ក្រុងសិង្ហបុរី៖ តាក់ស៊ីហោះស្រដៀង Drone បានបង្អួតរាងនៅលើផ្ទៃទឹកប្រទេស សិង្ហបុរី កាលពីថ្ងៃអង្គារ ដោយក្រុមហ៊ុនផលិតបច្ចេកវិទ្យានេះរំពឹងថា យានដឹកជញ្ជូននេះនឹងធ្វើបដិវត្ដន៍ការធ្វើដំណើរក្នុងទីក្រុងដ៏ណែនតាន់តាប់នៃតំបន់អាស៊ី។
យានដែលបំពាក់ស្លាប ១៨ គ្រាប់ អភិវឌ្ឍដោយក្រុមហ៊ុនអាល្លឺម៉ង់ Volocopter និងជាមួយពីឡុតបញ្ជាខាងលើស្រាប់អំឡុងពេលធ្វើតេស្ដហោះហើរ ដោយចេញដំណើរពីជ្រោយខ្ពស់មួយកន្លែង និងហោះប្រមាណ ២,៣០ នាទី ជុំវិញខណ្ឌ ម៉ារីណា បេ។
ភ្លៀងខ្លាំងនាពេលព្រឹកស្ទើរតែខកខានការហោះហើរសាកល្បងទៅហើយ តែផ្ទៃមេឃស្រាប់ប្រែស្រឡះដែលផ្ដល់ឱកាសឲ្យតាក់ស៊ីកៅអី ២ ប្រតិបត្ដិការដោយអាគុយ ហោះដោយគ្មានសំឡេងរំខានលើប្រជុំអគារខ្ពស់ៗ។
ខណៈតាក់ស៊ីហោះ ស្រដៀងឧទ្ធម្ភាគចក្រតែប្រើបច្ចេកវិទ្យា Drone អាចហោះហើរស្វ័យប្រវត្ដិ វាមានអ្នកបើកបរម្នាក់អំឡុងពេលធ្វើតេស្ដសម្រាប់មូលហេតុសុវត្ថិភាព។
Volocopter ត្រូវបានតេស្ដហោះហើរនៅទីក្រុងឌូបៃ និងហែលស៊ិនគី អាល្លឺម៉ង់ និងឡាសវេហ្គាស តែផ្លូវហោះហើរសិង្ហបុរី គឺជាការសាកល្បងលើកដំបូងនៅកណ្ដាលក្រុង។
ទីក្រុងដ៏មានសណ្ដាប់ធ្នាប់មួយនេះទំនងជាស្ថិតក្នុងគម្រោងទីក្រុងទទួលសេវាកម្មនេះមុនគេ ដោយគ្រោងដាក់ឲ្យដំណើរការនៅរយៈពេលពី ២ ទៅ ៤ ឆ្នាំទៀត ហើយក្រុមហ៊ុន Volocopter រំពឹងថានឹងណែនាំយានហោះនេះដល់បណ្ដាប្រទេសដទៃក្នុងតំបន់អាស៊ី។
តម្លៃសម្រាប់ការហោះហើរនៅមិនទាន់កំណត់ តែ Volocopter មានបំណងដាក់ឲ្យថ្លៃជាងតម្លៃតាក់ស៊ីឡានបន្ដិចប៉ុណ្ណោះ។
អគ្គនាយក Volocopter លោក Florian Reuter បាននិយាយថា៖ «ជាទូទៅ យើងមើលឃើញតំបន់អាស៊ីជាទីផ្សារដ៏ធំ ដែលគួរទទួលអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះ ហើយយើងមានបំណងចង់ចាប់ផ្ដើមពីសិង្ហបុរីមុន»។
លោកបានប្រាប់ថា ក្រុមហ៊ុនចង់នាំឲ្យសេវាកម្មនេះមកទីក្រុងមួយចំនួនទៀត ដូចជា ហ្សាការតា ម៉ានីល និងបាងកក ព្រមទាំងផ្នែកខ្លះនៃប្រទេស ឥណ្ឌា និងចិន។
ទីក្រុងធំៗជាច្រើននៅអាស៊ីល្បីខាងស្ទះចរាចរណ៍ខ្លាំង ដែលធ្វើឲ្យអ្នកដំណើររាប់លាននាក់ចំណាយពេលវេលាយូរ និងអាចខកជើងយន្ដហោះ ព្រមទាំងជំនួបប្រជុំសំខាន់ៗ។
Volocopter ប្រឈមការប្រកួតប្រជែងមួយចំនួន រួមទាំង Uber និង Kitty Hawk ជាក្រុមហ៊ុនដែលគាំទ្រដោយសហស្ថាបនិក Google លោក Larry Page។
នាយកប្រតិបត្ដិរូបនេះបានឲ្យដឹងទៀតថា៖ «វាហាក់ដូចជារឿងអព្ភូតហេតុវិទ្យាសាស្ដ្របន្ដិចចំពោះអ្នកខ្លះ តែខ្ញុំគិតថា ពេលនេះ យើងនឹងចាប់ផ្ដើមប្រើសក្ដានុពលនៃបច្ចេកវិទ្យាថ្មីនេះ»៕ AFP/HR