ភ្នំពេញ៖ បើ​គិត​ពី​ត្រឹម​ឆ្នាំ ​២០១៨ មក​ទល់​នឹង​ចុង​ឆ្នាំ ​២០១៩ នេះ ក្រុម​ផលិត​​យន្តហោះ​តូចៗ​ ពី​​ស្នោ​របស់​​លោក ជឿន ចននី ដែល​ក្រុម​មាន​ឈ្មោះ​​ «គំនិត-Khomnit» ​​បាន​ឆ្លង​កាត់​​ការ​​ផលិត​​យន្តហោះ​ចំនួន ៥ ម៉ូដែល (ធុន) មាន​ចំនួន​ សរុប​​ទាំង​អស់​​ប្រមាណ​ជិត ២០០ គ្រឿង តែ​​ក៏​បាន​​លក់​ដាច់​​អស់​ហើយ​ដែរ​​​ ខណៈ​​​បច្ចុប្បន្ន​ក្រុម​នេះ​កំពុង​តែ​​សស្រោក​សស្រាំ​ ផលិត​ឲ្យ​អតិថិជន​ខ្លួន​លក់​មិន​​ទាន់​តាម​ការ​កុម្ម៉ង់​ទៀត​ផង​។​

លោក ជឿន ចននី (Churne Johnny) ដែលជា​កូន​កំព្រា​ឪពុក​ម្តាយ​​តាំង​ពី​ក្មេង​​វ័យ ​៥ ឆ្នាំ និង​បាន​រស់នៅ​​​​មណ្ឌល​​កុមារ​កំព្រា​​រហូត​បាន​រៀន​សូត្រ​ចប់​ជំនាញ​ព័ត៌មានវិទ្យា​ពី​វិទ្យាស្ថាន​ជាតិ​បហុបច្ចេកវិទ្យា​កម្ពុជា ​(NPIC)​​ និង​មាន​ទេពកោសល្យ​យល់​​ដឹង​​​​ខ្ពស់​ផ្នែក​យន្តកម្ម​ ​ដោយ​គ្រាន់​តែ​មើល​​សៀវភៅ​ក៏​សម្រេច​ជោគជ័យ​​​​​​​ក្នុង​​​ការ​ផលិត​យន្តហោះ​តូចៗ​​ ដែល​ផលិត​​ពី​ស្នោ​​​នៅ​​​​​ឆ្នាំ ​២០១៨ ខណៈ​​គំនិត​ផ្តួច​ផ្តើម និង​ស្រាវជ្រាវ​ស្វ័យ​សិក្សា​​​​ខ្លួន​ឯង​បាន​​​​ចាប់​ផ្តើម​តាំង​​ពី​ឆ្នាំ​ ​២០០៥​​ មក​។​​

