ក្រុងវ៉ាស៊ីងតោន៖ Vaxxing មិនមែនមានន័យថា ត្រូវបករោម គឺជាយុទ្ធនាការត្រូវធ្វើមុនពេលចាប់ផ្ដើមចេញជួបដៃគូ ក៏ដូចជាកម្មវិធីទូរស័ព្ទណាត់ជួបស្នេហ៍ដែលចូលរួមជាមួយសេតវិមាន កាលពីថ្ងៃសុក្រដើម្បីផ្សព្វផ្សាយការចាក់វ៉ាក់សាំងកូវីដ ១៩។
កម្មវិធីទូរស័ព្ទណាត់ជួបស្នេហ៍ ដូចជា Tinder, Hinge, Match, OkCupid, BLK, Chispa, Plenty of Fish, Bumble និង Badoo សុទ្ធតែបានបន្ថែមស្ថានភាពវ៉ាក់សាំងលម្អិតជាផ្នែកមួយនៃយុទ្ធនាការនៅប៉ុន្មានសប្ដាហ៍ទៀត។
សេតវិមានបានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍ថា ការចាក់វ៉ាក់សាំងក៏អាចជាទង្វើធ្វើដើម្បីគូស្នេហ៍ជាជាងការគិតគូរពីរឿងសុខភាពតែមួយមុខ។
ប្រភពដដែលបានបន្ដថា៖ «យោងតាមការស្រាវជ្រាវពី OKCupid អ្នកដែលទទួលការចាក់វ៉ាក់សាំង ឬគម្រោងចាក់វ៉ាក់សាំង បានទទួលជោគជ័យក្នុងការស្វែងរកគូស្រករលើសអ្នកអត់មានគម្រោងចាក់ ១៤ ភាគរយ»។
សេតវិមានបានបន្ថែមថា ជាក់ស្ដែងក្នុងចំណោមគ្រឿងលើកទឹកចិត្ដបន្ថែមជាច្រើនដែលត្រូវបានផ្ដល់ដោយកម្មវិធីទូរស័ព្ទ Tinder គឺជាលទ្ធភាពប្រើប្រាស់ «Super Like» ដើម្បីជួយពួកគេបង្ហាញភាពលេចធ្លោរក្នុងការស្វែងរកគូស្រករ។
កម្មវិធីទូរស័ព្ទមួយចំនួនទៀត រួមទាំង BLK ដែលជាគោលដៅរបស់ពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិក និង Chispa ក៏ត្រូវបានប្រើយ៉ាងទូលំទូលាយពីសំណាក់សហគមអ្នកនិយាយភាសាអេស្ប៉ាញផងដែរ។
យោងតាមសេចក្ដីថ្លែងការណ៍សេតវិមានបានឱ្យដឹងថា៖ «ក្រុមហ៊ុនទាំងនេះបានចូលរួមជាមួយអង្គការជាច្រើនទៀតនៅទូទាំងប្រទេស ដែលបានឆ្លើយតបនឹងការអំពាវនាវរបស់លោកប្រធានាធិបតីក្នុងការផ្ដល់គ្រឿងលើកទឹកចិត្ដ និងព័ត៌មានានានាបំណងជួយពលរដ្ឋអាមេរិកចេញមកទទួលវ៉ាក់សាំង»។
ពលរដ្ឋពេញវ័យអាមេរិកជាង ៦០ ភាគរយ បានទទួលការចាក់វ៉ាក់សាំងយ៉ាងតិចមួយដូស។ លោកប្រធានាធិបតីអាមេរិក ចូ ប៊ីដេន បានកំណត់គោលដៅចាក់ជូនពលរដ្ឋខ្លួនរហូតដល់ ៧០ ភាគរយនៅ ត្រឹមថ្ងៃទី ៤ ខែកក្កដានេះ៕ AFP/HR