាន​តម្លៃ​ចាប់ពី ៣ ​ដុល្លារ​ឡើង​ទៅ​សម្រាប់​ពិសា​ជាមួយ​ស្រាបៀរ​ច្រើន​ប្រភេទ និង​ស្រា​ក្រឡុក​ពេញនិយម​មានដូចជា Blue Margarita, Strawberry Margarita, Passion Margarita, Lychee Margarita, Mint Margarita និង Purple Margarita ដែល​មាន​តម្លៃ​ចាប់ពី ៣ ដុល្លារ ដល់ ៧ ​ដុល្លារ​។

ក្រៅពីនេះ Old School Bar ក៏មាន​អាហារ​ពិសេស​ប្រចាំ​ហាង​ជាច្រើន​មុខ​ផងដែរ​ដូចជា ញាំ​សាច់គោ Old School Bar ៤ ​ដុល្លារ សាច់គោ​ឆា​ខាត់ណា​ទឹកកក ៤ ​ដុល្លារ មាន់​រំលីង​គល់​ស្លឹកគ្រៃ ៣,៥០ ​ដុល្លារ និង ភ្លា​ក្តាមសេះ ៥ ​ដុល្លារ​ផងដែរ​។

ម្ចាស់​ហាង​ដែល​បាន​បញ្ឈប់​ការសិក្សា​ត្រឹម​ឆ្នាំ​ទី​ ២ ផ្នែក​គ្រប់គ្រង​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​បាន​បន្ថែម​ទៀត​ថា​៖ «​ខ្ញុំ​បាន​ប្តូរ​ពី Cocktail តាមផ្លូវ​មក​បើក​ជា​លក្ខណៈ Restaurant វិញ ហើយ​ខ្ញុំ​បាន​មក​ដល់​ទីនេះ​ដំបូង​ខ្ញុំ​បាន​ចាប់អារម្មណ៍​ទៅ​លើ​អគារ​ចាស់​មួយ​នេះ ដោយសារ​តែ​យើង​ពិបាក​ក្នុងការ​ថែរក្សា​អគារ​ចាស់​»​។

ម្ហូប​ពេញនិយម​ប្រចាំ​ហាង​មាន ភ្លាក្ដាមសេះ មាន់​រំលីង​គល់​ស្លឹកគ្រៃ និង​សាច់គោ​ឆា​ខាត់ណា​ទឹកកក​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​អត់​បាន​ប៉ះពាល់​ទៅលើ​សំណង់​អគារ​ចាស់​នេះ​ទេ ខ្ញុំ​គ្រាន់តែ​ជួសជុល​ត្រង់​កន្លែង​ដែល​បាក់បែក និង​គូរគំនូរ​បន្ថែម តុបតែង​បន្ថែម រៀប​តុ និង​ដាក់​ភ្លើង​ឲ្យ​ឃើញ​មក​ស្អាត ដោយ​ពួកយើង​មិន​ប៉ះពាល់​សំណង់​អគារ​នេះ​ទេ​»​។

លក្ខណៈ​ពិសេស​នៃ​ស្ថាបត្យកម្ម​ចំណាស់ និង​ការតុបតែង​យ៉ាង​ច្នៃប្រឌិត​ជា​ចំណុច​ពិសេស​ដែល​ទទួល​បាន​ការចាប់​អារម្មណ៍​ខ្លាំង​ពី​ភ្ញៀវ ជាពិសេស​យុវវ័យ​និយម​ថត​សែលហ្វ៊ី​។ គ្រប់​ជ្រុង​នៃ​អគារ​ចំណាស់​មាន​ការលម្អ​ភ្លើង រូបថត និង​វត្ថុ​តាំង​ដែល​ហាក់បី​ដូចជា​ស្ទូឌីយោ​ថតរូប​ឃ្យូតៗ​បែប​សិល្បៈ​ដ៏ពេញនិយម​។

ចាប់​បើក​ម៉ោង ៥ ​ល្ងាច​ដល់​ម៉ោង ១២ ​អធ្រាត្រ Old School Bar មាន​ភ្ញៀវ​មក​គាំទ្រ​ចាប់ពី ៦០ ទៅ ៧០ ​នាក់​ដោយ​ភាគច្រើន​ជា​ភ្ញៀវ​ខ្មែរ និង ១៥ ​ភាគរយ​ជា​ភ្ញៀវ​បរទេស​។

Old School Bar មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​ ៩ ផ្លូវ​លេខ​ ២៥៤ នៅ​ខាងក្រោយ​ក្រុមហ៊ុន​សែលកាត ក្បែរ​វិមានឯករាជ្យ​។ ទំនាក់ទំនង​ទូរស័ព្ទ​លេខ ០១០ ២៣៣ ០២០៕

វីដេអូ៖