ក្រុងប៉េកាំង: ពិព័រណ៍រថយន្ដក្រុងប៉េកាំង សប្ដាហ៍កន្លងទៅនេះ បានតាំងបង្ហាញប្រភេទរថយន្ដចម្រុះចាប់ពីម៉ូដែលអគ្គិសនីនាអនាគតរហូតដល់ម៉ូដែលប្រើអាគុយប្លែកៗ ជារថយន្តចិនត្រៀមប្រជែងជាមួយក្រុមហ៊ុន Tesla របស់អាមេរិក។
ក្នុងចំណោមរថយន្តនាថ្ងៃអនាគតទាំងនោះ Nio Eve ត្រូវបានឌីហ្សាញឡើងជារថយន្ដស្វ័យភាព ដោយផ្ដោតសំខាន់លើការផ្ដល់បទពិសោធដ៏មានផាសុកភាពដល់អ្នកដំណើរ។
ក្រុមហ៊ុនចិនឈ្មោះ Nio បង្កើតឡើងដោយសហគ្រិនចិន វីលៀម លី ដែលមានការិយាល័យនៅតំបន់ស៊ីលីខូន វ៉ាល់ឡេ អឺរ៉ុប និងចិន បានបង្ហាញគំរូរថយន្ដឈ្មោះ Nio Eve នៅសន្និសីទបច្ចេកវិទ្យានិរតីក្នុងក្រុងអូស្ទីន រដ្ឋតិចសាស់។
យោងតាមសេចក្ដីថ្លែងការណ៍របស់ Nio Eve រថយន្ដនេះត្រូវបានបំពាក់បច្ចេកវិទ្យាឌីជីថល កង់រ៉ូបូត ជាមួយម៉ាស៊ីនវៃឆ្លាតដែលអាចប្រាស្រ័យទាក់ទងនឹងមនុស្ស ដោយផ្ដល់ការសន្ទនាជាសំឡេង និងទំនាក់ទំនងតាមរូបភាពជាមួយរថយន្ដ និងពិភពខាងក្រៅ។
Nio Eve នឹងប្រើបន្ទះកញ្ចក់ជាអេក្រង់សម្រាប់អ្នកបញ្ជា និងសម្រាប់ប្រើលើកម្មវិធីកម្សាន្ដដ៏សម្បូរបែបថែមទៀត។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន។
លោក គ្រីស ថូម៉ាសសុន ជាអគ្គនាយករងផ្នែកឌីហ្សាញនៅក្រុមហ៊ុន Nio បាននិយាយថា ក្រុមហ៊ុនរំពឹងថានឹងមានរថយន្ដស្វ័យប្រវត្ដិទាំងស្រុងនៅលើទីផ្សារអាមេរិក។
រថយន្ដអគ្គិសនីនេះ នឹងត្រូវបានឌីហ្សាញជា «បន្ទប់ទទួលភ្ញៀវ» ចល័តសម្រាប់អ្នកដំណើរ ៦ នាក់ តែក៏មានទុកកន្លែងសម្រាប់ឲ្យអ្នកបើកបរម្នាក់ផងដែរ។
លោក ថូម៉ាសសុនបានបន្ដថា លោកសង្ឃឹមថា រថយន្ដនេះនឹងអាចមានសមត្ថភាពប្រើស្វ័យភាព «៤ កម្រិត» ឬកម្រិតខ្ពស់បំផុតនៃការបើកបរដោយស្វ័យប្រវត្ដិ។
លោកអះអាងថា ម៉ូដែលមួយផ្សេងទៀត ដោយមិនមែនស្វ័យភាពពេញលេញ គ្រោងនឹងបង្ហាញខ្លួននៅប្រទេសចិនក្នុង ឆ្នាំ ២០១៨ នេះ។
ម៉ូដែល ដែលត្រូវបានផលិតរួចរាល់សម្រាប់លក់នោះគឺ រថយន្ដតួខ្ពស់ SUV ES8 អគ្គិសនី ដែលមានតម្លៃចាប់ពី ៦៨០០០ ដុល្លារ។
ស្របគ្នានេះដែរ ម៉ូដែលស្ព័រមួយទៀតពីក្រុមហ៊ុនដដែលនេះគឺ EP9 ជារថយន្ដស្ព័រអគ្គិសនីដ៏ស្អាតរបស់ Nio។
កាលពីឆ្នាំមុន Nio បានបង្ហាញម៉ូដែល EP9 ក្នុងក្រុងអូស្ទីន នៅ Circuit of the Americas ជាទីលានប្រណាំង Formula 1។ វាមានល្បឿនកំពូល ២៧០ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានសម្ទុះល្បឿនសមស្របទៅតាមច្បាប់ចរាចរណ៍។
ដោយឡែកម៉ូដែល Nio Eve នៃអនាគតកាលនេះ លោក ថូម៉ាសសុន បានលើកឡើងថា លោកមិនមានព័ត៌មានលម្អិតស្ដីពីតម្លៃ ឬចម្ងាយផ្លូវបើកបរចន្លោះពេលសាកថាមពលម្ដងៗឬវាគួរផលិតឡើងនៅឯណានោះទេ តែវាទំនងនឹងលេចរូបនៅឆ្នាំ ២០២០៕HR