ភ្នំពេញ៖ និស្សិតចំនួន ៩ ក្រុម មកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន ៦ កំពុងតែមមាញឹកផលិតរ៉ូបូតរៀងៗខ្លួន ដើម្បីប្រញាប់បញ្ចប់យកទៅប្រកួតប្រជែងកម្មវិធីរ៉ូបូតថ្នាក់ជាតិលើកទី ៧ (Robocon Cambodia 2020) នៅថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០២០ ខាងមុខនេះ ដែលធ្វើនៅឯអគារដំបូលទូក បរិវេណនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមប្រធានបទថា «កីឡាបាល់ឱប» ដោយមានក្រុមហ៊ុន Toyota Cambodia គឺជាអ្នកឧបត្ថម្ភធំ។
បើតាមលោក ប៉ាង ចំណាន ជាអ្នកគ្រប់គ្រងការរៀបចំកម្មវិធីប្រកួតប្រជែងរ៉ូបូតលើកទី ៧ នេះ បង្ហើបឲ្យដឹងពីក្រុមចូលរួមថា៖ «ឆ្នាំនេះ យើងមាននិស្សិតចំនួន ៩ ក្រុម មកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន ៦ ដែលនឹងត្រូវចូលរួមប្រកួតប្រជែងគ្នានៃកម្មវិធី Robocon Cambodia 2020។ ក្នុងនោះ រួមមាន ក្រុមមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញមាន (២ ក្រុម) មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (១ ក្រុម) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (២ ក្រុម) វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (២ ក្រុម) វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ (១ ក្រុម) និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (១ ក្រុម)»។
លោក ប៉ាង ចំណាន ក៏បានបន្តឲ្យដឹងពីមូលហេតុនាំឲ្យដាក់ប្រធានបទ ដែរថា៖ «ដោយសារ Robocon ក៏ជាផ្នែកមួយនៃព្រឹត្តិការណ៍រ៉ូបូតអន្តរជាតិ ABU Robocon ខណៈឆ្នាំ ២០២០ នេះ កោះហ្វីជី នឹងក្លាយជាប្រទេសធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួត ហើយគេមានសិទ្ធិជ្រើសរើសយកប្រធានបទតាមការពេញចិត្តបាន។ កីឡាបាល់ឱប ជាកីឡាបែបប្រពៃណីវប្បធម៌របស់ខ្លួនទើបនាំឲ្យប្រទេសនេះ សម្រេចយកប្រធានបទកីឡាបាល់ឱប។ ក្រុមទាំង ៩ មកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន ៦ នោះ នឹងប្រកួតប្រជែងគ្នាដើម្បីស្វែងរកជើងឯកប្រចាំឆ្នាំ ដែលនឹងត្រូវធ្វើជាតំណាងឲ្យកម្ពុជាទៅចូលរួមប្រកួតព្រឹត្តិការណ៍រ៉ូបូតអន្តរជាតិ ABU Robocon 2020 នៅកោះហ្វីជី ផងដែរ»។
លោក ប៉ាង ចំណាន ក៏បានពន្យល់របៀបលេងកីឡាបាល់ឱប ដោយសង្ខេបដែរថា៖ «ក្រុមនីមួយៗមានរ៉ូបូតចំនួន ២។ រ៉ូបូតទី១ ត្រូវយកបាល់ពណ៌ខៀវ ឬក្រហម (Try Ball) រួចបោះបាល់នោះ ឲ្យរ៉ូបូតទី២។រ៉ូបូតទី២ ពេលទទួលបាល់នោះ ជោគជ័យ ត្រូវយកបាល់ឆ្លងកាត់ឧបសគ្គ រួចដាក់គោលដៅ Try Spots។ រាល់ការដាក់បាល់ Try Ball បានជោគជ័យនៅ Try Spots នោះ សមាជិកក្រុម អាចយកបាល់ Kick Ball សម្រាបរ៉ូបូតទាត់នៅតំបន់ចំនួន ៣ Kick Zone 1 ទី 2 និងទី 3 ខណៈដែលក្រុមរ៉ូបូតនឹងទទួលបានពិន្ទុខុសៗគ្នា នៅពេលទាត់ចូលគោលដៅ Goal។ ក្រុមណារកពិន្ទុបានច្រើនជាងគេរយៈពេល ៣ នាទី នឹងឈ្នះក្នុងការប្រកួត»៕