The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ដ្រូន​កសិកម្ម​ទំនើប សម្រាល​ភាព​នឿយហត់​កសិករ​ខ្មែរ

ដ្រូន​កសិកម្ម​ទំនើប សម្រាល​ភាព​នឿយហត់​កសិករ​ខ្មែរ

Content image - Phnom Penh Post
កសិករ​សម្លឹង​មើល​លោក សុភក្ដិ ធ្វើ​កិច្ចការ​លើ​ដ្រូន​។ រូបថត សហការី

ដ្រូន​កសិកម្ម​ទំនើប សម្រាល​ភាព​នឿយហត់​កសិករ​ខ្មែរ

ភ្នំពេញៈ ដោយ​សង្កេត​ពី​បញ្ហា​សុវត្ថិភាព​នៃ​ថ្នាំ​បាញ់សម្លាប់​សត្វល្អិត​គីមី​ប៉ះពាល់​លើ​មនុស្ស និង​កង្វះ​កម្លាំង​ពលកម្ម​តាម​ស្រុកស្រែ​ចម្ការ អតីត​និស្សិត​ព័ត៌មានវិទ្យា​ម្នាក់​បាន​សម្រេច​ចិត្ត​ឈប់​ពី​ការងារ​មក​ចំណាយពេល​ធ្វើការ​ស្រាវជ្រាវ និង​បង្កើត ដ្រូន​កសិកម្ម ដើរតួនាទី​ថែទាំ​ការពារ​ដំណាំ​តាម​បណ្ដា​ខេត្ត​នានា​។

នៅក្នុង​ផ្ទះល្វែង​នៃ​បុរី​មួយ​នៅ​ភូមិ​គោកឃ្លាង នៅ​ជាយ​រាជធានី​ភ្នំពេញ បំណែក​គ្រឿង​ផ្គុំ​ដ្រូន​រាយ​ពាសពេញ​ក្នុង​បន្ទប់​ទទួលភ្ញៀវ រង់ចាំ​លោក ហេង សុភក្ដិ ជា​អ្នកជំនាញ ដំឡើង​វា​ទៅជា​ដ្រូន​កសិកម្ម​ពេញលេញ​។

ដ្រូន​កសិកម្ម Sprayer Drone ឬ UAV នេះ បាន​បើក​ទំព័រ​វិស័យ​កសិកម្ម​បែប​ទំនើប​នៅ​កម្ពុជា​។

Content image - Phnom Penh Post
ដ្រូន​មាន​ទម្ងន់ ១៥ គីឡូក្រាម​ងាយស្រួល​ដឹកជញ្ជូន​។ រូបថត សហការី

លោក ហេង សុភក្ដិ វ័យ​ ៣៨ ​ឆ្នាំ​ជា​អ្នក​ដំឡើង​ដ្រូន​កសិកម្ម​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​ខ្ញុំ​យល់ច្បាស់​ថា ការធ្វើ​កសិកម្ម​វា​ពិបាក​ប៉ុនណា ការដាំ​អ្វី​ក៏​ពិបាក​ដែរ​បើសិន​ជា​ត្រូវ​ថែរក្សា​ឲ្យ​បាន​ជាប់លាប់​កាន់តែ​ពិបាក ខ្ញុំ​បាន​ឃើញ​កសិករ​ជាច្រើន​បាន​ខកខាន​ក្នុង​ការបាញ់​ថ្នាំ ពីព្រោះ​ភ្លៀង​ធ្វើឲ្យ​កខ្វក់​ពិបាក​ដឹក​ឧបករណ៍​ធុន​ធ្ងន់​។ ខ្ញុំ​ចាប់​អារម្មណ៍​នឹង​បច្ចេកវិទ្យា​ក្នុង​ការប្រើប្រាស់ ដ្រូន​ជាមួយ​នឹង​សក្តានុពល​របស់​វា ទើប​ខ្ញុំ​សម្រេចចិត្ត​លាឈប់​ពី​ការងារ​ហើយ​មក​ស្រាវជ្រាវ​ពី​បច្ចេកវិទ្យា​ដើម្បី​ធ្វើ​ដ្រូន​នេះ​ឡើង​»​។

ដ្រូន​កសិកម្ម​ទម្ងន់ ១៥ ​គីឡូក្រាម​មាន​បំពាក់​ប្រព័ន្ធ GPS ត្រឹមត្រូវ និង​ក្បាល​បាញ់ថ្នាំ​អេឡិចត្រូស្តាទិក ៥ ប្រភេទ​។ ទឹក​ចំនួន ២០ ​លីត្រ​ប្រើ​នៅ​ផ្ទៃដី​ចំនួន ១ ​ហិកតា ត្រឹម​រយៈពេល ១០ នាទី​ប៉ុណ្ណោះ​ដែល​ជា​ធម្មតា​កសិករ​តែងតែ​ប្រើ​ទឹក​អស់​រហូត​ដល់ ២០០ លីត្រ​ឯណោះ​។

នៅពេល​យើង​ប្រើ​ដ្រូន​កសិកម្ម​សម្រាប់​បាញ់ថ្នាំ យើង​អាច​មើលឃើញ​ត្រឹមតែ​ផ្សែង​តំណក់ទឹក​ដែល​ហោះ​ចេញពី​ដ្រូន​ទៅលើ​ដំណាំ​ប៉ុណ្ណោះ ហើយ​វា​ដំណើរការ​តាម​ផែនទី​ដែល​បាន​គូរ និង​កម្ពស់​ដែល​ត្រូវ​បាន​កំណត់​ដោយ​ស្វ័យប្រវត្តិ​។

