The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ឃីដឌូ កម្មវិធី​អប់រំ​បែប​កម្សាន្ត​ទាក់ទាញ​កុមារ​ធ្វើ​ស្វ័យ​សិក្សា

ឃីដឌូ កម្មវិធី​អប់រំ​បែប​កម្សាន្ត​ទាក់ទាញ​កុមារ​ធ្វើ​ស្វ័យ​សិក្សា

Content image - Phnom Penh Post
ជាមួយ​រូបភាព និង​អក្សរ​ងាយៗ KeeDu នឹង​ទាក់ទាញ​កុមារ​ឲ្យ​បង្កើន​ការ​ធ្វើ​ស្វ័យ​សិក្សា​។ រូបថត សហ​ការី

ឃីដឌូ កម្មវិធី​អប់រំ​បែប​កម្សាន្ត​ទាក់ទាញ​កុមារ​ធ្វើ​ស្វ័យ​សិក្សា

ភ្នំពេញ៖ ក្នុង​ពេល​​ដែល​កុមារ​​​​​​បន្ត​ការ​សិក្សា​​​នៅ​ផ្ទះ​ តាមរយៈ​កម្មវិធី​អប់រំ​ពី​ចម្ងាយ មាតាបិតា​មួយ​ចំនួន​ពុំ​សូវ​មាន​ពេល​វេលា​គ្រប់គ្រាន់​​នៅ​ក្បែរ​កូន ​​​បារម្ភ​​​ខ្លាច​ក្មេង​​​អផ្សុក​ ឬ​ជក់​នឹង​ការ​កម្សាន្ត​ជាមួយ​​​ឧបករណ៍​បច្ចេកវិទ្យា​​​​។

ដំណោះស្រាយ​​​នឹង​កង្វល់​នេះ បាន​ធ្វើ​ឲ្យ​យុវជន-យុវតី​មួយ​​ក្រុម​មូលមតិ​គ្នា​បង្កើត​កម្មវិធី​សិក្សា​អប់រំ​លក្ខណៈ​កម្សាន្ត​ បង្កើន​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​​របស់​កុមារ ជួយ​បណ្ដុះ​ប្រាជ្ញា គំនិត​ត្រិះរិះ និង​ភាព​វាងវៃ​។
ឃីដឌូ​ (KeeDu) ជា​កម្មវិធី​សិក្សា​អនឡាញ​ថ្មី​ ជា​វេបសាយ និង​កម្មវិធី​ស្មាតហ្វូន និង​ថេប្ល៊ិត ​សម្រាប់​​​កុមារ​​ពី​កម្រិត​មត្តេយ្យ​​ដល់​ថ្នាក់​ទី​ ៦​ អាច​ក្រេប​ជញ្ជក់​ចំណេះ​ដឹង​បន្ថែម​តាមរយៈ​ការ​​អប់រំ​បែប​កម្សាន្ត​​។

ស្ថាបនិក​ ឃីដឌូ ជា​​​យុវជន-យុវតី​​​ខ្មែរ​ចំនួន​ ៨​ រូប ​​មាន៖​ លោក មួង​ វ៉ាន់ឌី​ លោក អ៊ិត​ សេរីវឌ្ឍនៈ​ លោក អ៊ិច​ សុខហេង​ កញ្ញា​ ហាស់ ច័ន្ទលក្ខិណា​ កញ្ញា​ សា សុផានិច​ លោក ឧត្តម​ វិសាល​ លោក​ សេង អ៊ុយ​​ និង​កញ្ញា​ ឈុន​ ប៉ជូ​។

អ្នក​ទាំង​អស់​គ្នា​សុទ្ធ​តែ​មាន​ជំនាញ និង​​ប្រវត្តិការ​សិក្សា​​ខុស​គ្នា​រួម​មាន​ ផ្នែក​​សូហ្វវែរ សរសេរ​កម្មវិធី វិទ្យាសាស្ត្រ​កុំព្យូទ័រ ព័ត៌មានវិទ្យា ទីផ្សារ​ឌីជីថល ​គ្រប់គ្រង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច។

Content image - Phnom Penh Post
សមាជិក​ក្រុម លក្ខិណា​ សេរី​វឌ្ឍនៈ​ សេង អ៊ុយ សុខហេង វិសាល ប៉ជូ និង​សុផានិច។ រូបថត សហ​ការី

