ក្រុង​ប៊ែរឡាំង៖ រ៉ូប៊ឺត វើន័រ និង​ភរិយា អ៊ូរស៊ូឡា តែងតែ​ឆ្លៀត​និយាយ​ពាក្យ​សួស្ដី​ទៅ​កាន់​ក្រុម​អ្នក​ឡើង​ភ្នំ​ ខណៈ​ពួក​គេ​ជិះ​កង់​អគ្គិសនី​យឺតៗ​តាម​ជម្រាល​ភ្នំ​ Bavarian Alps។

ប៉ុន្ដែ​ជា​រឿយៗ ការ​ស្វាគមន៍​របស់​ប្ដី​ប្រពន្ធ​ទាំង ២ ​បាន​ទទួល​មក​វិញ​ពី​ការ​ចង​ចិញ្ចើម​ដាក់​។ ម្ចាស់​សណ្ឋាគារ អាយុ ៤៦ ឆ្នាំ លោក រ៉ូប៊ឺត ​និយាយ​ថា៖ «​អ្វី​ដំបូង​ដែល​ពួក​គេ​ក្រឡេក​មើល​​ពេល​ឃើញ​យើង​គឺ​ កង់​អគ្គិសនី​របស់​យើង​។ បើ​យើង​ប្រើ​ម៉ាស៊ីន​ ពួក​គេ​​មិន​សូវ​ចូលចិត្ដ​យើង​ឡើយ​»។

ខណៈ​ដែល​លោក និង​អ្នកស្រី វើន័រ និយាយ​​ពី​គុណ​ប្រយោជន៍​ចំពោះ​កង់​អគ្គិសនី ដែល​អាច​ធាក់​ឈ្នាន់​ផង និង​ប្រើ​ថាមពល​អាគុយ​ផង​ដោយ​អាច​ជួយ​សម្រាល​បន្ទុក​ដ៏​យ៉ាប់​យ៊ឺន​របស់​អ្នក​ជិះ អ្នក​ខ្លះ​ទៀត​មិន​ចូល​ចិត្ដ​ចំពោះ​​ភាព​ច្នៃ​ប្រឌិត​នេះ​ទៅ​វិញ​។

អង្គុយ​លើ​កង់​អគ្គិសនី​​ ប្ដី​ប្រពន្ធ​ទាំង ២ ជិះ​ឡើង​ភ្នំ​កម្ពស់ ៨០០ ម៉ែត្រ ​ទៅ​កាន់​កំពូល​ភ្នំ Herzogstand ​​ចំណាយ​ពេល​កន្លះ​ម៉ោង ដោយ​អត់​ចេញ​ញើស​អ្វី​សោះ​។

​ប្ដីប្រពន្ធ​អាល្លឺម៉ង់​ដែល​ជិះ​កង់​អគ្គិសនី​ឡើង​ភ្នំ​រង​ការ​រិះ​គន់​។ រូបថត AFP

មនុស្ស​ជា​ច្រើន​ជឿ​ថា វា​គួរ​តែ​ជា​ការ​ប្រើប្រាស់​ថាមពល​ពី​ធញ្ញជាតិ​បំប៉ន​រាង​កាយ មិនមែន​ថាមពល​អគ្គិសនី​​ទេ។ ពួក​គេ​ចាត់​ទុក​ការ​ប្រើ​ជំនួយ​ពី​ថាមពល​អគ្គិសន​ជា​ជំនួយ​បច្ចេកវិទ្យា​ដ៏​ឥត​ប្រយោជន៍​ចំពោះ​សុខភាព​។

វត្ដមាន​កង់​អគ្គិសនី​លើ​ជម្រាល​ភ្នំ​ និង​ជួរ​ភ្នំ​ដទៃ​ទៀត​​​ក្លាយ​ជា​ប្រធានបទ​ជជែក​ដ៏​ចម្រូង​ចម្រាស​។ ការ​តវ៉ា​​ពី​សំណាក់​​ក្រុម​អ្នក​ឡើង​ភ្នំ​បាន​ក្លាយ​ជា​ប្រធាន​បទ​ល្បី​លើ​បណ្ដាញ​សារព័ត៌មាន​​អាល្លឺម៉ង់​ ដោយ​តែងតែ​ចោទ​លើ​អ្នក​​ជិះ​កង់​អគ្គិសនី​ឡើង​ចុះ​ភ្នំ​ដែល​អាច​ជួប​គ្រោះ​ថ្នាក់ និង​​​ប៉ះពាល់​​​បរិស្ថាន​។

លោក Friedl Kroenauer អាយុ ៥៩ ឆ្នាំ មក​ពី​ក្រុម​អង្គការ​បរិស្ថាន BUND Naturschutz បាន​និយាយ​ថា​៖ «​កង់​អគ្គិសនី​អនុញ្ញាត​ឲ្យ​មនុស្ស​​ជា​ច្រើន​មាន​ឱកាស​ឡើង​លើ​កំពូល​​ភ្នំ។ សកម្មភាព​ទាំង​នេះ​បង្ក​ឲ្យ​មាន​ការ​​ច្រោះ​បាក់​ដី​ជាដើម​»។

Kroenauer ​បន្ដថា អ្នក​ដែល​ឡើង​ភ្នំ​ក្នុង​តំបន់​ដោយ​ការ​ជិះ​កង់​អគ្គិសនី កំពុង​តែ​បោក​ខ្លួន​ឯង​។

លោក​បាន​លើក​ឡើង​ថា​៖ «​ទៅ​ដល់​​កំពូល​ភ្នំ​ជា​អ្វី​ដែល​លោក​អ្នក​មាន​មោទនភាព​។ អ្នក​ត្រូវ​មាន​អារម្មណ៍​ថា ខ្លួន​ចំណាយ​កម្លាំង​ថាមពល​ និង​នឿយ​ហត់​ពិត​ៗ»៕ AFP/HR