ក្រុងឡាហាវ៉ាន៖ នៅគុយបាជាទីដែលរថយន្ដអាមេរិកចាស់ជាងអាយុពលរដ្ឋជាមធ្យមរមែងត្រូវបានមើលឃើញនៅលើដងវិថីក្នុងទីក្រុង លោក ប៉ាប្លូ ម៉ានសូ បានប្រកបរបរដ៏ពេញនិយម ជាមួយជំនាញជួសជុលរថយន្ដ Chevrolets ហៅខ្លីៗថា Chevy តាំងពីស៊េរីឆ្នាំ ១៩៥៥ ឆ្នាំ ១៩៥៦ និងឆ្នាំ ១៩៥៧។
ជាងជួសជុលរថយន្ដស្វ័យសិក្សាប្រកបមុខរបរក្នុងរោងជាងដែលលោកបានបង្កើតឡើងតាំងពី ១៥ ឆ្នាំមុននៅក្នុងទីក្រុងតូចប្លាតាសភាគកណ្ដាលដែនកោះនៃប្រទេសកុម្មុយនីស្ដមួយនេះ។
លោកបានកែច្នៃរថយន្ដ Chevy ពីម៉ាស៊ីនដែលលោកផលិតឡើងដោយខ្លួនឯងក្នុងប្រទេសដែលទណ្ឌកម្មអាមេរិកបានបន្ដរារាំងការនាំចូលគ្រឿងបន្លាស់រថយន្ដ និងជំនួញផ្សេង។
លោក ម៉ានសូ អាយុ ៥៣ ឆ្នាំបានប្រាប់ AFP ថា៖ «រថយន្ដទំនើបមិនធ្វើឱ្យចាប់អារម្មណ៍ឡើយ»។
លោកបានចំណាយពេលជាច្រើនឆ្នាំក្នុងការស្វែងយល់ពីជំនាញជួសជុល និងកែច្នៃរថយន្ដចាស់ៗ ដោយខិតខំធ្វើការទាំងយប់ និងថ្ងៃ ក៏ដូចជារៀនតាមបទពិសោធជាក់ស្ដែង។
កិច្ចខិតខំប្រឹងប្រែងរបស់លោកបានតបស្នងហើយបច្ចុប្បន្នម្ចាស់រថយន្ដម៉ូដែល Chevrolet មកពីគ្រប់ច្រកល្ហកនៃប្រទេសគុយបា បានតាមស្វែងរកលោកក្នុងការជួសជុលរថយន្ដរបស់ពួកគេ។
លោក ម៉ានសូ បាននិយាយយ៉ាងមានមោទនភាព ដោយបានបង្ហាញការកុម្ម៉ង់ពីសហរដ្ឋអាមេរិក កាណាដា អ៊ីតាលី និងអេស្ប៉ាញថា៖ «មនុស្សម្នាជាច្រើននាំគ្នាផ្ដល់គ្រឿងបន្លាស់មកពីប្រទេសនានា»។
នៅពាក់កណ្ដាលសតវត្សរ៍ទី ២០ ពលរដ្ឋគុយបា បាននាំចូលរថយន្ដអាមេរិករាប់ម៉ឺនគ្រឿង រួមទាំងម៉ូដែលថ្មី។ ប៉ុន្ដែការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលបានប្រកាសក្នុងឆ្នាំ ១៩៦២ ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ហ្វ៊ីដែលកាស្ដ្រូ បានបញ្ឈប់ការនាំចូល។
លោកកាស្ដ្រូ បានឆ្លើយតបនាគ្រានោះថា៖ «យើងត្រូវការត្រាក់ទ័រ មិនមែនប្រភេទរថយន្ដ Cadillacs ឡើយ»។
បច្ចុប្បន្នវាត្រូវបានប៉ាន់ប្រមាណថារថយន្ដចាស់ៗអាមេរិក ៦ ម៉ឺនគ្រឿងចាប់ពីទសវត្សរ៍ឆ្នាំ ១៩៤០ ដល់ឆ្នាំ ១៩៥០ កំពុងចរាចរនៅប្រទេសគុយបា។
រថយន្ដទាំងនោះត្រូវបានថែទាំយ៉ាងល្អដោយម្ចាស់របស់វា ដែលពឹងអាស្រ័យពួកវាលើការដឹកជញ្ជូនប្រចាំថ្ងៃតែក៏ទាក់ទាញភ្ញៀវទេសចរក្នុងប្រទេសដែលរថយន្ដក៏ជាចំណុចគួរឱ្យចាប់អារម្មណ៍មួយផងដែរ។
លោក ម៉ានសូ ខ្លួនឯងក៏ជាម្ចាស់រថយន្ដ Chevrolet Bel Air ពណ៌ក្រហមលាយសផលិតឆ្នាំ ១៩៥៥ ផងដែរ ដោយលោកបានរក្សានូវទម្រង់ដើមស្ទើរតែទាំងស្រុងលើកលែងតែម៉ាស៊ីន ដែលត្រូវបានជំនួសដោយម៉ាស៊ីន Toyota វិញ។
ទាំងនេះជាការកែប្រែយ៉ាងធំសម្បើមដើម្បីឱ្យរថយន្ដ Chevys បន្ដរស់នៅប្រទេសគុយបាដោយម៉ាស៊ីនដើមរបស់ពួកវាមិនអាចទ្រាំទ្រនឹងការប្រើប្រាស់ដ៏យូរអង្វែងបានឡើយ។
ដុកទ័ររថយន្តចាស់ៗលោក ម៉ានសូ បាននិយាយថា រថយន្ដ Chevrolet អស់ទំនើបត្រឹមឆ្នាំ ១៩៥៥ ហើយឆ្នាំនោះ រួមទាំងឆ្នាំ ១៩៥៦ និងឆ្នាំ ១៩៥៧ គឺជា «ឆ្នាំដ៏ជោគជ័យ» សម្រាប់ក្រុមហ៊ុនផលិតរថយន្ដអាមេរិក ដែលលោកជ្រើសរើសវា ធ្វើជាទ្រព្យដ៏វិសេស៕ HR