Content image - Phnom Penh Post
សព្វថ្ងៃ​ដ្រូន​កសិកម្ម​ប្រតិបត្តិការ​ច្រើន​តាម​ការជួល​ឲ្យ​បាញ់​ថ្នាំ ខណៈ​ការជាវ​នៅ​មាន​ចំនួន​តិច​នៅ​ឡើយ​។ រូបថត សហការី

ស្ថាបនិក​ដ្រូន​កសិកម្ម​ដែល​បាន​បោះបង់​ការងារ​ដែល​បានធ្វើ​រយៈពេល ១០ ឆ្នាំ IT និង HR រូបនេះ​បាន​បន្ថែម​ទៀត​ថា​៖ «​ខ្ញុំ​បាន​ដំឡើង​ដ្រូន​កសិកម្ម​នេះ​តែម្នាក់ឯង​ប៉ុណ្ណោះ ហើយ​ខ្ញុំ​ត្រូវការ​ពេលវេលា​រយៈពេល ១ អាទិត្យ​សម្រាប់​ផលិត​វា បើសិន​ជា​ខ្ញុំ​ទទួល​បាន​គ្រឿងបន្លាស់​ចាំបាច់​ទាំងអស់​ដែល​ខ្ញុំ​ត្រូវការ​»​។

ដោយ​ចំណាយ​ចាប់ពី ៦ ពាន់ ទៅ ២ ម៉ឺន​ដុល្លារ​អាស្រ័យ​ទៅ​លើ​ទំហំ និង​ជម្រើស លោក សុភក្ដិ ក៏បាន​បញ្ជាក់​ការប្រឈម​ដែរ​ថា​៖ «​វា​ក៏​មាន​ការលំបាក​ដែរ​ដោយសារ​ផ្នែក​ផ្សេងៗ​គ្រឿង​ផ្គុំ​នៃ​ដ្រូន​នេះ​ភាគច្រើន​មាន​នៅ​ស្រុក​ក្រៅ មិន​សូវ​មាន​នៅក្នុង​ប្រទេស​យើង​នោះ​ទេ​»​។

លោក​បាន​លើកឡើង​ថា​ដ្រូន​កសិកម្ម​ផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​កសិករ ដោយ​អាច​ជួយ​សន្សំសំចៃ​ថ្នាំ​សម្លាប់​សត្វល្អិត​បាន​ពី ២០ ទៅ ៥០ ​ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​ការបាញ់​ថ្នាំ​ដោយ​ដៃ ចំណេញ​ពេលវេលា ចំណេញ​ទាំង​ការប្រើប្រាស់​កម្លាំង​ពលកម្ម កាត់បន្ថយ​ការចំណាយ​ថវិកា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការសម្លាប់​សត្វល្អិត​។ វា​ក៏​រួមចំណែក​កាត់បន្ថយ​ការប៉ះពាល់​ដល់​បរិស្ថាន​ផងដែរ​។

Content image - Phnom Penh Post
ដ្រូន​កសិកម្ម​ច្នៃ​ដោយ​លោក ហេង សុភក្ដិ អំឡុង​ពេល​ធ្វើការ​បាញ់​ថ្នាំ​ដំណាំ​នៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។ រូបថត សហការី

ក្រោយពី​បាន​ជោគជ័យ​ក្នុង​ការដំឡើង​រួច​ហើយ​លោក ហេង សុភក្ដិ ​បាន​ផ្តល់​សេវាកម្ម​ដល់​កសិករ​ដោយ​គិត​តម្លៃ ៤ ​ម៉ឺន​រៀល​ទៅ ១០ ​ម៉ឺន​រៀល​ក្នុង​ផ្ទៃដី ១ ​ហិកតា​អាស្រ័យ​ទៅ​លើ​ប្រភេទ​ដំណាំ និង​ភូមិសាស្ត្រ​។

ដ្រូន​កសិកម្ម​ធ្លាប់​បាន​ធ្វើការ​ទៅលើ​ដំណាំ​ស្រូវ ម្រេច ស្វាយចន្ទី ស្វាយ ទុរេន ពោត និង​ដំឡូង​នៅ​សៀមរាប បាត់ដំបង ក្រចេះ បន្ទាយមានជ័យ ត្បូងឃ្មុំ កណ្តាល និង​កំពង់ធំ​ជា​ទឹកដី​កំណើត​របស់​ស្ថាបនិក​រូបនេះ​ផ្ទាល់​។

ដ្រូន​កសិកម្ម​មិន​ទាន់​មាន​លក់​នៅ​លើ​ទីផ្សារ​ទេ តែ​លោក សុភក្ដិ ក៏​ទទួល​ធ្វើតាម​ការ​កុម្ម៉ង់​ទិញ​ដែរ​។

លោក​បាន​លើកឡើង​ថា​៖ «​ខ្ញុំ​ចង់​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ប្រជាកសិករ​របស់​យើង​ឲ្យ​មក​រៀន​បន្ថែម​អំពី​បច្ចេកទេស​កសិកម្ម​ទំនើប ព្រោះ​វា​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​អត្ថប្រយោជន៍​កាន់តែ​ច្រើន អនាគត​នៃ​ការធ្វើ​កសិកម្ម​នឹង​មាន​ប្រសិទ្ធភាព និង​ផ្តល់​ទិន្នផល​ខ្ពស់​»៕

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។