ក្រុង​ឡាសវេហ្គាស៖ ទីក្រុង​វៃ​ឆ្លាត​របស់​តូយ៉ូតា ​​មនុស្ស​យន្ដ​ពី Samsung និង​ទូរស័ព្ទ​ប្រតិបត្ដិ​ប្រព័ន្ធ 5G ថ្មី​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន TCL ស្ថិត​ក្នុង​ចំណោម​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ នៅ​ពិព័រណ៍​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា​ CES។

ទាំង​នេះ​ជា​ការ​បង្ហាញ​ត្រួសៗ​ពី​ព្រឹត្ដិការណ៍​ពិព័រណ៍ CES គ្រោង​បើក​ទ្វារ​ផ្លូវ​ការ​នៅ​ថ្ងៃ​អង្គារ​ក្នុង​ទីក្រុង​ឡាសវេហ្គាស​។ ក្រុមហ៊ុន​យក្ស​ជប៉ុន​ បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​បង្កើត «​Woven City» លើ​ផ្ទៃ​ដី ៧០ ហិកតា នៅ​ជើង​ភ្នំ​ហ៊្វូជិ ប្រទេស ​ជប៉ុន​ ដែល​បំពាក់​ថាមពល​ដោយ​បន្ទះ​អ៊ី្រដូហ្ស៊ែន ដើម្បី​តេស្ដ​សាកល្បង​ដំណើរការ​បច្ចេកវិទ្យា​ស្វ័យ​ប្រវត្ដិ និង​បច្ចេកវិទ្យា​ថ្មី​ៗ​ចុង​ក្រោយ​ដទៃ​ទៀត​។

អគ្គនាយក​ក្រុមហ៊ុន Akio Toyoda បាន​ឲ្យ​ដឹង​ថា​៖ «​ការ​កសាង​ពី​បាត​ដៃ​ទទេ​ ទីក្រុង​តូច​ថ្មី​នេះ​​​ពិត​ជា​វិសេស​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​អនាគត​កាល រួម​ទាំង​ប្រព័ន្ធ​ប្រតិបត្ដិការ​ឌីជីថល​ក្នុង​រចនា​សម្ព័ន្ធ​​​វៃ​ឆ្លាត​»។

ទីក្រុង​វៃ​ឆ្លាត​នឹង​ត្រូវ​បាន​ឌីហ្សាញ​សម្រាប់​មនុស្ស​រស់នៅ​ប្រមាណ ២ ពាន់​នាក់​ រួម​ទាំង​បុគ្គលិក​ក្រុមហ៊ុន តូយ៉ូតា និង​ក្រុម​ទស្សនកិច្ច​ស្រាវជ្រាវ​ ដោយ​ប្រើ​សម្ភារ​សំណង់​គិត​គូរ​​បរិស្ថាន​ រ៉ូបូត​​ក្រុមហ៊ុន​ផ្ទាល់​ដើម្បី​ជួយ​​កិច្ចការ​ប្រចាំ​ថ្ងៃ​ និង​បំពាក់​សេនស័រ​ AI ​តាម​ដាន​សុខភាព​មនុស្ស​។

NEON (ស្ដាំ) ​ជា​​មនុស្ស​សិប្បនិម្មិត​ បំពាក់​បច្ចេកវិទ្យា​វៃ​ឆ្លាត ​​។ រូបថត AFP

ទីក្រុង​វៃ​ឆ្លាត​​នឹង​មាន​ផ្លូវ​​សម្រាប់​ប្រភេទ​រថយន្ដ​ស្វ័យ​ប្រវត្ដិ​បើកបរ​ រួម​ទាំង​អ្នក​ថ្មើរ​ជើង​​ ក៏​ដូច​ជា​យានយន្ដ​ចល័ត​តូចៗ​ និង​ម៉ូតូ កង់​ជា​ដើម​។

ដោយ​ឡែក​មន្ទីរ​ពិសោធន៍​ Samsung កាល​ពី​ថ្ងៃ​អង្គារ បាន​បង្ហាញ​មនុស្ស​យន្ដ​​ឌីជីថល​ដែល​ខ្លួន​បាន​ចាត់​ទុក​ជា «​មនុស្ស​សិប្បនិម្មិត​» បំពាក់​​បច្ចេកវិទ្យា​វៃ​ឆ្លាត ដោយ​វា​​​អាច​ «​សន្ទនា និង​មាន​អារម្មណ៍​អាណិត​អាសូរ» ដូច​មនុស្ស​ពិត​។

សេចក្ដី​ប្រកាស​នៅ​ពិធី​បើក​ពិព័រណ៍ ​CES បាន​បង្ហាញ​ឧបករណ៍​វៃ​ឆ្លាត​ថ្មី​មួយ​​ ឈ្មោះ NEON ផលិត​ឡើង​ដោយ​អង្គភាព​របស់​ក្រុមហ៊ុន​ Samsung គឺ​ Star Labs​។

បាល់យន្ត អាច​ជួយ​មនុស្ស​ចាស់​បញ្ជា​បរិក្ខារ​​វៃ​ឆ្លាត​ក្នុង​ផ្ទះ​សំបែង​​។ រូបថត AFP

កាល​ពី​ថ្ងៃ​ចន្ទ Samsung ក៏​បាន​បង្ហាញ​បាល់​យន្ដ​ឈ្មោះ Ballie ដែល​តាម​ដាន​ម្ចាស់​​​ខ្លួន​នៅ​ជុំវិញ​ផ្ទះ​។

រ៉ូបូត​កម្ពស់​ត្រឹម​ក​ជើង​ត្រូវ​បាន​ឌីហ្សាញ​ជា ​«​គូកន​ជីវិត​» និង​ស័ក្ដិសម​ទស្សនៈ​របស់​ក្រុមហ៊ុន​ «​មនុស្ស​ចូល​ក្នុង​ពិភព​បច្ចេកវិទ្យា​វៃ​ឆ្លាត​»។

Sebastian Seung ជា​ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ Samsung Electronics បាន​ចាត់​ទុក​រ៉ូបូត​តូច​នេះ​ជា​ជំនួយ​ហ្វឹកហាត់​រាងកាយ​ និង​ទំនាក់​ទំនង​ចល័ត​​ជួយ​មនុស្ស​ ពិសេស​ជន​ជរា​​គ្រប់​ស្ថានភាព​៕ AFP/