The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ជើងឯក​១០​នាក់​ពី​ការ​ប្រកួត​ដាក់​បាតដៃ​ស៊ូបារុ

ជើងឯក​១០​នាក់​ពី​ការ​ប្រកួត​ដាក់​បាតដៃ​ស៊ូបារុ

ជើងឯក​១០​នាក់​ពី​ការ​ប្រកួត​ដាក់​បាតដៃ​ស៊ូបារុ

130822_22a
បេក្ខជនបេក្ខនារីចូលរួមការប្រកួតដាក់បាតដៃលើរថយន្តស៊ូបារុនៅមុខផ្សារទំនើបសូរិយា រាជធានីភ្នំពេញ ឈឹម ស្រីនាង

ភ្នំពេញ : ការ​ប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត​ស៊ូបារុ ត្រូវ​បាន​រៀបចំ​ឡើង​ជា​លើក​ទី​៣​ដោយ​ក្រុមហ៊ុន មូធ័រអ៊ីមេជ ខេមបូឌា ដែល​នាំ​ចូល និង​លក់​ចែកចាយ​នូវ​រថយន្ត​ជប៉ុន​ស៊ូបារុ​។ ការ​ប្រកួត​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ខាង​មុខ​ផ្សារ​ទំនើប​សូរិយា ចាប់ពី​ម៉ោង​៩​កន្លះ​ព្រឹក​នា​ថ្ងៃ​អាទិត្យ ទី​១៨ ខែ​សីហា​កន្លង​ទៅ​នេះ​មាន​អ្នក​ចូលរួម​ប្រកួត​និង​ទស្សនា​យ៉ាង​ច្រើន​កុះករ​។

ក្រោយពី​រង​ការ​អត់ទ្រាំ​នឹង​ភាព​ហេវហត់​ក្រោម​អាកាសធាតុ​យ៉ាង​ក្តៅ​ក្នុង​ការ​ប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត​ស៊ូបារុ​រយៈពេល​១១​ម៉ោង​ហើយ​នោះ​បេក្ខជន​១០​នាក់​ក្នុង​ចំណោម​អ្នក​ចូលរួម​ប្រកួត​៨០​នាក់ នឹង​មាន​ឱកាស​ចេញ​ដំណើរ​ទៅ​ប្រកួត​នៅ​ប្រទេស​សិង្ហបុរី ជាមួយ​នឹង​បេក្ខជន​ផ្សេង​ទៀត​មកពី​ប្រទេស​អាស៊ី ដើម្បី​ដណ្ដើម​យក​រថយន្ត​ស៊ូបារុ XV2.0i ឆ្នាំ​២០១៣​មួយ​គ្រឿង​ដ៏​ថ្មី​សន្លាង​ដែល​មាន​តម្លៃ​៤៥០០០​ដុល្លារ​។

ការ​ប្រកួត​ដាក់​បាត​ដៃ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ស្វែងរក​មនុស្ស ដែល​មាន​ចិត្ត​ជា​អ្នក​កីឡា មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ និង​ចេះ​បត់បែន​គ្រប់​កាលៈទេសៈ​ដែល​ស្រដៀង​ទៅ​នឹង​លក្ខណ​សម្បត្តិ​របស់​រថយន្ត​ស៊ូបារុ​។

យោង​តាម​អ្នកនាង ថាក់ សុធាវី ដែល​ជា​បុគ្គលិក​របស់​មូធ័រអ៊ីមេជ ខេមបូឌា កាលពី​ឆ្នាំ​មុន អ្នក​ដែល​ឈ្នះ​រថយន្ត​ស៊ូបារុ​មួយ​គ្រឿង​ដ៏​ថ្មី​សន្លាង​នោះ បាន​ទៅ​លើ​ជនជាតិ​សិង្ហបុរី​លោក ថូម៉ាស ហ្គាន (Thomas Gan) ដែល​អាច​តស៊ូ​ដាក់​បាតដៃ​ជាប់​ជានិច្ច​លើ​រថយន្ត​ស៊ូបារុ​រយៈពេល​៧៨​ម៉ោង​និង​៣០​នាទី​។

ដោយ​ឡែក ការ​ប្រកួត​នៅ​ប្រទេស​កម្ពុជា​វិញ បេក្ខជន​ដែល​ចូលរួម​តម្រូវ​ឲ្យ​ឈរ​ដាក់​ដៃស្តាំ​របស់​ខ្លួន​នៅលើ​រថយន្ត​ឲ្យ​ជាប់​ជានិច្ច ទោះបី​ជា​ស្ថិត​ក្នុង​ស្ថានភាព​អាកាសធាតុ​បែប​ណា​ក៏ដោយ​។

បេក្ខជន​បេក្ខនារី​ទាំងអស់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សម្រាក​៥នាទី​រាល់​រយៈពេល​៦​ម៉ោង​ម្តង​ដើម្បី​ញុំា​ទឹក​និង​ចូល​បន្ទប់​ទឹក​។ ទន្ទឹម​នឹង​នោះ​នៅក្នុង​ពេល​ប្រកួត​ក៏​មាន​ជា​ហ្គេម​ផ្សេង​ៗ​សម្រាប់​លេង​កម្សាន្ត និង​ជម្រុះ​បេក្ខជន​ពី​ការ​ប្រកួត​ផង​ដែរ​។

លោក​ចូណាថាន់ តាន់ (Jonathan Tan) ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន មូធ័រអ៊ីមេជ វៀតណាម និង ខេមបូឌា បាន​មាន​ប្រសាសន៍​ថា​៖ «​សម្រាប់​ការ​ប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត​ស៊ូបារុ​ឆ្នាំ​២០១៣​ខ្ញុំ​ជឿថា​នឹង​ធ្វើ​បាន​កាន់​តែ​ប្រសើរ​ក្នុង​ការ​ប្រកួត​នេះ​ហើយ​ខ្ញុំ​នឹង​រង់ចាំ​អបអរសាទរ​បេក្ខជន​បេក្ខនារី​ដែល​ឈ្នះ​នៅ​ប្រទេស​កម្ពុជា នៅ​សិង្ហបុរី ដោយ​សង្ឃឹម​ថា​ពួកគេ​នឹង​នាំ​យក​រង្វាន់​ត្រឡប់​មក​ផ្ទះ​វិញ​»។

អ្នក​ដែល​ឈ្នះ​ការ​ប្រកួត​ដាក់បាត​ដៃ​ចំនួន​១០​នាក់​នោះ​រួមមាន​លោក លី ចំណាន ឃាង ឧត្តម ដេង តារា វាក់ សាវី ប្រាក់ តារា សៅ សិរីបុត្រ ឈឿង សុភិន ហេង សូឡែន សោម សូផារី និង ឈួក ណាលុក​។​ពួកគេ​នឹង​ត្រូវ​ទៅ​ប្រកួត​ដាក់បាត​ដៃ​លើ​រថយន្ត​សម្ដែង​ភាព​ក្លាហាន​ហេវហត់​អំណត់​អត់ធន់​នៅ​ប្រទេស​សិង្ហបុរី​ដើម្បី​ដណ្ដើម​យក​រង្វាន់​ធំ​ឆាប់​ៗ​ខាង​មុខ​នេះ​៕

អត្ថបទគួរចាប់អារម្មណ៍