ភ្នំពេញ: បទពិសោធពពោះកូនស្រីបានធ្វើឲ្យអតីតតារាសម្ដែងអ្នកនាង ទេព ស្រីភ័ស ហៅ ទេព សម្ភស្ប ប្តូរចំណង់អាហារបែបបំពង ហើយអ្នកនាងបានប្រើចំណេះដឹងជាមេផ្ទះច្នៃចេញរសជាតិទឹកជ្រលក់ផ្សេងៗគ្នាសម្រាប់ជ្រលក់ជាមួយសាច់ រហូតប្រែក្លាយជាអាហារទទួលបានការគាំទ្រពីអតិថិជននៅភោជនីយដ្ឋាន Wings & Beers យ៉ាងជោគជ័យ។
ក្នុងជំនួបជាមួយ ភ្នំពេញប៉ុស្ដិ៍ នៅហាងអាហារម្ដុំទួលទំពូង ដែលល្បីមាន់បំពងមានទឹកជ្រលក់ ១០ ប្រភេទ និងជាកន្លែងសម្បូរកីឡាលេងកម្សាន្តឥតជិនណាយនោះ អ្នកនាង ទេព ស្រីភ័ស ជាម្ចាស់ហាងដ៏ស្រស់សោភាបានរៀបរាប់ថា៖ «កាលមានផ្ទៃពោះបាន ៦ ទៅ ៧ ខែ ខ្ញុំតែងតែឃ្លានមាន់បំពង និងរបស់អ្វីដែលបំពងៗ ជាពិសេសមាន់បំពង ហើយក៏ពិភាក្សាគ្នារៀនធ្វើនៅផ្ទះ។
នៅពេលដែលធ្វើហើយក៏ចាប់ផ្តើមគិតថា បើធ្វើលក់ម៉េចដែរ? ព្រោះថាមាន់ហ្នឹងមានរសជាតិខុសគេ ផ្សំគ្រឿងក៏ច្រើនដែរ»។
អ្នកនាងក៏បានសម្រេចចិត្តបើកហាង Wings & Beers ដែលសព្វថ្ងៃដំណើរការបាន ១ ឆ្នាំ ៤ ខែ ហើយ។
អតីតតារាសម្ដែងលេចធ្លោក្នុងភាពយន្តភាគរឿង «ជីវិតនាងរក្សា» បានលាន់មាត់ថា៖ «ហើយដំបូងក៏មិននឹកឃើញថា បើកធំអ៊ីចឹងដែរ ប៉ុន្តែដោយសារមានភ្ញៀវគាំទ្រច្រើនពេក ទើបចេះតែពង្រីកហាងមកដល់សព្វថ្ងៃទៅ»។
Wings & Beers មានលក់មាន់បំពង Standard Set (៤ ដុំ តម្លៃ ៥,៥ ដុល្លារ) Deluxe Set (៦ ដុំ ៧,៥ ដុល្លារ) Party Pack (១៥ ដុំ ១២,៥ ដុល្លារ) និងមឹកយក្សបំពង W&B Butterfly Squid, W&B Grilled Squid (១៥ ដុល្លារ) ព្រមទាំងប្រភេទសាច់ជ្រូកបំពងដូចជា W&B Pork Knuckles (១២ ដុល្លារ) W&B BBQ Back Ribs (១៥ ដុល្លារ)។
បញ្ជីរាយនាមមុខម្ហូបក៏មានប្រភេទសាលាដដូចជា Tuna Salad, Chicken Salad (៦ ដុល្លារ) និង Caesar Salad (៥ ដុល្លារ) ព្រមទាំងមាន ណាឆូ និងថាកូ ផងដែរ តម្លៃចាប់ពី ៣ ដុល្លារឡើងទៅ។
អ្នកនាង ទេព ស្រីភ័ស ក៏បានបញ្ជាក់ពីភាពពិសេសនៃរូបមន្តមាន់បំពងរបស់ខ្លួនថា៖ «ដូចបានដឹងស្រាប់ហើយថាមាន់បំពងនៅកន្លែងណាក៏មានដែរ ប៉ុន្តែមាន់បំពងរបស់ខ្ញុំមានរសជាតិខុសពីគេ ដូចជាពេលប្រឡាក់គ្រឿងពេលខ្លះខ្ញុំបានដាក់ក្រូចបន្ថែម បើសិនជាអ្នកណាដែលគាត់ប៉ិនតេស្តរសជាតិប្រាកដជាដឹងថាមានជាតិជូរតិចៗ មិនធ្វើឲ្យរងាន់ ជាពិសេសយើងមានទឹកជ្រលក់ ១០ ប្រភេទដែលផ្សំគ្រឿងខ្លួនឯង ធ្វើឲ្យភ្ញៀវមកកាន់ទីនេះម្តងហើយនឹងមកម្តងទៀត»។
