ភ្នំពេញ៖ ចំណោម​​​កុមារ​​​ជា​ច្រើន​​​ដែល​តម្រូវ​ឲ្យ​​រៀន​នៅ​ផ្ទះ សិស្ស​មាន​​ពិការភាព​គថ្លង់​​ រឹត​តែ​ប្រឈម​នឹង​​ឧបសគ្គ​​ក្នុង​ការ​សិក្សា និង​ទំនាក់ទំនង។​

ដោយ​មើល​ឃើញ​ពី​តម្រូវ​ការ​​នេះ អង្គការ​គ្រួសារ​ថ្មី​ដែល​​បាន​អនុវត្ត​កម្មវិធី​អប់រំ​ពិសេស​​សម្រាប់​កុមារ​មាន​កង្វះ​ញាណ​ដឹង​​អស់​រយៈពេល ២៥ ឆ្នាំ​មក​ហើយ​នោះ​ បាន​ដាក់​ឲ្យ​​ដំណើរការ​នូវ​កម្មវិធី​រៀន​សូត្រ​បែប​បរិយាបន្ន​តាម​ទូរស័ព្ទ​ដៃ​​ឈ្មោះ​ថា «ពាក្យ និង​​រូបភាព» (Words and Pictures) កាល​ពី​សប្ដាហ៍​ថ្មីៗ​​កន្លង​ទៅ​នេះ។

កម្មវិធី​ស្មាតហ្វូន «ពាក្យ និង​រូបភាព» មិន​ត្រឹម​តែ​តម្រូវ​សម្រាប់​​​កុមារ​មាន​បញ្ហា​គថ្លង់​នោះ​ទេ ថែម​ទាំង​ជួយ​ឲ្យ​ក្រុម​គ្រួសារ​ មិត្តភក្ដិ បងប្អូន និង​មនុស្ស​ទូទៅ​រៀន​​សូត្រ​ពី​ភាសា​សញ្ញា​កម្ពុជា​ផង​ដែរ។

អ្នកនាង ជូលៀត អេស្ត្រា ជា​អ្នក​គ្រប់គ្រង​​គម្រោង និង​ទំនាក់ទំនង​ម្ចាស់​ជំនួយ​នៅ​មូលនិធិ​គ្រួសារ​ថ្មី បាន​ឲ្យ​ដឹង​ថា អង្គការ​បាន​ធ្វើ​កិច្ចការ​ជាមួយ​គណៈកម្មាធិការ​ភាសា​សញ្ញា​កម្ពុជា និង​​វិទ្យាស្ថាន​ជាតិ​សម្រាប់​ការ​អប់រំ​ពិសេស​ ដើម្បី​ធានា​ថា កម្មវិធី​ស្មាតហ្វូន​នេះ​​ផ្ដល់​អត្ថប្រយោជន៍​ដល់​ការ​អប់រំ​កុមារ​មាន​បញ្ហា​គថ្លង់។

អ្នកនាង​បាន​​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ឲ្យ​ដឹង​​ថា៖ «វា​ពិត​ជា​សំខាន់​ណាស់​ដែល​យើង​ធ្វើ​ការ​បង្កើត និង​កែ​ច្នៃ​ធនធាន ​ដើម្បី​ជួយ​ដល់​កុមារ​​​​មាន​តម្រូវការ​ពិសេស។ យើង​ជឿថា​ ​បច្ចេកវិទ្យា​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ផ្ដល់​លទ្ធភាព​អប់រំ និង​ទំនាក់ទំនង​​ជាមួយ​កុមារ​មាន​កង្វះ​ញាណ​ដឹង​ទាំង​នេះ»។

កម្មវិធីទូរស័ព្ទ «ពាក្យ និង​រូបភាព» មាន​ភ្ជាប់​សំឡេង រូបភាព​ភាសា​សញ្ញា​កម្ពុជា និង​ភាសា​សញ្ញា​អាមេរិក​ ជំនួយដល់​​ការ​រៀន​​របស់កុមារ។ រូបថត Melissa Raynaud

