ភ្នំពេញ៖ តាមសម្ដីលោកឪពុកនៃសាសនាកាតូលិកនៅទីក្រុងភ្នំពេញ Princella Flavors of Saffron គឺជាហាងគ្រិស្តបរិស័ទប៉ាគីស្ថានទី១ ដែលទទួលបានការពេញនិយម និងជោគជ័យលឿនបំផុតក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក។
Princella មានន័យថា ជាម្ចាស់ក្សត្រីលើទឹកដី។ រីឯ Flavors of Saffron ជារសជាតិនៃប្រភេទផ្កាម្យ៉ាង ដែលមានតម្លៃថ្លៃ ហើយត្រូវបានគេនិយមប្រើក្នុងភេសជ្ជៈ។
អ្នកនាង Princella Anum Gill ជាម្ចាស់ហាងបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «Princella គឺជាឈ្មោះដែលឪពុកខ្ញុំជាអ្នកដាក់សម្រាប់ហាងនេះ តែ Flavors of Saffron គឺខ្ញុំជាអ្នកបន្ថែមព្រោះខ្ញុំគិតថា វាមានតម្លៃស័ក្ដិសមនឹងឈ្មោះរបស់ខ្ញុំដូចគ្នា»។
គ្រួសាររបស់អ្នកនាង Princella បានមកកម្ពុជាតាំងពីឆ្នាំ ២០១៧ តាមការណែនាំពីមិត្តភក្តិ ដើម្បីមកសិក្សាឱកាសអាជីវកម្មជាក់ស្ដែងនៅទឹកដីសុវណ្ណភូមិ។
៣-៤ ខែក្រោយមក ម្ចាស់ហាងវ័យ ២៥ ឆ្នាំ ដែលបានរៀនចប់បរិញ្ញាបត្រផ្នែកជំនួញរូបនេះក៏សម្រេចចិត្តមកបើកហាងនៅកម្ពុជា ដោយមានអ្នកម្ដាយនាងផ្ទាល់ជាចុងភៅមានបទពិសោធក្នុងផ្ទះបាយ ១៥ ឆ្នាំ។
អ្នកនាងបានរៀបរាប់ថា៖ «ម៉ាក់ខ្ញុំចម្អិនដោយក្ដីស្រឡាញ់។ មិនថាអ្នកណាទេ ឱ្យតែភ្ញៀវដែលចូលមកគាត់ចាត់ទុកពួកគេដូចមិត្តភក្តិខានជួបគ្នាយូរហើយមកលេងគាត់ម្ដងអ៊ីចឹង។ ដូច្នេះគាត់តែងចង់ធ្វើម្ហូបឆ្ងាញ់បំផុតសម្រាប់ពួកគេ»។
ជាមួយវត្តមានភ្ញៀវចម្រុះជាតិសាសន៍ រួមទាំងភ្ញៀវបស្ចិមប្រទេសម្ចាស់ហាងវ័យក្មេងរូបនេះបានបន្តថា៖ «ភ្ញៀវដែលចូលមកអាចជឿជាក់លើទឹកដៃគាត់បាន ជាពិសេសនោះគឺហាងទទួលស្វាគមន៍ទាំងអ្នកហូបបួស និងអ្នកហូបធម្មតា»។
អ្នកនាង Princella ជាកូនស្រីច្បងក្នុងគ្រួសារបានរំឭកពីសម្ដីអតិថិជនខ្មែរម្នាក់ ដែលប្ដូរទស្សនៈយល់ឃើញពីម្ហូបឥណ្ឌា ក្រោយពីបានញ៉ាំអាហារស្នាដៃម្ដាយនាង។
នាងបានរំឭកទៀតថា៖ «អតិថិជនមួយទៀតគាត់បានចេញទៅដោយបន្សល់នៅមតិយោបល់មួយថា នេះជាកន្លែងដែលអ្នកមក ព្រោះចង់ទទួលទានម្ហូប ដែលចម្អិនចេញពីចិត្ត ជាកន្លែងដែលអ្នកចង់បានរសជាតិដើម និងចង់បានភាពជាគ្រួសារ»។
