ក្រុងប៉េកាំង: ក្រុមហ៊ុន​ហ្គេម​ទូរស័ព្ទ​ធំ​បំផុត​មួយ​របស់​ចិន​កំពុង​ដាក់លក់​កម្មវិធី​ណាត់ជួប​ស្នេហ៍​ភេទ​ទី ​៣ ​ដ៏ពេញនិយម Grindr ក្នុង​តម្លៃ ៦០៨ លាន​ដុល្លារ ក្រោយ​មាន​សម្ពាធ​ពី​អាជ្ញាធរ​អាមេរិក​ជុំវិញ​កង្វល់​លើ​ការប្រើប្រាស់​ទិន្នន័យ​អ្នក​ចុះឈ្មោះ​។

ក្រុមមន្ដ្រី​សន្ដិសុខ​ជាតិ​ក្នុង​ក្រុង​វ៉ាស៊ីនតោន​បារម្ភ​ថា វេទិកា​សង្គម​អនឡាញ ដែល​បាន​ហៅ​ខ្លួនឯង​ថា ជា​បណ្ដាញ​សង្គម​ធំ​បំផុត​ក្នុង​លោក​សម្រាប់​ក្រុម LGBT អាច​ត្រូវបាន​ប្រើ​ដោយ​រដ្ឋាភិបាល​ចិន​ដើម្បី​រកប្រាក់​ផ្លូវ​ងងឹត​ពី​ជនជាតិ​អាមេរិក​ដោយ​មាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​។

Beijing Kunlun Tech បាន​បោះទុន​លើ​កម្មវិធី​ទូរស័ព្ទ​នេះ​ក្នុង​ឆ្នាំ​ ២០១៦ និង​បាន​ទិញ​ហ៊ុន​ទាំងអស់​រយៈពេល ២ ​ឆ្នាំ​បន្ទាប់​ក្នុងតម្លៃ​សរុប ២៤៥ លាន​ដុល្លារ តែ​ត្រូវ​បាន​រំសាយ​ដោយ​មន្ដ្រី​អាមេរិក​កាលពី​ឆ្នាំមុន​។

ក្រុមហ៊ុន​នឹង​លក់​ហ៊ុន ៩៨,៥៩ ភាគរយ​របស់ Grindr ទៅ​ឲ្យ​ក្រុមហ៊ុន San Vicente Acquisition មាន​មូលដ្ឋាន​នៅ​រដ្ឋ​ដេឡាវែរ សហរដ្ឋ​អាមេរិក​។

ឯកសារ​បាន​បង្ហាញថា កិច្ចព្រមព្រៀង​នេះ​នៅ​រង់ចាំ​ការអនុម័ត​ពី​គណៈកម្មការ​អាមេរិក​ដែលមាន​អំណាច​សិក្សា​ពី​ការទិញ​លក់​ទាក់ទង​នឹង​ប្រាក់​វិនិយោគ​បរទេស​។

Grindr បាន​រង​នូវ​ការចោទប្រកាន់​ជាច្រើន​លើក​ច្រើនសា​ចំពោះ​ការគ្រប់គ្រង​ទិន្នន័យ​មិន​ត្រឹមត្រូវ ក្រោម​ភាព​ជា​ម្ចាស់​របស់​ក្រុមហ៊ុន Beijing Kunlun​។

វេទិកា​សង្គម​នេះ​បាន​បំពាន​បទប្បញ្ញត្តិ​ឯកជន​ភាព​របស់​សហភាព​អឺរ៉ុប​ដោយ​ការចែករំលែក​ទិន្នន័យ GPS អាយុ ភេទ​របស់​អ្នកប្រើប្រាស់​ជាមួយ​ក្រុមហ៊ុន​ភាគី​ទី ៣ ដើម្បី​ជួយ​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ចំ​គោលដៅ​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​ក្រុម​អង្គការ​សិទ្ធិ​អ្នក​ប្រើប្រាស់​ន័រវែស​៕ HR