រឿងរ៉ាវ​ដែល​​នាំ​ឲ្យ​មាន​ការ​​​បង្កើត​​កម្មវិធី​​ស្មាត​ហ្វូន «ពាក្យ និង​រូបភាព» ដើម​ឡើយ​ចេញ​ពី​អ្នក​ជំនាញ​ផ្ដល់​ប្រឹក្សា​​ម្នាក់​ នៅ​ពេល​ដែល​នាង​បាន​ជួប​កុមារា​ពិការភាព​ស្ដាប់​មិន​ឮ​ម្នាក់​ឈ្មោះ ទីណា។

កុមារា ទីណា​ និង​ឪពុក​ បាន​ប្រាប់​នាង​​ពី​ផល​លំបាក​ក្នុង​ការ​ទំនាក់ទំនង​​ជា​ភាសា​កាយវិការ ដោយ​គ្រួសារ​នេះ​ពុំ​ចេះ​ប្រើ​ភាសា​សញ្ញា។ ក្រោយ​មក​កុមារា​ ទីណា បាន​មក​កាន់​សាលា​រៀន​​អប់រំ​​ពិសេស​ នៃ​អង្គការ​គ្រួសារ​ថ្មី ដែល​ត្រូវ​បាន​ផ្ទេរ​ការ​គ្រប់គ្រង​ជូន​រដ្ឋ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន។​

អ្នកនាង ជូលៀត អេស្ត្រា អ្នក​គ្រប់គ្រង​​គម្រោង និង​ទំនាក់ទំនង​ម្ចាស់​ជំនួយ​បាន​ឲ្យ​ដឹង​ថា៖ «នៅ​សាលា ទីណា បាន​រៀន​ភាសា​សញ្ញា​កម្ពុជា ហើយ​ក្រុម​គ្រួសារ​​គាត់​ក៏​ត្រូវ​រៀន​ភាសា​​នេះ​ដែរ។ នៅ​ពេល​ទំនាក់ទំនង​ដោយ​សញ្ញា ​កាន់​តែ​យល់​គ្នា​​​ស៊ី​ជម្រៅ វា​ធ្វើ​ឲ្យ​ផ្លូវ​អារម្មណ៍ និង​សុខុមាលភាព​កុមារ​កាន់​តែ​ប្រសើរ​ឡើង»។

បទពិសោធ​ក្នុង​គ្រួសារ​របស់​កុមារា ទីណា បាន​​ធ្វើ​​ឲ្យ​អង្គការ​គ្រួសារ​ថ្មី​​​បង្កើត​​កម្មវិធី​សិក្សា​​ទំនើប​តាម​ទូរស័ព្ទ​ដៃ ដើម្បី​ផ្ដល់​ឲ្យ​ក្រុម​គ្រួសារ​មាន​សមាជិក​ពិការភាព​ចាប់​យក​ភាសា​សញ្ញា​ដ៏​ត្រឹមត្រូវ​តាំង​ពី​ដើម​ ក៏​ដូចជា​លើក​កម្ពស់​ការ​យល់​ដឹង​ពី​ភាសា​សញ្ញា​កម្ពុជា​ផង​ដែរ។​

កម្មវិធី​ទូរស័ព្ទ​​នេះ​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​វិទ្យាស្ថាន​បើក​ទូលាយ​ ដោយ​មាន​ទម្រង់​ស្រដៀង​នឹង​វចនានុក្រម​រូបភាព ដើម្បី​ជួយ​ឲ្យ​កុមារ​អាច​ចាប់​បាន​ពី​ភាសា និង​ពាក្យ​ពេចន៍​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ក្នុង​បរិបទ​កម្ពុជា​ជាង ៥០០ ពាក្យ។

