ភ្នំពេញ៖ បើទោះជាស្ថិតនៅក្នុងស្ថានភាពរាតត្បាតនៃជំងឺកូវីដ ១៩ មែនក្តីក៏សាកលវិទ្យាល័យ និងវិទ្យាស្ថាននានាបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រកួតរ៉ូបូតថ្នាក់ជាតិលើវិញ្ញាសា «បាល់បោះ» លើកទី៧ ដែលបានលើកកាលបរិច្ឆេទប្រកួតកាលពីខែឧសភា មកធ្វើនៅខែតុលា ឆ្នាំ ២០២០ ខាងមុខនេះវិញ និងដើម្បីឈានឆ្ពោះទៅរកជើងឯកសម្រាប់ការចូលរួមប្រកួតកម្រិតអន្តរជាតិ ABU Robocon 2020 នៅដែនដីប្រទេសកោះហ្វីជី នាឆ្នាំនេះផងដែរ។
បើតាមលោក ប៉ាង ចំណាន ដែលជាអ្នកគ្រប់គ្រងការរៀបចំកម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី៧ នេះ បង្ហើបថា៖ «ដោយសារវិបត្តកូវីដ ១៩ ទើបការប្រកួតរ៉ូបូតថ្នាក់ជាតិឆ្នាំនេះ (Robocon Cambodia 2020) ត្រូវលើកពេលពីថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០២០ មកធ្វើនៅថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២០ វិញ ដែលធ្វើនៅអគារដំបូលទូកនៅក្នុងបរិវេណនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមប្រធានបទថា «កីឡាបាល់ឱប» ដោយមានក្រុមហ៊ុន Toyota Cambodia គឺជាអ្នកឧបត្ថម្ភធំ។
លោក ប៉ាង ចំណាន បន្តថា៖ «ឆ្នាំនេះ យើងមានក្រុមនិស្សិតចំនួន ១០ ក្រុម មកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន ៦ ដែលបានចូលរួមប្រកួតប្រជែងគ្នានៃកម្មវិធី Robocon Cambodia 2020។ ក្នុងនោះមានក្រុមមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (២ ក្រុម) មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (១ ក្រុម) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(២ ក្រុម) វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(២ ក្រុម) វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ (២ ក្រុម) និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (១ ក្រុម) ហើយក្រុមនីមួយៗអាចមានសមាជិករបស់ខ្លួនត្រឹមតែចន្លោះពី ៣ ទៅ ៧ នាក់ប៉ុណ្ណោះ»។
លោក ប៉ាង ចំណាន ក៏បានឲ្យដឹងពីមូលហេតុនាំឲ្យដាក់ប្រធានបទថា «បាល់បោះ» ដែរថា៖ «ដោយសារ Robocon ក៏ជាផ្នែកមួយនៃព្រឹត្តិការណ៍រ៉ូបូតអន្តរជាតិឈ្មោះ ABU Robocon ខណៈឆ្នាំ ២០២០ នេះ កោះហ្វីជីនឹងក្លាយជាប្រទេសធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួត ហើយគេមានសិទ្ធិជ្រើសរើសយកប្រធានបទតាមការពេញចិត្តបាន។ កីឡាបាល់ឱប ជាកីឡាបែបប្រពៃណីវប្បធម៌របស់ខ្លួនទើបនាំឲ្យប្រទេសនេះ សម្រេចយកប្រធានបទកីឡាបាល់ឱប។
ក្រុមទាំង ១០ មកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន ៦ នោះ នឹងប្រកួតប្រជែងគ្នាដើម្បីស្វែងរកជើងឯកប្រចាំឆ្នាំ ដែលនឹងត្រូវធ្វើជាតំណាងឲ្យកម្ពុជាទៅចូលរួមប្រកួតព្រឹត្តិការណ៍រ៉ូបូតអន្តរជាតិ ABU Robocon 2020 នៅដែនដីប្រទេសកោះហ្វីជី ទៀតផងក្រោយពីជាប់ជើងឯក»។
លោក ប៉ាង ចំណាន ក៏បានពន្យល់របៀបលេងកីឡាបាល់ឱបដោយសង្ខេបដែរថា៖ «ក្រុមនីមួយៗមានរ៉ូបូតចំនួន ២។ រ៉ូបូតទី១ ត្រូវយកបាល់ពណ៌ខៀវ ឬក្រហម (Try Ball) រួចបោះបាល់នោះ ឲ្យរ៉ូបូតទី២។ រ៉ូបូតទី២ ពេលទទួលបាល់នោះ ជោគជ័យត្រូវយកបាល់ឆ្លងកាត់ឧបសគ្គ រួចដាក់គោលដៅ Try Spots។
រាល់ការដាក់បាល់ Try Ball បានជោគជ័យនៅ Try Spots នោះ សមាជិកក្រុមអាចយកបាល់ Kick Ball សម្រាប់រ៉ូបូតទាត់នៅតំបន់ចំនួន ៣ Kick Zone ទី១ ទី២ និងទី៣ ខណៈក្រុមរ៉ូបូត នឹងទទួលបានពិន្ទុខុសៗគ្នានៅពេលទាត់ចូលទៅគោលដៅ (Goal)។ សម្រាប់ក្រុមណា ដែលអាចរកពិន្ទុបានច្រើនជាងគេក្នុងរយៈពេល ៣ នាទីនោះ នឹងត្រូវឈ្នះក្នុងការប្រកួត»៕