ភ្នំពេញ៖ បំណង​ចូលរួម​ចំណែក​ជួយ​ក្រុម​គ្រូ​ពេទ្យ​ជួរ​មុខ​នៃ​ក្រសួង​សុខាភិបាល​ ដែល​កំពុង​ធ្វើ​ការងារ​យ៉ាង​ស្និទ្ធ​ជាមួយ​អ្នក​ជំងឺ និង​អ្នក​ត្រូវ​ធ្វើ​ចត្ដាឡីស័ក ​យុវជន​វ័យ​ក្មេង​មួយ​ក្រុម​បាន​អភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ ​១ ​ដើម្បី​តាម​ដាន​សុខភាព​អំឡុង​ពេល​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​។

ជាតិ មរកត ជា​ប្រធាន​ក្រុម​ Jizo Team បាន​និយាយ​ថា​៖ «​យើង​បាន​ចំណាយ​ពេល ៤ សប្ដាហ៍ ​អភិវឌ្ឍ​កម្មវិធី Healthy Home Self-Quarantine App សម្រាប់​ប្រព័ន្ធ​ប្រតិបត្ដិការ​ទាំង Android និង iOS។ គោល​បំណង​គឺ​កាត់​បន្ថយ​អត្រា​ឆ្លង​ជំងឺ​កូវីដ ​១៩ និង​ជា​ការ​ចូលរួម​ចំណែក​ជួយ​ប្រទេស​យើង​ពី​ជំងឺ​ដ៏​ប្រល័យ​នេះ​»។

មុខងារ​ចម្បង​របស់​កម្មវិធី​នេះ ​រួមមាន​ការ​តាមដាន​សុខភាព​ខ្លួន​ឯង​ប្រវត្ដិ​បញ្ហា​សុខភាព​ការ​បង្កើត​របាយការណ៍​ និង​ក្រើន​រំឭក​ដល់​អ្នក​ប្រើប្រាស់​ ព្រមទាំង​ជូន​ដំណឹង​ដល់​អាជ្ញាធរ​នៅ​ពេល​ពួក​គេ​ចាក​ចេញ​ផុត​ពី​បរិវេណ​ចត្ដាឡីស័ក​។

អ្នកនាង ជាតិ មរកត បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ថា៖ «​​Self-Quarantine App គឺ​ជា​កម្មវិធី​ទូរស័ព្ទ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​បំណង​ជួយ​អ្នក​សង្ស័យ​មាន​ជំងឺ​កូវីដ ​១៩ ដើម្បី​តាម​ដាន​សុខភាព​ផ្ទាល់​ខ្លួន​​អំឡុង​ពេល​ធ្វើ​ចត្ដាឡីស័ក និង​សម្របសម្រួល​កិច្ចការ​ចត្ដាឡីស័ក​សម្រាប់​អាជ្ញាធរ​ថែម​ទៀត​»។

កម្មវិធី Healthy Home Self-Quarantine ត្រូវបាន​អ្នកនាង ជាតិ មរកត ប្រធានក្រុម Jizo Team ធ្វើបទ​បង្ហាញ​នៅ NIPTICT។ រូបថត សហ​ការី

អ្នក​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ដូចជា​នៅ​ផ្ទះ ឬ​កន្លែង​កំណត់​ណា​មួយ​តម្រូវ​ឲ្យ​បង្ហាញ​គោល​ដៅ​កំពុង​ស្នាក់​របស់​ខ្លួន​ជា​ប្រចាំ​។ បន្ទាប់​មក​កម្មវិធី​ទូរស័ព្ទ App ដែល​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​ស្មាតហ្វូន​នឹង​​ផ្ដល់​សញ្ញា​រោទ៍​ប្រាប់​អ្នក​ប្រើប្រាស់​ បើ​ពួក​គេ​ចាក​ចេញ​ពី​បរិវេណ​ចត្ដាឡីស័ក​សុវត្ថិភាព​។