ទឹកជ្រលក់រសជាតិប្លែកៗទាំង ១០ ប្រភេទរួមមាន Honey BBQ, Spicy Sriracha, Koh Kong Red, Spicy Cheese, Kohkong Green, Mustroom, Sesame Teriyaki, Black Pepper, Classic Chiken និង Honey Mustard។
អតិថិជនមិនត្រឹមតែរីករាយនឹងរសជាតិឆ្ងាញ់ប្លែកនៃមុខម្ហូបនីមួយៗនោះទេ Wings & Beers ក៏មានតារាងសម្រាប់លេងបាល់បោះគិតតម្លៃ ១ ម៉ោង ១២ ដុល្លារ បុកប៊ីយ៉ែ មួយម៉ោង ៥ ដុល្លារ ព្រមទាំងល្បែងកម្សាន្តមិនគិតថ្លៃមាន គប់គ្រាប់ព្រួញ និងល្បែងកម្សាន្តបែបបច្ចេកវិទ្យា។
ការបន្ថែមកន្លែងលេងកីឡានេះត្រូវបានស្ថាបនិករូបស្រស់តារាសម្តែង ទេព ស្រីភ័ស ប្រាប់ឲ្យដឹងថា៖ «តាមពិតទៅរឿងមានកន្លែងលេងបាល់បោះនេះមិនមែនជាគំនិតខ្ញុំនោះទេ ជាគំនិតគ្រួសារ (ស្វាមី) ខ្ញុំទាំងអស់។ ខ្ញុំធ្លាប់ប្រាប់គាត់ថាមិនមានអ្នកណាមកលេងទេ ព្រោះថាភាគច្រើនខ្មែរយើងអត់ចូលចិត្តលេងបាល់បោះទេ ប៉ុន្តែនៅពេលគាត់រៀបចំហើយក៏ជោគជ័យដូចគាត់បានគិតមែនពេលខ្លះមិនមានកន្លែងឲ្យភ្ញៀវលេងទៀតផង»។
ក្រៅពីលេងកីឡា អតិថិជនអាចច្រៀងលេងជុំគ្រួសារ មិត្តភក្តិ ដោយមានឧបករណ៍ភ្លេងរៀបចំទុកផងដែរ។
យុវជន ម៉ែន ច័ន្ទបញ្ញា ជាម៉ូយប្រចាំនៅ Wings & Beers បានប្រាប់មក ភ្នំពេញប៉ុស្តិ៍ ពីមូលហេតុដែលចូលចិត្តពិសាអាហារនៅហាងនេះថា៖ «ក្នុង ១ អាទិត្យយ៉ាងហោចណាស់ក៏ខ្ញុំមកទីនេះ (Wings & Beers) បាន ២ ដងដែរជួនកាលខ្ញុំមកម្នាក់ឯង មកជាមួយគ្រួសារ និងភាគច្រើនមកជាមួយមិត្តភក្តិ»។
យុវជនវ័យ ២១ ឆ្នាំរូបនេះបន្តថា៖ «ខ្ញុំចូលចិត្តមកទីនេះ ដោយសារញ៉ាំអាហារមិនរងាន់។ វាមានទឹកជ្រលក់ច្រើនមុខឲ្យខ្ញុំជ្រើសរើស អ៊ីចឹងថ្ងៃនេះខ្ញុំយកទឹកជ្រលក់ផ្សេង ស្អែកខ្ញុំយកផ្សេងទៀតមិនធ្វើឲ្យខ្ញុំធុញនោះទេ»។
បើកទទួលភ្ញៀវចាប់ពីម៉ោង ១១:៣០ នាទីព្រឹករហូតដល់ម៉ោង ១២ យប់ Wings & Beers ស្ថិតនៅលើផ្លូវលេខ ៤៤០ កែងផ្លូវ ១៣៥ ម្ដុំទួលទំពូង។ ទូរស័ព្ទលេខ ០៦១ ៧៧៩ ៩០៧ ឬអាចទាក់ទងតាមរយៈហ្វេសប៊ុកផេចឈ្មោះ Wings&BeersKh ៕
វីដេអូ៖