ភ្នំពេញ៖ PappaRich ជាភោជនីយដ្ឋានម៉ាឡេស៊ី និងសិង្ហបុរី ដែលមានសាខារហូតដល់ ១៤០ នៅបណ្ដាប្រទេសជាច្រើន ទើបនឹងមានវត្តមាននៅកម្ពុជាលើកដំបូង ដែលមានបម្រើនូវរសជាតិ និងរូបមន្តដើមពីអាហារល្បីៗនៅគោលដៅទេសចរណ៍ម៉ាឡេស៊ី ក្នុងបរិយាកាសដ៏មានផាសុកភាព។
គុយទាវឆាពីណែង ស្ទាយ (Penang Char Kway Teow) ជាប្រភេទអាហារលក់ក្នុងរទេះតូចល្មមនៅលើដងវិថីរដ្ឋប៉េណែង (Penang) នៃប្រទេស ម៉ាឡេស៊ី ដែលធ្វើឲ្យភ្ញៀវឈរតម្រង់ជួរចាំមិនដាច់។
រសជាតិដើមនេះត្រូវបាននាំមកកាន់ភោជនីយដ្ឋាន PappaRich ដោយក្នុងមួយចានតម្លៃត្រឹមតែ ៦ ដុល្លារប៉ុណ្ណោះ។
លោក មឿន ប៊ុនឡុង ជាអ្នកគ្រប់គ្រងទូទៅនៃភោជនីយដ្ឋាន PappaRich បានប្រាប់មក ភ្នំពេញ ប៉ុស្តិ៍ ថា៖ «វាជាអំណោយផលនៃ Papparich ដែលជាភោជនីយដ្ឋានល្បីឈ្មោះមានសាខាជាច្រើនប្រទេស និងមានមុខម្ហូបជាច្រើនសម្រាប់ឲ្យភ្ញៀវជ្រើសរើស ដោយមើលឃើញថា ប្រជាជនក្នុងស្រុកចូលចិត្តញ៉ាំម្ហូបក្រៅប្រទេស និងមិនទាន់មាននៅទីផ្សារក្នុងស្រុកយើង ទើបខាងយើងបាននាំយីហោនេះចូលមក ដើម្បីឲ្យប្រជាជនយើងបានស្គាល់នៅប៊្រេនមួយនេះ»។
ក្រៅពីគុយទាវឆាពីណែងស្ទាយ ដែលល្បីប្រចាំខេត្តប៉ែនណាងដ៏ល្បីក្នុងបណ្តាញយូធូបនោះ ភោជនីយដ្ឋាន PappaRich ក៏មានម្ហូបប្រចាំហាងជាច្រើនមុខ និងសុទ្ធតែមានលក្ខណពិសេសដូចជា ណាស៊ី ឡឺម៉ាក់ ជាមួយការីសាច់មាន់ និងបង្គាសាំបាល់ ៨ ដុល្លារ បាយមាន់ហៃណាំ ៥ ដុល្លារ ការីឡាក់សារគ្រឿងសមុទ្រ ៨ ដុល្លារ ស៊ុបមាន់ម្រេចខេត្តសារ៉ាវ៉ាក់ ៧ ដុល្លារ រួមជាមួយបង្អែមល្បីប្រចាំភោជនីយដ្ឋានដូចជា Pappa ABC ៣,២០ ដុល្លារ និង Red Bean Iced Blended ៣,៥០ ដុល្លារ ព្រមទាំងមានអាហារ និងបង្អែមរួមជាមួយភេសជ្ជៈជាច្រើនមុខទៀត។
អ្នកគ្រប់គ្រងទូទៅនៃ PappaRich នៅកម្ពុជា លោក ប៊ុនឡុង បានបន្តទៀតថា៖ «ដូចជាប្រភេទបាយណាស៊ី ឡឺម៉ាក់ បាយត្រូវដាំដោយខ្ទិះដូង ហើយជនជាតិយើងឲ្យតែលឺថាខ្ទិះដូចដឹងតែគិតហើយថាញ៉ាំមិនកើត ប៉ុន្តែនៅពេលដែលបានភ្លក់ម្តងរួចហើយក៏ក្លាយទៅជាចំណូលចិត្តទៅវិញ។ ចំពោះស៊ុបមាន់ម្រេចខេត្តសាំបាល់វិញ ក៏ជាមុខម្ហូបដែលល្បីប្រចាំខេត្តសារាវ៉ាក់ ដោយសារគេប្រើម្រេចដែលល្បីថាឆ្ងាញ់ ព្រោះមានរសជាតិមិនសូវហឹរខ្លាំង គេយកមកពីខេត្តសារ៉ាវ៉ាក់ផ្ទាល់មកធ្វើជាគ្រឿងផ្សំ ដែលធ្វើឲ្យភ្ញៀវជាច្រើនមិនអាចភ្លេចទៅពិសានៅពេលទៅដល់ប្រទេស ម៉ាឡេស៊ី»។
ភោជនីយដ្ឋានគោរពតាមគោលការណ៍ Halal ហើយការចម្អិនធ្វើឡើងដោយចុងភៅយើងជាជនជាតិខ្មែរមានបទពិសោធនៅក្នុងសណ្ឋាគារច្រើនឆ្នាំ និងទទួលការបណ្ដុះបណ្ដាលនៅម៉ាឡេស៊ីផ្ទាល់។
ភោជនីយដ្ឋាន Papparich បើកស្វាគមន៍ភ្ញៀវចាប់ពីម៉ោង ១១ ព្រឹក ដល់ម៉ោង ១០ យប់។ ភោជនីយដ្ឋានមានទីតាំងនៅផ្លូវលេខ ៣១៥ សង្កាត់បឹងកក់ ១ ខណ្ឌទួលគោក អាចទាក់ទងបានតាមរយៈទូរស័ព្ទលេខ ០៩៥ ៥៥៥ ០០១៕
វីដេអូ៖