ម្ហូបដែលមានការពេញនិយមបំផុតសម្រាប់បរទេសគឺ Butter Chicken (៦ ដុល្លារ) និង Haleem (ចាប់ពី ៥ ដុល្លារ) និងសម្រាប់ភ្ញៀវក្នុងស្រុកគឺ Biryani (ចាប់ពី ៤ ដុល្លារ) និង Aloo Parathas (២ ដុល្លារ)។
Butter Chicken មានលក្ខណៈដូចសម្លការី តែវាខាប់ជាង ហើយមិនមានបន្លែទេ។ ម្ហូបនេះមានលាយទឹកប៉េងប៉ោះ និងគ្រីមក្នុងនោះផងដែរ។ វាមានប្រភពមកពីប្រទេសឥណ្ឌា។
Haleem មានលក្ខណៈប្រហាក់ប្រហែលគ្នានឹង Butter Chicken តែសាច់ត្រូវបានចិញ្ច្រាំឱ្យម៉ដ្ឋ មានរោយខ្ញី ខ្ទឹមលីងពីលើតិចៗបន្ថែមរសជាតិ។ ទាំង ២ មុខនេះអាចញ៉ាំបានទាំងជាមួយបាយ និងនំបុ័ង។
Biryani ស្រដៀងទៅនឹងបាយឆាការី តែអង្កររាងវែងៗ ហើយទន់ឆាលាយជាមួយសាច់ពណ៌លឿងៗ។
Aloo Parathas ជាប្រភេទនំបុ័ងស្នូលដំឡូងបារាំងបុកផ្សំនឹងរសជាតិហឹរតិចៗឆ្ងាញ់ ១ បែប។
ម្ហូបក្នុងហាងជាប្រភេទម្ហូបឥណ្ឌា ប៉ាគីស្ថាន ប៉ាន់ចាប៊ី និងឥណ្ឌាខាងជើង ដោយគ្រឿងផ្សំត្រូវបាននាំយកពីប្រទេសប៉ាគីស្ថាន ផ្ទាល់តែម្ដង។
ក្រៅពីបើកហាងអាហារ Princella ក៏បានឱ្យដឹងថា៖ «រយៈពេល ៣ ឆ្នាំមកនេះ យើងបានចែករំលែកពីវប្បធម៌យើងយ៉ាងច្រើនមានទាំងក្បាច់រាំ និងការសាក់ហាន់ណា ដែលមានការពេញនិយមយ៉ាងខ្លាំងនៅឥណ្ឌា។ យើងបានបងៀនជាច្រើនកន្លែង។ នៅផ្ទះក៏មានការបង្រៀនផងដែរ ដោយគិតសេវាបន្តិចបន្តួចប៉ុណ្ណោះ»។
ទីនេះផ្ដល់នូវបរិយាកាសកក់ក្ដៅ រាក់ទាក់ ស្និទ្ធស្នាល ដូចគ្រួសារតែមួយ។ តែអ្នកនាង Princella នៅតែចង់បន្ថែមម៉ាស៊ីនត្រជាក់ឱ្យអតិថិជនបានត្រជាក់ស្រួលជាងនេះ។
នាងក៏បានផ្ដាំផ្ញើទៅអតិថិជនថា៖ «ហាងនេះមិនមែនត្រឹមតែជាកន្លែងដែលអ្នកមកកុម្ម៉ង់អាហារញ៉ាំប៉ុណ្ណោះទេ តែវាជាសមិទ្ធផលកើតឡើងពីការខិតខំប្រឹងប្រែងតស៊ូរបស់គ្រួសារយើង។ វាមិនមែនគ្រាន់តែជាការរកលុយ តែជាការផ្ដល់ឥទ្ធិពលទៅលើសហគមន៍ដែលនៅជុំវិញ បង្ហាញពីវប្បធម៌ ជំនឿ និងភាពខ្លាំងទៅអ្នកដែលត្រូវការវាក្នុងជីវិត»។
ហាង Princella Flavors of Saffron បើកពីម៉ោង ១០ ព្រឹកដល់ម៉ោង ៩ យប់ ស្ថិតនៅលើផ្លូវ 7A ជិតផ្សារ Super Duper ទួលទំពូង។ ទូរស័ព្ទដឹកជញ្ជូនលេខ ០៨៨ ៦៣០ ៥១២៨ និង ០៨៨ ៦០៩ ៣០៧៦៕
វីដេអូ៖