ក្រុងប៊ែរឡាំង: មិន​ថា​វា​អូសទាញ​អីវ៉ាន់ធ្ងន់ៗ ឬ​កុមារ​តូច​ៗទេ កង់​ដឹកទំនិញ​កំពុង​ចរាចរណ៍​ដ៏​ពេញ​និយម​តាម​ក្រុង​នានា​នៅ​អាល្លឺម៉ង់ បន្ទាប់​ពី​ជម្រើស​យានយន្ដ​ស្ទួយ​បរិស្ថាន និង​ឡាន​វ៉ែន​ដឹក​ទំនិញ។

មហិច្ឆតា​ផលិត​បច្ចេកវិទ្យា​ស្ទួយ​បរិស្ថាន​ជា​គន្លឹះ​សំខាន់​ដែល​នាំ​ឲ្យ​កើតមាន​កង់​ដឹកទំនិញ​ក្នុង​ប្រទេស​ដែល​ទីក្រុង​សម្បូរ​ផ្សែង​ពុល​កំពុង​តែ​ពិចារណា​ចេញ​បម្រាម​ចរាចរណ៍​រថយន្ដ​ម៉ាស៊ូត​ដើម្បី​ទប់​ទល់​ការ​បំផ្លិច​បំផ្លាញ​បរិយាកាស។

Arne Behrensen ជា​អ្នក​ផ្សព្វផ្សាយ​កង់​ដឹកទំនិញ​កំពូល​ម្នាក់​ក្នុងប្រទេស​អាល្លឺម៉ង់ ជា​មធ្យោបាយ​ធ្វើ​ដំណើរ​បុរាណ ដែល​មាន​កង់ ២ ឬ ៣ ភ្ជាប់​កន្ទុយ​សណ្ដោង​នៅ​ផ្នែក​ខាងមុខ បាន​និយាយ​ថា៖ «គុណវិបត្ដិ​ម៉ាស៊ីន​ម៉ាស៊ូត​ជា​ដើម​ចម​ឲ្យ​មាន​ការ​អភិវឌ្ឍ​ធំ​សម្បើម​នា​ពេល​នេះ»។

Gaya Schuetze មកពី​ហាង​លក់​កង់ Mehringhof ក្រុង​ប៊ែរឡាំង ជា​មជ្ឈមណ្ឌល​ផលិត​កង់​ដឹក​ទំនិញ​ឈាន​មុខ និយាយ​ថា៖ «នៅ​ទសវត្សរ៍ ៩០ យើង​រីករាយ​ដែល​អាច​លក់​តែ​មួយ​គ្រឿង​ក្នុង ១ ឆ្នាំ»។

សព្វថ្ងៃ អាល្លឺម៉ង់​ជាទី​ផ្សារ​ធំ​បំផុត​នៅ​អឺរ៉ុប​ក្នុង​ការទិញ​កង់​ដឹកទំនិញ​ច្រើន​ជាង​គេ ដោយ​ទិន្នន័យ​លក់​កង់​ជំនួញ​អគ្គិសនី​លក់​ទៅ​ដល់ ២១០០០ គ្រឿង​ក្នុង​ឆ្នាំ ២០១៧ ស្មើ​នឹង ៤២ ភាគរយ​លើស​ពី​ឆ្នាំ​មុន។

កង់​ដឹកជញ្ជូន​មានតម្លៃ​ចន្លោះ​ពី ១៥០០ ទៅ ៦០០០ ដុល្លារ អាស្រ័យ​លើ​ម៉ូ​ដែល។ រដ្ឋាភិបាល​សហព័ន្ធ​ក៏មាន​វិធាន​ការ​ជួយ​ចេញ​ប្រាក់ ២៥០០ អឺរ៉ូ​សម្រាប់​ការ​ទិញ​កង់​ដឹក​ទំនិញ​អគ្គិសនី​ដែល​មាន​សមត្ថភាព​ផ្ទុក​ទំនិញ​ជាង ១៥០ គីឡូក្រាម ខណៈ​ដែល​អាជ្ញាធរ​ក្រុង​ប៊ែរឡាំង​បាន​ជួយ​ពី ៥០០ ទៅ ១០០០ អឺរ៉ូ៕