ក្រុងវ៉ាស៊ីនតោន: ក្រុមហ៊ុន​ដឹកជញ្ជូន​យក្ស​អាមេរិក UPS ពី​ថ្ងៃ​អង្គារ​បាន​ដាក់​ឲ្យ​ដំណើរការ​ដ្រូន​ស្វ័យប្រវត្ដិ​ដែល​ទទួល​អាជ្ញាប័ណ្ណ​ដំបូង​ដើម្បី​ដឹកជញ្ជូន​កញ្ចប់​សេវាកម្ម​វេជ្ជសាស្ដ្រ​។

ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា​ការដឹកជញ្ជូន​សំណាក​វេជ្ជសាស្ដ្រ​ក្នុង​បរិវេណ​មន្ទីរពេទ្យ WakeMed ក្រុង​ Raleigh រដ្ឋ​ ណត ការ៉ូឡៃណា គឺជា​ការហោះហើរ​អាជីវកម្ម​ប្រចាំ​ថ្ងៃ​ទៅ​តាម​គម្រោង​លើក​ដំបូង​របស់​ខ្លួន​។

ក្រុមហ៊ុន​ដឹកជញ្ជូន UPS បាន​សហការ​ជាមួយ Matternet ដែល​ផលិត​ដ្រូន​ស្វ័យប្រវត្ដិ និង​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​ប្រទេស​ស្វ៊ីស​រួចជាស្រេច​សម្រាប់​សេវាកម្ម​ដឹកជញ្ជូន​។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន​យក្ស​មួយ​នេះ​។

ក្រុមហ៊ុន​បាន​ហៅ​ការហោះហើរ​ដំបូង «​ជា​ជោគជ័យ​ដ៏សម្បើម​សម្រាប់​អាកាសចរណ៍​ស្វ័យប្រវត្ដិ​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​»​។

វា​នឹង​បង្ហាញ «​សមត្ថភាព​បញ្ចៀស​ការយឺតយ៉ាវ​ដោយសារ​ចរាចរណ៍​បង្កើន​ប្រសិទ្ធភាព​ដឹកជញ្ជូន​ឱសថ តម្លៃ​ទាប និង​ពន្លឿន​ឱកាស​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​ផងដែរ​»​។

ដ្រូន «quadcopter» អាច​ផ្ទុក​សម្ភារ​វេជ្ជសាស្ដ្រ​ទម្ងន់ ២,៣ គីឡូក្រាម​លើ​ចម្ងាយ​ផ្លូវ ២០ ​គីឡូម៉ែត្រ​។ ខណៈ​សេវាកម្ម​សង្គ្រោះ​តាម​បែប​ប្រពៃណី​ជា​ជម្រើស​តែ​មួយ​គត់​នោះ​គឺ​សេវាកម្ម​ដឹកជញ្ជូន​ដោយ​មនុស្ស​។

អគ្គនាយក WakeMed លោក ដូណាល់ ហ្គីនហ្ស៊ិក បាន​និយាយ​ថា​៖ «​ការដឹកជញ្ជូន​តាមរយៈ​ដ្រូន​នឹង​បង្កើន​ល្បឿន​នៃ​សេវាកម្ម​ក្នុង​តម្លៃថោក ពង្រឹង​លទ្ធភាព​វេជ្ជសាស្ដ្រ និង​បង្កើត​សហគមន៍​សុខុមាលភាព​»៕ HR