ក្រុងអូស្ទីន: មនុស្ស​គ្រប់រូប​រមែង​ស្រមៃ​ដល់​ពេល​កំពុង​ជាប់​ស្ទះចរាចរណ៍​ថា​នឹង​អាច​ដោះខ្លួន​ដោយ​ការហោះ​លើ​វេហាស៍​យ៉ាង​ព្រងើយ​។ យោង​តាម​ក្រុម​អ្នកជំនាញ​ដែល​បាន​ជួបជុំ​គ្នា​នាពេល​ថ្មីៗ​នៅ​ភាគ​ខាង​ត្បូង​ជួប​ភាគ​និរតី​ក្នុង​ទីក្រុង​អូស្ទីន រដ្ឋ​តិចសាស​ដែល​ទំនង​ជា​អាច​នឹង​កើតឡើង​ក្នុង​ពេល​ឆាប់ៗ​ជាមួយ​វត្ដមាន​តាក់ស៊ី​ហោះ​លើ​ផ្ទៃមេឃ​អំឡុង​ឆ្នាំ​ ២០២៥​។

លោក មីឆែល ថាកឃ័រ ជា​អគ្គនាយករង​ផ្នែក​បច្ចេកវិទ្យា និង​នវានុវត្ដភាព​ក្រុមហ៊ុន Bell បាន​និយាយ​ថា​៖ «​មនុស្ស​គ្រប់រូប​តែងតែ​សុបិន​ចង់​បាន​បែប​នេះ​ជាច្រើន​ទសវត្សរ៍​មកហើយ ហើយ​បច្ចេកវិទ្យា​មួយ​នេះ​នឹង​រំលេច​ជា​រូបរាង​។ ចំណោត​មាន​តែ​ ១ ​គត់​គឺថា តើ​យើង​ត្រូវ​ធ្វើ​ដូចម្ដេច​ជាមួយ​វា​?»​។

លោក ថាកឃ័រ បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​របស់​លោក​បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ដឹកជញ្ជូន​តាមរយៈ​កម្មវិធី​ទូរស័ព្ទ Uber និង​ក្រុមហ៊ុន​ផលិត​យន្ដហោះ​ជាច្រើន​ទៀត​រួមទាំង Safran របស់​បារាំង ដើម្បី​ផលិត​តាក់ស៊ី​ហោះ​ដែល​ត្រូវ​បាន​ហៅ «​យានហោះ និង​ចុះចត​ត្រង់ (VTOL)»​។

តាក់ស៊ី​ហោះ​អាច​ដំណើរ​តាមរយៈ Uber​។ រូបថត AFP

យន្ដហោះ​អគ្គិសនី​កូនកាត់ Nexus ត្រូវ​បាន​បង្ហាញ​វត្ដមាន​ដំបូង​កាលពី​ខែ​មករា​នៅ​ពិព័រណ៍​អ្នកប្រើប្រាស់​បច្ចេកវិទ្យា​អេឡិចត្រូនិក​ក្នុង​ក្រុង​ឡាសវេហ្គាស​។ ក្រុមហ៊ុន​ប្រមាញ​ពី ២០ ទៅ ៣០ កំពុង​ធ្វើ​កិច្ចការ​លើ​គម្រោង​អនាគត​ស្រដៀងៗ​នេះ​ដោយ​ក្នុង​ចំណោម​នោះ ក្រុមហ៊ុន​តូចៗ និង​ធំៗ ជាច្រើន ដូចជា Airbus ដែល​ទើប​បាន​បង្ហាញ​យន្ដហោះ​អគ្គិសនី CityAirbus ផងដែរ​។

Uber គ្រោង​ដាក់​ឲ្យ​ដំណើរការ​តាក់ស៊ី​អាកាស​របស់​ខ្លួន​ជា​លើកដំបូង​ក្នុង​ទីក្រុង​ឡូសអេនជឺលេស និង​ដាលឡាស​ជា​ទីក្រុង​ស្ទះចរាចរណ៍​ខ្លាំង​បំផុត​របស់​សហរដ្ឋអាមេរិក​។

សួរថា តើ​ហេតុអ្វី​មិន​ប្រើ​ឧទ្ធម្ភាគចក្រ​ជំនួស​វិញ​លោក ថាកឃ័រ បាន​ឆ្លើយ​ថា តាក់ស៊ី​ហោះ​នេះ​ចំណាយ​សេវា​តិច​ជាង និង​មាន​សំឡេង​រំខាន​តិចជាង​ផងដែរ​។

លោក​អះអាង​ថា​៖ «​សំឡេង​រំខាន​ត្រូវ​តែ​មាន​កម្រិត​ប្រហាក់ប្រហែល​នឹង​សំឡេង​ទីក្រុង​»​។

លោក​ទស្សន៍ទាយ​ថា តាក់ស៊ី អាកាស​ទាំងនេះ​អាច​ចាប់ផ្ដើម​ប្រតិបត្ដិការ​អំឡុង​ឆ្នាំ​ ២០២៥​។

លោក​បាន​លើក​ឡើង​ថា​៖ «​វា​នឹង​មិន​អាច​ជំនួស​តាក់ស៊ី​លើ​ដី​នោះ​ទេ​។ វា​មិន​អាច​ឡើយ​»៕ HR