ក្រុងតូក្យូ: ការកុម្ម៉ង់ទុកមុនត្រូវបានដាក់ឲ្យដំណើរការសម្រាប់ម៉ូដែលដំបូងនៃរថយន្ដអគ្គិសនី តម្លៃ ៤,០៣ លានដុល្លារ ដែលក្រុមការងារផលិតបានអះអាងថា វាមានសម្ទុះល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុង ១ ម៉ោងត្រឹមតិចជាង ២ វិនាទី។
រថយន្ដអនាគត Aspark Owl ចេញពីក្រុមហ៊ុនជប៉ុនមួយ គ្រោងដាក់តាំងបង្ហាញនៅពិព័រណ៍រថយន្ដក្រុងប៉ារីសនាសប្ដាហ៍នេះ។ នៅពិធីបើកសម្ពោធដំបូង ក្រុមការងារផលិតបានប្រាប់ថា វាត្រូវបានបំពាក់ម៉ាស៊ីនកម្លាំង ៤៣០ សេះទម្ងន់ត្រឹម ៨៦០ គីឡូក្រាមដែលប្រហាក់ប្រហែលនឹងទម្ងន់គោចិញ្ចឹមយកទឹកដោះទូទៅ និងតិចជាងរមាសពណ៌សពាក់កណ្ដាល។
នៅពិព័រណ៍ឯក្រុងប៉ារីសតែម្ដង អតិថិជនអាចកក់់ប្រាក់ ទិញ ១,១៥ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីភ្នាក់ងារ Bloomberg។
ក្រុមហ៊ុនបានឲ្យដឹងថា ពួកគេគ្រាន់តែគ្រោងផលិតកំពូលរថយន្ដអគ្គិសនីនេះតែ ៥០ គ្រឿង ហើយអតិថិជននឹងត្រូវចាយលុយជាង ៤ លានដុល្លារ ដើម្បីធ្វើជាម្ចាស់រថយន្ដដ៏វិសេសនេះ។
ក្រុមហ៊ុនកាលពីដើមឆ្នាំបានបញ្ចេញវីដេអូឃ្លីបដ៏ជក់ចិត្ដដែលបង្ហាញពីកំពូលរថយន្ដអគ្គិសនីដែលមានសម្ទុះល្បឿនយ៉ាងលឿនអស្ចារ្យក្រោម ២ វិនាទី មកត្រឹមតែ ១,៩២១ វិនាទីប៉ុណ្ណោះ ដែលលឿនជាងរថយន្ដប្រណាំង Formula 1 ទៅទៀត។
យ៉ាងណាមិញ កំពូលរថយន្ដនេះត្រូវបានអនុញ្ញាតបើកបរដោយច្បាប់ និងជាម៉ូដែលដំបូងបំផុតនឹងត្រូវបានលក់ឲ្យអតិថិជននៅឆ្នាំ ២០២០។ នេះបើយោងតាមក្រុមហ៊ុន។
បញ្ជាចង្កូតដោយមនុស្ស Aspark Owl អាចមានល្បឿនកំពូល ២៨០ គីឡូម៉ែត្រក្នុង ១ ម៉ោង ហើយពេលសាកភ្លើងពេញ វាអាចបើកបរចម្ងាយផ្លូវ ៣០០ គីឡូម៉ែត្រ៕