ដោយ​ប្រើប្រាស់​បទពិសោធ និង​ចំណេះដឹង​លើ​វិស័យ​ខុស​គ្នា ពួក​គេ​បាន​សហការ​​​បង្កើត​នូវ​កម្មវិធី​សិក្សា​នៅ​លើ​ទូរស័ព្ទ​ដៃ​ និង​វេបសាយ ឈ្មោះ​ថា​​ «ឃីដឌូ»​ ​ដើម្បី​ប្រមូល​​ផ្តុំ​កម្មវិធី​សិក្សា​បែប​សប្បាយៗ និង​​​មាន​ប្រយោជន៍​ដល់​កុមារ​​​កម្ពុជា​។

ក្រុម​ស្ថាបនិក​ ឃីដឌូ​ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍ ឲ្យ​ដឹង​ថា​៖ «កុមារ​ដែល​រៀន​តាម​ ឃីដឌូ ​អាច​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​​ជា​ច្រើន​ ដូច​ជា​មាន​ចំណាប់​​អារម្មណ៍​ក្នុង​ការ​រៀន​ដោយ​ខ្លួន​ឯង​ ធ្វើ​ឲ្យ​កុមារ​យល់​ថា​ ការ​សិក្សា​ដោយ​​ខ្លួន​ឯង​ ​មិន​ស្មុគស្មាញ​​នោះ​ទេ​ ហើយ​អាច​ទទួល​​បាន​ការ​សិក្សា​មេរៀន​ថ្មីៗ​ ​ដែល​មិន​មាន​បង្រៀន​ក្នុង​កម្មវិធី​របស់​សាលា​ទៀត​។ មិន​តែ​​ប៉ុណ្ណោះ​កុមារ​អាច​ទទួល​បាន​ហ្គេម​ ដែល​ពាក់ព័ន្ធ​នឹង​មេរៀន​ក៏​ដូចជា​បាតុភូត​ផ្សេងៗ​នៅ​ខាង​ក្រៅ​ផង​ដែរ»​។

«ឃីដឌូ» បង្រៀន​កុមារ​នូវ​មេរៀន​ ដែល​ចង​ក្រង​ និង​រៀបរៀង​ដោយ​លោកគ្រូ​ អ្នកគ្រូ​ ក្នុង​កម្រិត​សិក្សា​ពី​មត្តេយ្យ​ ដល់​​បឋមសិក្សា​។

Content image - Phnom Penh Post
ឃីដឌូ ជាកម្មវិធីសិក្សា​បែប​កម្សាន្ត នឹង​មានទម្រង់ជា​វេបសាយ កម្មវិធី​ស្មាតហ្វូន​ និង​ថេប្ល៊ិត​​។ រូបថត សហ​ការី

ប៉ុន្តែ​ដោយសារ​កម្មវិធី​នេះ​ទើប​តែ​ចាប់​ផ្ដើម​បង្កើត​នៅ​ដើម​ខែ​មេសា ​​ថ្មីៗ​នេះ​ ក្រុម​ស្ថាបនិក​ទើប​តែ​​បង្កើត​កម្មវិធី​ដំណាក់កាល​ដំបូង​ត្រឹម​តែ​កុមារ​​​កម្រិត​មត្តេយ្យ​សិន​ ហើយ​រំពឹង​ថា នឹង​រៀបចំ​កម្មវិធី​សិក្សា​សម្រាប់​កុមារ​រហូត​ដល់​ថ្នាក់​ទី ​៦​ ក្នុង​ពេល​​ឆាប់​នេះៗ​។

ឃីដឌូ មាន​ខ្លឹមសារ​មេរៀន​ដូច​នឹង​កម្មវិធី​សិក្សា​ទូទៅ​របស់​កុមារ​ដែរ​​ គ្រាន់​តែ​មាតិកា​រៀបរៀង​​ជា​ទម្រង់​​មេរៀន​បែប​រូប​តុក្កតា​គំនូរ​ជីវចល​។ លើស​ពី​នេះ​​កម្មវិធី​ថ្មី​នេះ​ ក៏​មាន​វីដេអូ​មេរៀន​ចំណេះដឹង​ទូទៅ​ទាក់ទង​នឹង​ការ​ពិសោធ​វិទ្យាសាស្ត្រ​ហ្គេម​លេង​បង្កើន​ចំណេះដឹង មេរៀន​សម្បូរ​បែប​មាន​អក្សរ អម​រូបភាព និង​ពណ៌​ស្អាតៗ ដែល​​កុមារ​តូចៗ ចូលចិត្ត​តាមដាន។ កុមារ​ក៏​អាច​រៀន​ដោយ​ជ្រើស​​រើស​ភាសា​អង់គ្លេស ឬ​ភាសា​ខ្មែរ​។