អ្នកនាង ​មរកត បាន​បន្ដ​ឲ្យ​ដឹង​ទៀត​ថា​៖ «​មុខងារ​ចម្បង ​១ ​ទៀត​គឺ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​បញ្ចូល​ទិន្នន័យ​ប្រចាំ​ថ្ងៃ​ ឆែក​សីតុណ្ហភាព​ និង​រោគ​សញ្ញា​ពាក់ព័ន្ធ​ផ្សេងៗ​​ទៀត​ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​អាជ្ញាធរ​គ្រប់គ្រង​ចត្ដាឡីស័ក​»។

អ្នក​ប្រើប្រាស់​បញ្ចូល​ទិន្នន័យ​ ១ ​ថ្ងៃ ​២ ដង គឺ​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច​ ដើម្បី​តាមដាន​ពី​ស្ថានភាព​ជំងឺ​ដូចជា​ក្អក ឈឺ​បំពង់​ក និង​គ្រុន​ក្ដៅ​ជាដើម​។ ទិន្នន័យ​នេះ​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​​​អាជ្ញាធរ និង​ក្រសួង​សុខាភិបាល​។

អ្នកនាង ជាតិ មរកត ដែល​បញ្ចប់​ការ​សិក្សា​ផ្នែក Advanced Control and Optimization នៃ​សាកល​វិទ្យាល័យ ជូឡាឡុងកន ប្រទេស ​ថៃ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍​ ទៀត​ថា​៖ «​សារ​ក្រើន​រំឭក​តាមរយៈ​ Telegram Bot និងWeb Admin នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អាជ្ញាធរ​នៅ​ជិត​បំផុត ​ដើម្បី​ឲ្យ​មាន​កិច្ច​អន្ដរាគមន៍​បន្ទាន់​ បើ​បុគ្គល​នោះ​មិន​ព្រម​វិល​ទៅ​កាន់​បរិវេណ​ចត្ដាឡីស័ក​វិញ​»។

អតីត​និស្សិត​ ដែល​ទើប​រៀបការ​ថ្មីៗ​នេះ​បាន​បន្ដ​ថា​៖ «​វា​អាច​ឲ្យ​អាជ្ញាធរ​ចាត់​វិធាន​ការ​ភ្លាមៗ​ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​បើ​មើល​ឃើញ​ថា​បុគ្គល​នោះ​ត្រូវ​ការ​ជំនួយ​បន្ទាន់​។ អ្នក​ប្រើប្រាស់​ក៏​អាច​ទទួល​ប្រយោជន៍​ពី​ការ​តាម​ដាន​សុវត្ថិភាព​ផ្ទាល់​ខ្លួន និង​ទទួល​បាន​ការ​ណែនាំ​តាមរយៈ​ការ​បញ្ចូល​ទិន្នន័យ​រាល់​ថ្ងៃ​»។

អ្នក​ប្រើប្រាស់​ App ត្រូវ​ដោនឡូត Healthy Home Self-Quarantine App។ បន្ទាប់​ពី​ចុះ​ឈ្មោះ​រួច (ការ​បញ្ចូល​លេខ​ទូរស័ព្ទ) ពួក​គេ​គ្រាន់​តែ​ដៅ​ផែនទី​ដែល​ខ្លួន​ស្ថិត​នៅ​។

លើ​ទំព័រ​ដើម ពួក​គេ​អាច​ចុច​ប៊ូតុង «Insert Data» ដើម្បី​ចាប់​ផ្ដើម​ឆ្លើយ​សំណួរ​ទាក់ទង​នឹង​រោគ​សញ្ញា​ជំងឺ​កូវីដ ​១៩ និង​បញ្ជូន​។

ដោយសារ​អ្នក​ប្រើប្រាស់​មិន​តម្រូវ​ឲ្យ​បញ្ចូល​ទិន្នន័យ​លម្អិត​ ដោយ​គ្រាន់​តែ​ត្រឹម​លេខ​ទូរស័ព្ទ ការ​សម្ងាត់​របស់​បុគ្គល​ត្រូវ​បាន​ការពារ​។

