ក្រុង​ស៊ីដនី៖ អូស្រ្តាលី​ដែល​ជា​ប្រទេស​ដ៏​សម្បូរ​ក្រពើ​អាច​មាន​សុវត្ថិភាព​ដោយសារ​តែ​ដ្រូន​ដំបូង​បំផុត​ក្នុង​លោក​ ដែល​ធ្វើ​ការ​ហោះហើរ​សាកល្បង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​។

ដ្រូន​បច្ចេកវិទ្យា​ទំនើប​ស្គាល់​ថា «​អ្នក​ស្វែងរក​ក្រពើ​» ត្រូវ​បាន​ធ្វើ​តេស្ដ​សាកល្បង​នៅ​ក្បែរ​ក្រុង Cairns រដ្ឋ​ឃ្វីនលែន ដោយ​វា​អាច​ល្បាត​តាម​ដង​ទន្លេ និង​ស្វែងរក​សត្វ​ក្រពើ​ផង​ដែរ​។

បំពាក់​ជាមួយ​អ្វី​ដែល​ក្រុម​អ្នក​ឌីហ្សាញ​បាន​ហៅ​ថា ​ជា​បច្ចេកវិទ្យា​វៃ​ឆ្លាត​ដំបូង​បំផុត​ក្នុង​លោក ឧបករណ៍​ទាំង​នេះ​អាច​កំណត់​សម្គាល់​សត្វ​ក្រពើ​តាម​បឹង​បួ ទន្លេ និង​ឆ្នេរ​ទាំង​ឡាយ​។

ទោះបី​ជា​ភាព​សាហាវ​ដ៏​គួរ​ឲ្យ​​ខ្លាច​របស់​សត្វ​ទាំង​នេះ​យ៉ាង​ណា​ក៏​ដោយ ក៏​ការ​​​វាយ​ប្រហារ​ទាំង​ទឹក​សាប និង​ទឹក​ប្រៃ​ទៅ​លើ​មនុស្ស​ពិត​ជា​ករណី​កម្រ​ខ្លាំង​ណាស់​។

ប៉ុន្ដែ​ឧប្បត្ដិហេតុ​វាយ​ប្រហារ​ ៥ ករណី ​តំបន់​ទេសចរណ៍​ភាគ​ខាង​ជើង​រដ្ឋ​ឃ្វីនលែន​ចន្លោះ​ឆ្នាំ​ ២០១៧ និង ​២០១៨ រួម​ទាំង​ការ​វាយ​ប្រហារ​ឆក់​យក​ជីវិត​មនុស្ស ២ នាក់​ និង​ដែន​ដី​គោក​ប្រវែង​ជាង ៤០ គីឡូម៉ែត្រ ធ្វើ​ឲ្យ​អាជ្ញាធរ​មាន​ក្ដី​បារម្ភ​ចំពោះ​សុវត្ថិភាព​។

វាអាច​​កំណត់​វត្តមានក្រពើ​ដ៏សុក្រឹត​បាន ៩៣ ភាគរយ​​​។ រូបថត AFP

ដំណោះ​ស្រាយ​បច្ចេកវិទ្យា​កើត​ឡើង​ពី​ការ​កែ​សម្រួល​​ដ្រូន​ស្វែងរក​ឆ្លាម​ ដើម្បី​ស្វែងរក​ប្រភេទ​សត្វ​មច្ចុរាជ​ផ្សេង​ទៀត។ ពេល​មាន​អ្នក​បញ្ជា​​ដ្រូន​ វា​នឹង​ស្គេន​តាមរយៈ​ការ​ថត​វីដេអូ និង​​បញ្ជូន​សារ​អាសន្ន​ទៅ​កាន់​អ្នក​បញ្ជា​ បើ​វា​ប្រទះ​ឃើញ​អ្វី​​ចម្លែក​នៅ​ខាង​ក្រោម​។

ក្រុម​អ្នក​ឌីហ្សាញ​បាន​ឲ្យ​ដឹង​ថា បច្ចេកវិទ្យា​វៃ​ឆ្លាត​នេះ​មាន​សមត្ថភាព​ស្វែងរក​សុក្រឹតភាព​រហូត​ដល់ ៩៣ ភាគរយ​ ខណៈ​ភ្នែក​ទទេ​មាន​កម្រិត​ប្រាកដ​ប្រជា​ត្រឹម​តែ ១៦ ឬ ១៩ ភាគរយ​ប៉ុណ្ណោះ​។

ម៉ាក ហ្វីលីពស៍ មក​ពី​ក្រុមហ៊ុន​ផលិត​ដ្រូន Westpac Little Ripper បាន​និយាយ​ថា ក្រុម​ការងារ​លោក​ចំណាយ​​ពេល​រាប់​រយ​ម៉ោង​កែ​សម្រួល​ទិន្នន័យ​ក្នុង​បច្ចេកវិទ្យា​នេះ​។

លោក​ថ្លែង​​ថា​៖ «ស្ថានភាព​ទឹក​ខុសៗ​គ្នា រួមទាំង ទំហំ និង​រូបរាង​ក្រពើ​ផ្សេងៗ​ពី​គ្នា ក៏​ដូច​ជា​ការ​នៅ​ស្ងៀម និង​ការ​ហែល​ទឹក​ វា​ត្រូវ​តែ​ស្វែងយល់​គ្រប់​យ៉ាង​អំពី​ពពួក​ក្រពើ​ទាំង​នោះ និង​អាច​ស្វែងរក​វត្ដមាន​របស់​វា​បាន​ល្អ​ប្រសើរ​»។

ណាប៊ីន សាម៉ា ជា​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ស៊ីដនី បាន​និយាយ​ថា អាជ្ញាធរ​ឃ្វីនលែន​រំពឹង​ចង់​ឲ្យ​ឆាប់​ដាក់​ឧបករណ៍​នេះ​ប្រើប្រាស់​ ដោយ​វា​ជា​ផ្នែក​មួយ​នៃ​កម្មវិធី CrocWise Programme ដែល​ជូន​ដំណឹង​ដល់​សាធារណជន​អំពី​ចំនួន​ក្រពើ​ ក៏​ដូចជា​ជុំវិញ​​ទស្សនៈ​នៃ​ការ​អភិរក្ស​ផង​ដែរ​។

បច្ចេកវិទ្យា​ថ្មី​នេះ ក៏​អនុញ្ញាត​ឲ្យ​អ្នក​បញ្ជា​​ព័ត៌មាន​ឡើង​វិញ​ដែល​រក្សា​ទុក​ក្នុង​កម្មវិធី​ទូរស័ព្ទ​ ដែល​អាច​ដោនឡូដ​ជា​សាធារណៈ។ បច្ចុប្បន្ន មាន​ដ្រូន​ជាង ១០០ គ្រឿង ​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​ដោយ​ក្រុម​សង្គ្រោះ​ទូទាំង​ប្រទេស ​អូស្ដ្រាលី ដែល​ភាគ​ច្រើន​សម្រាប់​ជួយ​ដល់​​ស្ថានភាព​អាសន្ន​នានា​៕ AFP/HR