ស្ថាបនិក​មួយ​ក្រុម​នេះ​​ បាន​​ឲ្យ​ដឹង​ទៀត​ថា៖ «នា​ថ្ងៃ​អនាគត​យើង​នឹង​បញ្ចូល​បន្ថែម​នូវ​មុខងារ​ថ្មីៗ​ទៀត ​ជា​ពិសេស​ មាតិកា​ជា​ភាសា​ខ្មែរ​ ទោះបី​ជា​មាតិកា​ប្រភេទ​នេះ មាន​ជា​ភាសា​ផ្សេងៗ​ទៀត​នៅ​ប្រទេស​ដទៃ​រួច​ហើយ​ក៏​ដោយ​»។

យើង​នឹង​នៅ​​រៀបរៀង​មាតិកា ជា​ភាសា​ខ្មែរ​នេះ​ឡើង​ដោយ​រួម​បញ្ចូល​នូវ​អត្តសញ្ញាណ​ជាតិ​កែ​លម្អ​សម្រប​ទៅ​តាម​បរិបទ​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា​។ លើស​ពី​នេះ​យើង​នឹង​គិត​គូរ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ទំនាក់ទំនង​រវាង​សិស្ស​ និង​គ្រូ​ មាតា​បិតា​ និង​គ្រូ​សម្រាប់​ Premium Subscription ដែល Free Version របស់​កម្មវិធី​ផ្សេង​មិន​មាន​»។

Content image - Phnom Penh Post
​​លោក មួង វ៉ាន់ឌី ក្រុម​ស្ថាបនិក​បង្កើត​កម្មវិធី KeeDu។ រូបថត សហ​ការី

ស្ថាបនិក​ ឃីដឌូ ក៏​សង្ឃឹម​ដែរ​ថា កម្មវិធី ឃីដឌូ នឹង​​​ចូលរួម​ចំណែក​ជំរុញ​​កុមារ​​ឲ្យ​ធ្វើ​ស្វ័យ​សិក្សា​ ខណៈ​ដែល​ពួក​គេ​​មិន​អាច​​ទៅ​សាលា​បាន។ ​កុមារ​នឹង​អាច​​ប្រើប្រាស់​ពេល​វេលា​បាន​ត្រឹមត្រូវ​ ជា​ជាង​ខ្ជះខ្ជាយ​​លើ​កម្មវិធី​ហ្គេម ឬ​វីដេអូ​មិន​សូវ​មាន​​ប្រយោជន៍។

ការ​ដាក់​ដំណើរការ​សាកល្បង​​របស់ ឃីដឌូ (KeeDu)​ នឹង​ចាប់​ផ្ដើម​នាពេល​ឆាប់ៗ​នេះ។ ដើម្បី​ចុះ​ឈ្មោះ​​ចូល​រៀន​តាម​ ឃីដឌូ ​លោក​អ្នក​ត្រូវ​ទាញ​កម្មវិធី​ ដាក់​ស្មាតហ្វូន ឬ​ថេប្ល៊ិត បន្ទាប់​មក​ ចុះ​ឈ្មោះ​តាមរយៈ​លេខ​ទូរស័ព្ទ​ ឬ​តំណ​ភ្ជាប់​ទៅ​កាន់​គណនី​ហ្វេសប៊ុក​ជា​ការ​ស្រេច​។ ​

សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចូល​ទៅ​កាន់​ ទំព័រ​​ហ្វេសប៊ុក​ @keeduplatform ឬ​ទំនាក់ទំនង​​​​​ទូរស័ព្ទ​លេខ ០៦៩​ ៤៤ ៦៥ ៤២៕

អត្ថបទគួរចាប់អារម្មណ៍