The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - One More បម្រើ​ម្ហូបខ្មែរ​រសជាតិ​ពិតៗ​ពីជំនាន់ដើម




One More បម្រើ​ម្ហូបខ្មែរ​រសជាតិ​ពិតៗ​ពីជំនាន់ដើម

Content image - Phnom Penh Post
​ម្ហូបដ៏​សម្បូរ​បែបដូចជា​ប្រហុកដុត​ជ្រញ់ ​មានបម្រើ​នៅ​ភោជនីយដ្ឋាន One More​។ ឈឹម ស្រីនាង

One More បម្រើ​ម្ហូបខ្មែរ​រសជាតិ​ពិតៗ​ពីជំនាន់ដើម

ភ្នំពេញ: ប្រហុកដុត​ជ្រញ់​ពណ៌​ឡើង​ក្រហម​ក្រមៅ​តុបតែង​ជាមួយម្ទេស ម្រះអមជុំវិញជ្រញ់ ថែមទាំង​មាន​ត្រីកប់ បុកកំពឹស បង្កង​ឈូឈី​ដែលជា​មុខម្ហូប​កម្រ​មាន​នៅតាម​បណ្តាហាង​នានា និង​ម្ហូប​ខ្មែរ​ជាច្រើន​មុខ​រៀប​ដាក់​ក្នុង​ចាន​ត្នោត​តម្រៀប​នៅលើតុ​ឈើ បង្ហើរ​ក្លិនឈ្ងុយ​ពី​ហាង ​One More ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ៣១៥ ក្នុង​សង្កាត់​បឹងកក់ ១ ខណ្ឌ​ទួលគោក។

ភោជនីយដ្ឋាន ​One More រចនា​ឡើង​បែបខ្មែរ​បុរាណ​ដោយមាន​ជា​អគារ​ធំ​ស្កឹមស្កៃ ប្រក់​ដំបូល​គ្រឿង​ស្រកានាគ​អម​ទៅដោយ​ដើមត្នោត​ពីរ​បី​ដើម​នៅ​ពីមុខ​ហាង។ ចំណែក​ផ្នែក​ខាងក្នុង​នៃ​ជណ្តើ​រឡើងវិញ​មានការ​តុបតែង​ជា​រូបក្បាល​នាគ​ធ្វើ​ពី​ស្ពាន់​ ​និង​ដងខ្លួន​ធ្វើ​ពី​ឈើប្រណីត ​មានថូបុរាណ​ពីរ​បីដាក់​តាំងនៅ​ជិតនោះ​ដែរ។

គូសប្លង់​ និង​ស្ថាបនា​ដោយ​ស្នាដៃ​ស្ថាបត្យករ​ខ្មែរ អគារ​មានបន្ទប់​សម្រាប់​ភ្ញៀវ​ចូលចិត្ត​ភាពស្ងប់ស្ងាត់ស័ក្ដិសម​នឹង​បរិយាកាស​ទទួលទាន​អាហារ​បែប​ខ្មែរ​ដែលមាន​អាយុកាល​យូរ​អង្វែង មានទាំង​មុខម្ហូប​ខ្លះបម្រើជូន​សែ​រាជវង្ស​ផង​ដែរ​។

លោក អាន កែវមុនី ប្រធាន​គ្រប់គ្រង​ផ្នែកទីផ្សារ​ភោជនីយដ្ឋាន One More ​បាន​មាន​ប្រសាសន៍​ថា​៖ «ហាង​ One More នេះ​គឺ​បង្កើតឡើង​តាំងពី​ឆ្នាំ ២០០៨ ម្ល៉េះ ហើយ​សម្រាប់​អគារ​ថ្មី​នេះ​គឺ​យើង​ទើបតែ​បើក​សាកល្បង​បាន​រយៈពេល ២ ខែ​កន្លះតែប៉ុណ្ណោះ»។

Content image - Phnom Penh Post
​ភោជនីយដ្ឋាន One More មាន​ទីធ្លា​ធំទូលាយ ស្ថិត​នៅ​ម្ដុំ​ទួលគោក​។ ឈឹម ស្រីនាង

លោក​បាន​ឲ្យដឹង​ថា ភោជនីយដ្ឋាន ​One More ផ្តោត ទៅ លើ​មុខម្ហូប​ខ្មែរ​ជា​ចម្បង​តែ​ម្ដង សម​នឹង​រចនាបទ​បែប​ខ្មែរ​​ដោយមាន​ជា​បន្ទប់វីអាយភី ១១ បន្ទប់​ និង​​សាលប្រជុំ​ ឬ​ធ្វើសិក្ខាសាលា​ដែល​អាចដាក់​បានរហូត​ដល់ ៧០ នាក់។

ក្រៅពី​បម្រើ​ម្ហូប​ថៃ ចិន និង​វៀតណាម ម្ហូប​ខ្មែរ​ដែល​ជា​ម្ហូប​ចម្បង​នៅទីនេះ​មាន​លក្ខណពិសេស​ជាងហាងដទៃ​ត្រង់​ថា ​ភោជនីយដ្ឋាន​រក្សា​នូវ​រចនាបទ្ម និង​រស​ជាតិ​ដើម​របស់​ម្ហូប ដោយ​មិន​កែ​រសជាតិ​តម្រូវ​ជន​បរទេស​ឡើយ​។

ប្រធាន​គ្រប់គ្រង​ផ្នែកទីផ្សារ​រូបនេះបាន​រៀបរាប់ថា៖ «ម្ហូប​ពិសេសៗដែលកម្រ​មាន​លក់​នៅ​តាម​ហាង​នានា​គឺ បង្កង​ឈូឈី​ គឺជា​បង្កង​ដែល​ខ្មែរយើង​មានជាយូរ​មកហើយ​ដែល​មានរសជាតិ​ពិសេស ហើយ​ភ្ញៀវ​ចូលចិត្ត​កុម្មង់ជាទីបំផុត បាយក្តាំង​ណា​តាំង​គឺជា​បាយក្តាំង​ដែល​បង្កើតឡើង​ដោយ​សម្តេច​តា​ជាមួយនឹង​បារាំង តាំងពី​ជំនាន់​បារាំង​មកម្ល៉េះ ត្រី​កប់ បុក​កំពិស​ដែលជា​មុខម្ហូប​សម្រាប់​អ្នកចម្ការ​ ប្រហុក​អាំង​ សាច់ក្រក​ឦសាន និង​ម្ហូប​ប្លែកៗជាច្រើន​ទៀត។​

ភោជនីយដ្ឋាន ​One More នឹង​បើក​សម្ពោធ​ជាផ្លូវការ​​នៅ​ពេល​ខាងមុខនេះ៕

អត្ថបទគួរចាប់អារម្មណ៍