យន្ត​ហោះ​ស្នោទាំង​ ២​ ប្រភេទ យក​​ដាក់​តាំង​ពិព័រណ៍​​។ រូបថត Khomnit

ស្ថាបនិក​ក្រុម ​«គំនិត-Khomnit» ​​វ័យ ​២៨ ឆ្នាំ លោក ជឿន ចននី បាន​ឲ្យ​​ដឹង​ថា៖ «បច្ចុប្បន្ន​ យើង​បាន​ផលិត​យន្តហោះ​ពី​ស្នោ ដែល​បាន​ប្រើ​​រូបមន្ត​​ពិសេស នៅ​​ក្នុង​ការ​រក្សា​ភាព​ស្វិត ​បាន​យូរ​​នៃ​គុណភាព​ស្នោ​របស់​​យើង​ បាន​​ផលិត​​ ២ ប្រភេទ ​នៃ​យន្តហោះ គឺ​ទី​១​ ជា​យន្តហោះ​សម្រាប់​គប់​លេង និង​​ទី​២ ជា​យន្តហោះ​សម្រាប់​បញ្ជា​​​ហោះហើរ​នៅ​លើ​អាកាស​ដូចជា ​ដ្រូន នោះ​។ សម្រាប់​យន្តហោះ​ប្រភេទ​គប់​​លេង​​យើង​​​​បាន​​ផលិត ​៣ ​ម៉ូដែល​ (ធុន) គឺ​ម៉ូដែល Boeing 747 ​ម៉ូដែល A350 ​និង​ម៉ូដែល A320 ខណៈ​​ប្រភេទ​ទី​២​ គឺ​​យន្តហោះ​បញ្ជា​ប្រភេទ​ Airbus A350 remote contor RC មាន​ប្រវែង​ជាង ៣​ ម៉ែត្រ​ឯ​​ណោះ​ ហើយ​​​ប្រភេទ​យន្តហោះ​បញ្ជា​ប្រភេទ​ Airbus A350 remote contor RC នេះ​ផង​​ដែរ ក៏​ខ្ញុំ​គ្រោង​នឹង​​​បន្ត​ការ​​ពិសោធ​បន្ថែម​ទៀត​ ​នឹង​ទទួល​​បាន​លទ្ធផល​ច្បាស់​លាស់​នៅ​ក្នុង​​អំឡុង​​​ពេល​ប្រមាណ​ជា​ ​១-២ ខែ​ ទៀត ដោយ​យើង​នឹង​ធ្វើ​ការ​ប្រកាស​​លក់​​ទៅ​ដល់​បណ្តា​ក្រុមហ៊ុន​លក់​គ្រឿង​​អេឡិចត្រូនិក​ធំៗ​​តែ​ម្តង​ ដែល​ជា​​​ជំហាន​​ជោគជ័យ​ទី២ បន្ទាប់​ពី​ការ​​ផលិត​យន្តហោះ​ សម្រាប់​គប់​លេង​មក​នោះ»​។ ​

យន្ត​ហោះ​ស្នោ Dive Shark ​​ពេល​ហោះលើ​អាកាស។ រូបថត ​Khomnit

ទោះជា​យ៉ាង​​ណា ​​មុន​នឹង​ឈាន​​មក​បង្កើត​យន្ត​បញ្ជា​ប្រភេទ​ Airbus A350 remote contor RC ដោយ​មាន​​ទម្ងន់​​ដល់​ទី ៧ គីឡូ​​ក្រាម​នោះ​ លោក ជឿន ចននី និង​​ក្រុម​ការងារ​ឈ្មោះ​​ «គំនិត-Khomnit» ដែល​មាន​សមាជិក​ចំនួន​ ៧ ​នាក់ ​​របស់​លោក​ក៏​ធ្លាប់​បាន​សាកល្បង​ជោគជ័យ​​​ប្រភេទ​តូច​មួយ​​រួច​មក​ហើយ​កាល​ពី​ពេល​កន្លង​មក​ដោយ​​មាន​សមត្ថភាព​អាច​​ហើរ​បាន​ក្នុង​កម្ពស់ ៤០ ម៉ែត្រ ទៅ​ដល់​ ​៨០ ម៉ែត្រ ​​ទើប​អាច​ឲ្យ​​លោក​ឈាន​មក​​បង្កើត​ធុន​ធំ​ជាង​មុន​។​

លោក​ ជឿន ច​ននី រំឮក​ឲ្យ​​ដឹង​ថា៖ «កាល​ដំបូង​ធ្វើ​តេស្ត​យន្តហោះ​បញ្ជា​ឈ្មោះ​​ថា Dive Shark ​មាន​ប្រវែង ១ ម៉ែត្រ និង​ទម្ងន់ ៩០០ ក្រាម ដោយ​វា​​អាច​មាន​សមត្ថភាព​​ហោះហើរ​លើ​អាកាស​បាន​អាស្រ័យ​តាម​លក្ខខណ្ឌ​នៃ​អាកាសធាតុ​ដែរ ​គឺ​នា​​ពេល​យើង​បង្ហោះ​ដោយ​គ្មាន​ខ្យល់​នោះ វា​អាច​ហោះ​បាន​ត្រឹម​តែ​ប្រមាណ ​៤០ ម៉ែត្រ​ប៉ុណ្ណោះ ​​តែ​​ពេល​មាន​ខ្យល់​​អាច​ហោះ​កម្ពស់​ចន្លោះ​ពី​ ៦០-៨០ ម៉ែត្រ​»។​