ប្រធាន​ក្រុម Jizo Team បាន​និយាយ​ថា៖ «​ចំពោះ​បញ្ហា​សិទ្ធិ​ឯកជនភាព កម្មវិធី​នេះ​ប្រមូល​ទិន្នន័យ​តិច​តួច​បំផុត​ពី​អ្នក​ប្រើប្រាស់​។ វា​មិន​ទទួល​យក​នូវ​ទិន្នន័យ​ដែល​បង្ហាញ​អត្ដសញ្ញាណ​អ្នក​ប្រើប្រាស់​ជាក់​លាក់​ឡើយ ដូចជា ឈ្មោះ ភេទ និង​សញ្ជាតិ​ជាដើម​»។

សមាជិក Jizo Team ដែល​បង្កើត​ឡើង​កាលពីខែមករា ឆ្នាំ​២០២០​​។ រូបថត សហ​ការី

អ្នក​នាង​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ត្រូវ​ប្រើ​កម្មវិធី​ទូរស័ព្ទ​នេះ ​គឺ​ជា​អ្នក​ជំងឺ​កូវីដ ១៩ ឬ​អ្នក​សង្ស័យ និង​អ្នក​ត្រូវ​ធ្វើ​ចត្ដាឡីស័ក ដែល​ចាត់​តាំង​ដោយ​វេជ្ជបណ្ឌិត ឬ​អាជ្ញាធរ​។

Jizo Team ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​មករា ឆ្នាំ ​២០២០ និង​​មាន​សមាជិក​ ៨ នាក់​ ​​ដំបូង​ឡើង​ក្នុង​បំណង​រចនា​កម្មវិធី​ទូរស័ព្ទ​ស្ដីពី​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ តែ​ពួក​គេ​សម្រេច​ប្ដូរ​មក​អភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ​សុខភាព ដើម្បី​ជួយ​ទប់​ស្កាត់​ជំងឺ​រាត​ត្បាត​នៅ​កម្ពុជា​។

អ្នកនាង ​មរកត បាន​បញ្ជាក់​ទៀត​ថា​៖ «កម្មវិធី​ទូរស័ព្ទ​របស់​យើង​កំពុង​រង់ចាំ​នូវ​ការ​អភិវឌ្ឍ​ចុង​ក្រោយ​ចំពោះ​កិច្ច​សហការ​ជាមួយ​ក្រសួង​សុខាភិបាល និង​ក្រសួង​​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មុន​ពេល​ដាក់​ឲ្យ​ដំណើរ​ការ​សម្រាប់​អ្នក​ត្រូវ​ធ្វើ​ចត្ដាឡីស័ក ១៤ ថ្ងៃ»។

កម្មវិធី ​Healthy Home Self-Quarantine App កាល​ពី​ថ្មីៗ​នេះ​ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ​ជាមួយ​កម្មវិធី​ទូរស័ព្ទ​មួយ​ផ្សេង​ទៀត និង​ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម​របស់​វិស្វករ​វ័យ​ក្មេង​ ២ ក្រុម​ផ្សេងៗ​គ្នា​ក្នុង​ជំនួប​រវាង​ ​ក្រុម​អ្នក​ស្រាវជ្រាវ និង​​វិទ្យាស្ថានជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ហៅ​កាត់​ថា និបទីក (NIPTICT)។

កញ្ញា មរកត​ បាន​បញ្ជាក់​ថា​៖ «យើង​​កំពុង​ព្យាយាម​បង្ហើយ​កិច្ច​ការ​ឲ្យ​បាន​ឆាប់​។ ប៉ុន្ដែ​ខ្ញុំ​មិន​អាច​និយាយ​ថា ពេល​ណា​ឡើយ​។ វា​អាស្រ័យ​លើ​ក្រសួង​ទាំង ២»៕