ក្រុង​ខេបថោន៖ សំឡេង​រោទ៍​យ៉ាង​ខ្លាំង​បាន​លាន់​រំពង​កាត់​វាល​ខ្សាច់​កាឡាហារី នៃ​តំបន់​អាហ្វ្រិក​ភាគ​ខាង​ត្បូង​។ វា​ហាក់​ដូច​ជា​យន្ដហោះ​ចម្បាំង​ហោះហើរ​ទាប​​ដល់​ដី​​នៃ​តំបន់ ហាស្គីន ផាន ជា​បាត​បឹង​ដ៏​សោះ​កក្រោះ​ដាច់​ស្រយាល​ស្ថិត​ក្នុង​ខេត្ដ​ខេប ខាង​ជើង​នៃ​ប្រទេស ​អាហ្វ្រិក​ខាង​ត្បូង​ ក្បែរ​ព្រំ​ដែន​ណាមីប៊ី​។

ផ្សែង​ដី​ខ្សាច់​ស​ក្បុស​​ហោះ​ត្របាញ់​ងងឹត​មេឃ​ ធ្វើ​ឲ្យ​មេឃ​មើល​ពុំ​ច្បាស់ រថយន្ដ​កាំជ្រួច​ប្រណាំង​បញ្ចេញ​សំឡេង​ដូច​រន្ទះ​ និង​បោះ​ពួយ​យ៉ាង​លឿន​សំដៅ​គោលដៅ​ខាង​មុខ​។

រថយន្ដ​កាំ​ជ្រួច Bloodhound បន្ដ​បន្ថែម​ល្បឿន​យ៉ាង​លឿន ​ដើម្បី​បំបែក​កំណត់ត្រា​ពិភព​លោក​ ដែល​មាន​ល្បឿន ១ ២២៣ គីឡូម៉ែត្រ ​ក្នុង ​១ ​ម៉ោង​។ វា​នៅ​មាន​អានុភាព​ខ្លាំង​លើស​នេះ មុន​ពេល​កំពូល​រថយន្ដ​នេះ​ប៉ង​ឲ្យ​ដល់​កម្រិត​កំពូល។

អ្នកបើកបរ Andy Green បង្កើត​ល្បឿន​រថយន្តបាន ៩០៤ km/h​​។ រូបថត AFP

អ្នក​បើកបរ Andy Green មាន​បាន​និយាយ​ថា​៖ «​យើង​បាន​ឈាន​ដល់​ល្បឿន​ ៩០៤ គីឡូម៉ែត្រ ​ក្នុង ​១ ​ម៉ោង ​រហូត​ដល់​អង្គុយ​ហើប​ផុត​ពី​ដី និង​មួក​សុវត្ថិភាព​កាន់​ជាប់​ដៃ​»។

កំពូល​រថយន្ដ​ប្រណាំង​ផលិត​នៅ​ចក្រភព​អង់គ្លេស​ឈរ​យ៉ាង​សង្ហា​ខាង​ក្រោយ​រូប​លោក ខណៈ​ផ្សែង​ខ្សាច់​នៅ​តែ​ហុយ​សំពោង។ ឆត្រ​យោង​​ពណ៌​ស​ជួយ​ទប់​ល្បឿន​ពេល​ជាន់​​ហ្វ្រាំង​​។ វា​ត្រូវ​បាន​ឌីហ្សាញ​យ៉ាង​ពិសេស​ចំពោះ​អានុភាព​ល្បឿន​ ដែល​ក្រុម​ការងារ​រំពឹង​ថា បើ​វា​អាច​ទៅ​រួច ពួក​គេ​នឹង​បន្ថែម​ល្បឿន​ដល់ ១ ០០០ គីឡូម៉ែត្រ ​ក្នុង ​១ ​ម៉ោង​។

លោក ស្ទួត អេដម៉ុនសុន ប្រធាន​ប្រតិបត្ដិ Bloodhound បាន​និយាយ​ថា​៖ «​អស់​លោក​អាច​ហៅ​វា​ថា កាំជ្រួច​លើ​វាល​រាប​ ពី​ព្រោះ​វា​បំពាក់​ម៉ាស៊ីន​យន្ដហោះ​ តែ​វា​មាន​អានុភាព​លើស​នេះ​ថែម​ទៀត​»។

បច្ចុប្បន្ន​នេះ កំពូល​រថយន្ដ​ត្រូវ​បាន​នាំ​យក​ទៅ​ចក្រ​ភព​អង់គ្លេស​វិញ​សម្រាប់​ការ​កែកុន និង​បំពាក់​ម៉ាស៊ីន​រ៉ុក្កែត​ជា​ថ្មី​ មុន​ពេល​វា​វិល​មក​កាន់​វាល​ខ្សាច់​កាលីហារី នៅ​ពាក់​កណ្ដាល​ឆ្នាំ ​២០២១ ខាង​មុខ​៕ AFP/HR