ក្រុងឡាសវ៉េហ្គាស: វាមានប្រព័ន្ធតាមដាន GPS ឡាស៊ែរ បច្ចេកវិទ្យាព័ត៌មានវិទ្យា និងប្រើម៉ាស៊ីនស្វ័យសិក្សា ព្រមទាំងសេនស័រកាន់តែមានប្រសិទ្ធភាពជាងមុន។
នេះជាបរិក្ខារកសិកម្មបច្ចេកវិទ្យាទំនើបមកពីក្រុមហ៊ុន John Deere ដែលបានបង្ហាញខ្លួនក្នុងពិព័រណ៍អេឡិចត្រូនិកនៅរដ្ឋណេវ៉ាដា សហរដ្ឋអាមេរិកថ្មីៗនេះ។
ត្រាក់ទ័របំពាក់ GPS ធានាថាកសិកម្មមិនត្រូវពឹងលើអាកាសធាតុនោះទេ។ គ្រឿងម៉ាស៊ីននេះត្រូវបានណែនាំដោយទិន្នន័យ GPS ថ្មីដែលយោងតាមក្រុមហ៊ុនអាចព្យាករមានប្រសិទ្ធភាពដោយមានទំហំត្រឹម ២,៥ សង់ទីម៉ែត្រ បើធៀបនឹងប្រភេទ GPS ធម្មតាទំហំ ៣ ម៉ែត្រឯណោះ។
ពេលពួកវាបំពេញបេសកកម្មលើវាលស្រែ ម៉ាស៊ីននឹងប្រមូលទិន្នន័យអំពីសណ្ឋានដី និងត្រួតពិនិត្យថា តើដំណាំពោត និងដំណាំផ្សេងៗទៀតត្រូវបានប្រមូលផលតាមរបៀបណាដើម្បីកាត់បន្ថយការខ្ជះខ្ជាយ និងបង្កើនប្រសិទ្ធភាព?
នាយិកាប្រតិបត្ដិផ្នែកទីផ្សារ Deanna Kovar បាននិយាយថា៖ «ម៉ាស៊ីននេះមិនត្រឹមតែអាចប្រមូលផលដំណាំប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងអាចប្រមូលទិន្នន័យ ដែលជួយដល់ប្រជាកសិករធ្វើការសម្រេចចិត្ដនៅឆ្នាំក្រោយថែមទៀត»។
លោកស្រីអះអាងថា៖ «បរិក្ខារអេឡិចត្រូនិកបន្ថែមបានបង្កើនតម្លៃប្រមាណ ១ ម៉ឺនដុល្លារចំពោះថ្លៃដើមដោយលក់ចេញទៅជិតកន្លះលានដុល្លារ ដែលផ្ដល់នូវជម្រើសជាច្រើនដល់អតិថិជន។ លោកអ្នកអាចចំណេញប្រេងពី ៣៥ ទៅ ១០០ លីត្រលើផ្ទៃដី ៤ ០០០ ម៉ែត្រការ៉េ។ ដូច្នេះវាជួយសន្សំសំចៃប្រាក់ជូនលោកអ្នកវិញយ៉ាងច្រើន»៕ HR