ក្រុងតូក្យូ: រ៉ូបូត​គំរូ​សុនខ​របស់​ក្រុមហ៊ុន Sony ឈ្មោះ អៃបូ (Aibo) បំពាក់​កាមេរ៉ា បច្ចេកវិទ្យា​វៃឆ្លាត និង​សមត្ថភាព​អ៊ីនធឺណិត​ពេល​នេះ​អាច​តាមដាន​ពី​សមាជិក​គ្រួសារ កុមារ និង​សត្វ​ចិញ្ចឹម​ផង​ដែរ​។

រ៉ូបូត​ឆ្កែ​ប្រវែង ៣ ​តឹក​ដែល​មាន​ត្រចៀក​បក់ និង​កែវភ្នែក LED បច្ចេកវិទ្យា​ចុងក្រោយ​នឹង​បង្ហាញ​វត្ដមាន​តាម​ផ្ទះ​នានា​ក្នុង​ពេល​ខាងមុខ​ដ៏ខ្លី​។

យ៉ាង​ណា​មិញ​បច្ចេកវិទ្យា​សុនខ​ចុងក្រោយ​នេះ​មិន​មាន​តម្លៃ​ថោក​នោះ​ទេ ដោយ​ឆ្កែយន្ដ​ ១ ​ក្បាល​មាន​តម្លៃ​ចាប់ពី ៣ ០០០ ទៅ ៤ ០៨០ ​ដុល្លារ​សម្រាប់​កញ្ចប់​សេវាកម្ម ៣ ​ឆ្នាំ​រួមទាំង សេវាកម្ម​សូហ្វវែរ និង​ការផ្ទុក​ទិន្នន័យ​ផង​ដែរ​។

ប្រធាន​គម្រោង អ៊ីហ្ស៊ូមិ កាវ៉ានីស៊ិ បាន​និយាយ​នៅ​ទីស្នាក់ការ​កណ្ដាល​ក្រុមហ៊ុន Sony នៅ​ទីក្រុង​តូក្យូ​ថា​៖ «​លោកអ្នក​នឹង​អាច​តាមដាន​សមាជិក​ក្រុម​គ្រួសារ​ពី​ចម្ងាយ​ថា តើ​ពួកគេ​កំពុង​ធ្វើ​អ្វី ឬ​កូនៗ​កំពុង​ធ្វើ​អ្វី ពេល​ពួកគេ​នៅ​ផ្ទះ​។ យើង​មាន​បំណង​ចង់​ឲ្យ​ប្រាកដ​ថា​លោក​អ្នក​មាន​អារម្មណ៍​សុវត្ថិភាព​ដោយ​រស់នៅ​ជាមួយ Aibo យ៉ាង​រីករាយ​ផង​ដែរ​»​។

រ៉ូបូត​ឆ្កែ​ក៏​នឹង​អាច​មើល​ការខុសត្រូវ​សត្វ​ចិញ្ចឹម​នាពេល​អនាគត​ដោយ​អរគុណ​ដល់​បច្ចេកវិទ្យា​ស្គាល់​រូបភាព និង​រៀន​ស្វែងយល់​ពី​សមត្ថភាព​ផ្សេងៗ​។ យោង​តាម Sony គំរូ​ចុងក្រោយ​របស់ Aibo ដែល​អាច​បង្ហាញ​ទាំង​អារម្មណ៍​ផ្លូវចិត្ដ ត្រូវ​បាន​ដាក់​លក់​កាលពី​ខែ​មករា​ឆ្នាំ​មុន និង​ការ​លក់​បាន​ឈាន​ដល់ ២ ​ម៉ឺន​គ្រឿង​ក្នុង​រយៈពេល ៦ ​ខែ​ដំបូង​។

សម័យ​អ៊ីនធឺណិត​ បច្ចេកវិទ្យា​វៃឆ្លាត និង​បញ្ហា​ប្រឈម​មនុស្ស​ចាស់ជរា​ច្រើន ជប៉ុន​បាន​កែច្នៃ​សូម្បី​ឆ្នាំង​ដាំបាយ និង​ឧបករណ៍​ផ្ទះសំបែង​ជាច្រើន​ទៀត​ឲ្យ​ចេះ​មើល​ការខុសត្រូវ​មនុស្ស​ចាស់​រស់នៅ​ក្នុង​ផ្ទះ​តែឯង​៕ HR