សកម្ម​ភាព​ក្រុម​គំនិត​ពេល​ផលិត​យន្ត​ហោះ​ស្នោ​។ រូបថត Khomnit

ចំពោះ​​យន្តហោះ​ស្នោ​សម្រាប់​គប់​លេង​ដែល​ក្រុម «គំនិត-Khomnit» ​​​ផលិត​​លក់​នោះ មាន ​៣ ខ្នាត ​គឺ​​​តូច ​មធ្យម និង​​ធំ​ ហើយ​​តម្លៃ​ចន្លោះ​ពី ៣ ដុល្លារ ៥ ដុល្លារ និង​ ១០ ដុល្លារ ខណៈ​​យន្តហោះ​​ប្រភេទ​បញ្ជា​​វិញ​ប្រសិន​​បើ​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ដំណាក់​កាល​ ពិសោធ​ចុង​​ក្រោយ​នោះ លោក​ក៏​បាន​កំណត់​តម្លៃ​នៃ​​ការ​លក់​​រួច​ហើយ​ដែរ​គឺ ​១ គ្រឿង តម្លៃ ​២ ៥០០ ដុល្លារ​​។ ខណៈ​ក្រុម ​«គំនិត-Khomnit» កំពុង​តែ​មាន​ភាព​​មមាញឹក​​​ផលិត​យន្តហោះ​ប្រភទ​ទី១ មិន​មាន​យន្តហោះ​​សម្រាប់​តម្រូវ​តាម​ការ​កម្ម៉ង់​ពី​អតិថិជន​ឡើយ​ បើ​ទោះបី​ជា​ក្រុម​លោក​បាន​ចំណាយ​ពេល​ផលិត​ជា​មធ្យម​អាច​​បាន​ចំនួន​ប្រមាណ ​៥០ គ្រឿង​ក៏​ដោយ​។

ស្ថាបនិក​ក្រុម ​​​​«គំនិត-Khomnit» ដែល​ជា​កូន​កំព្រា​​តាំង​ពី​តូច ដោយ​ឪពុក​​ម្តាយ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម​ និង​​ខ្លួន​ធំ​ដឹង​ក្តី​នៅ​ភ្នំពេញ​​​​ លោក ចននី ក៏​បាន​បញ្ជាក់​ដែរ​ថា៖ «ក្រោយ​ពី​មាន​ការ​គាំទ្រ​ និង​ដឹង​ពី​គុណភាព​នៃ​ការ​ផលិត​យន្តហោះ​ស្នោ​​ ដែល​មិន​ងាយ​ខូច​​​របស់​យើង​​​មក​នោះ សព្វ​ថ្ងៃ​នេះ​ទាំង​បង​ប្អូន​ខ្មែរ​ និង​​បរទេស​មាន​ដូចជា​ ចិន​ហុងកុង​ ឥណ្ឌា ជាដើម​ បាន​ជាវ​របស់​យើង​​​មិន​សល់​នោះ​ឡើយ​ ហើយ​យើង​​ផលិត​​មិន​​​ទាន់​ការ​កុម្ម៉ង់​ទិញ​ទៀត​ផង​។

ចំពោះ​យន្តហោះ​ស្នោ​ប្រភេទ​ទី១ សម្រាប់​ខ្នាត​​តូច ដែល​មាន​ទម្ងន់​​ ៥០ ក្រាម​ ​យើង​លក់​ ១ គ្រឿង​ តម្លៃ ៣ ដុល្លារ ចំណែក​​ខ្នាត​​មធ្យម​មាន​ទម្ងន់​ ១២០ ក្រាម យើង​លក់​ ១ ​គ្រឿង​ តម្លៃ ៥ ដុល្លារ និង​​ខ្នាត​ធំ​មាន​ទម្ងន់ ២០០ ក្រាម យើង​លក់ ១ គ្រឿង​ តម្លៃ ១០ ដុល្លារ​ ហើយ​សម្រាប់​យន្តហោះ​​​​ប្រភេទ​ទី២ ដែល​អាច​បញ្ជា​ហោះហើរ​នៅ​លើ​អាកាស​ដូចជា​ ដ្រូន​​​​បាន​នោះ​វិញ ​នឹង​លក់​​ ១ គ្រឿង តម្លៃ ២ ៥០០ ដុល្លារ ក្រោយ​ពី​យើង​ធ្វើ​ការ​ពិសោធ​​ចុង​ក្រោយ​ នា​រយៈពេល​ប្រហែល​ ​១ ឬ ២ ខែ​ខាង​មុខ​​»៕​