ក្រៅ​ពី​ផ្ដល់ការ​អប់រំ​បែប​កម្សាន្ត កម្មវិធី ពាក្យ និង​រូបភាព ក៏​មាន​បញ្ចូល​នូវ​សំឡេង និង​រូបភាព​​​ភាសា​សញ្ញា​​កម្ពុជា និង​សញ្ញា​អាមេរិក​ ដើម្បី​សម្រួល​ដល់​ការ​ទំនាក់ទំនង​រវាង​កុមារ​មាន​ពិការភាព​គថ្លង់។

អ្នកនាង ជូលៀត អេស្ត្រា បាន​ឲ្យ​ដឹង​ថា៖ «ដោយសារ​តែ​ស្ថានភាព​បច្ចុប្បន្ន​តម្រូវ​ឲ្យ​សិស្ស​រៀន​នៅ​ផ្ទះ​ ដូច្នេះ​យើង​ក៏​ពន្លឿន​ការ​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​នេះ​ឡើង ជា​ពិសេស​សម្រាប់​ក្មេង​មាន​ពិការភាព​អាច​​ចាប់​យក​ភាសា​សញ្ញា រៀន​ពាក្យ​អង់គ្លេស​ និង​ខ្មែរ​​ពី​កម្មវិធី​នេះ»។

កុមារ​នៅអង្គការ​គ្រួសារ​ថ្មី​​ ប្រើប្រាស់​ឧបករណ៍ជំនួយ​ការ​ស្ដាប់​។ រូបថត ហុង មិនា

អ្នក​ប្រើប្រាស់​អាច​ទាញ​ពី Google Play និង Apple stores ដោយ​ឥតគិត​ថ្លៃ ​ហើយ​ក្រោយ​ពេល​ពី​ដាក់​ដំណើរការ​​លើ​ទូរស័ព្ទ​រួច កម្មវិធី​មិន​តម្រូវ​ឲ្យ​​ភ្ជាប់​អ៊ីនធឺណិត​ទៀត​ទេ។

អ្នកនាង អេស្ត្រា បាន​បន្ត​ទៀត​ថា៖ «ក្រៅ​ពី​កុមារ​មាន​ពិការភាព​គថ្លង់​កម្មវិធី​នេះ​ក៏​មាន​ប្រយោជន៍​សម្រាប់​គ្រួសារ​មាន​កូន​តូច ឬ​ពុំ​មាន​ពិការភាព​​ផង​ដែរ​។ អ្នក​ប្រើប្រាស់​ក៏​អាច​ស្វែង​យល់​ពី​ភាសា​ខ្មែរ អង់គ្លេស និង​ភាសា​សញ្ញា​ខ្មែរ និង​សញ្ញា​អាមេរិក»។

ទោះជា​ទើប​តែ​​ដំណើរការ​បាន​ប៉ុន្មាន​សប្ដាហ៍ អ្នកនាង អេស្ត្រា បាន​ឲ្យ​ដឹង​ថា កម្មវិធី «ពាក្យ និង​​រូបភាព» ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​កម្មវិធី​ទូរស័ព្ទ​​ដ៏​ពេញ​និយម​ទាំង ​៣ នៅ​ Google Play Store ​កម្ពុជា។

អ្នកនាង​បាន​បន្ត​ទៀត​ថា៖ «យើង​ក៏​ទទួល​បាន​មតិ​​សាទរ​ពី​មាតាបិតា និង​អ្នក​ប្រើប្រាស់​ជា​ច្រើន ជាពិសេស​គ្រួសារ​ដែល​មាន​កូន​មាន​ពិការភាព។ ពួក​គេ​សប្បាយ​ចិត្ត​ដែល​ទទួល​បាន​មធ្យោបាយ​បច្ចេកវិទ្យា សម្រួល​ដល់​ការ​ទំនាក់ទំនង»។

ដើម្បី​ទាញ​យក​កម្មវិធី «ពាក្យ និង​រូបភាព» សូមចូល​ទៅ​កាន់ http://onelink.to/krousarthmey។ ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​អង្គការ​​គ្រួសារ​ថ្មី​តាមរយៈ​អ៊ីមែល pr@krousar-thmey.org៕