
ភ្នំពេញ :ក្រុមហ៊ុនសាំស៊ុង (Samsung) កាលពីសប្ដាហ៍មុនបានដាក់បង្ហាញនូវទូរទស្សន៍ប្រភេទ Ultra High-Definition(UHD)TVS9 ដ៏ធំបំផុតក្នុងពិភពលោក នៅមជ្ឈមណ្ឌលតាំងបង្ហាញខេហ្វ័រ(K4) ម្ដុំបាក់ទូក។
អ្នកស្រី ព្រីម៉ាវ៉ារីន កូស៊ីតនូគុណប្រធានផ្នែកផលិតផលអេឡិចត្រូនិកសាំស៊ុងនៅកម្ពុជា បានមានប្រសាសន៍ថា៖ «យើងជឿថាទូរទស្សន៍UHD TVគឺជាទិសដៅដ៏សំខាន់មួយនៅក្នុងទីផ្សារ នាពេលខាងមុខ ជាពិសេសអតិថិជនជាន់ខ្ពស់ដែលរំពឹងចង់បាន»។
យោងតាមសម្ដីអ្នកស្រី ទូរទស្សន៍ UHD TV ត្រូវបានបង្កើតឡើងក្នុងកម្រិតទូរទស្សន៍ស្មាតធីវីស៊េរីថ្មី ដែលអ្នកប្រើប្រាស់អាចរីករាយទស្សនារូបភាពច្បាស់ត្រជាក់ភ្នែកនៅលើអេក្រង់ដ៏ធំ។
ប្រភេទ ទូរទស្សន៍សាំស៊ុង UHD TV S9គឺជាទូរទស្សន៍ដ៏ធំបំផុតក្នុងលោកដែល មានអេក្រង់ភ្លឺច្បាស់ល្អជាមួយ រេសូលូសិន ៣៨៤០x២១៦០គុណនឹង៤ដង បើធៀបនឹងទូរទស្សន៍ប្រភេទ Full HD TVធម្មតា។ អេក្រង់ដ៏ធំមហិមារបស់ S9 មានទំហំរហូតដល់៨៥អ៊ិញដែលតម្រូវឲ្យ មានកម្រិតរេសូលូសិនខ្ពស់ជាងទូរទស្សន៍ធម្មតា ដើម្បីបង្កើនកម្រិតរូបភាពកាន់តែច្បាស់។
ទូរទស្សន៍នេះមាន ដំណើរការពិសេស៤ជំហាន ដូចជា ការវិភាគរលកសញ្ញាការកាត់បន្ថយសំឡេងរំខាន ការបង្កើនកម្រិតរូបភាព UHD និងការបង្កើនភាពច្បាស់ដោយអាចបំប្លែងគុណភាពរូបភាពពី SD, HD ឬ Full HD ទៅជាUHD ព្រមទំាងមានភ្ជាប់ម៉ាស៊ីនរូបភាព UHD ដែលអាចបង្កើនរេសូលូសីន ពីវីដេអូ Full HD ទៅជា 4K UHD ដោយប្រើបច្ចេកវិទ្យាបង្កើនភាពច្បាស់ 4K ផ្តល់នូវរូបភាពម៉ដ្ឋល្អ។
ទូរទស្សន៍ S9 អាចកំណត់កម្ពស់បានប្រាំកម្រិតតាមចំណូលចិត្តរបស់អ្នកទស្សនា។ ខ្សែតភ្ជាប់ដ៏ងាយស្រួលនៅកន្លែងតែមួយត្រូវបានរចនាឡើងដើម្បី កាត់បន្ថយភាពស្មុគស្មាញ។ ប្រព័ន្ធសំឡេងអមដោយ Speaker Dual Subwoofer អាចបំពងសំឡេងបាន១២០w ខ្លាំងជាងប្រព័ន្ធសំឡេងទូរទស្សន៍ ធម្មតាប្រហែល៦ដង និងអាចបង្កើតសំឡេងឌីណាមិកយ៉ាងកងរំពងជាឈុតស័ក្ដិសមនឹងរូបភាពដ៏ល្អ។ទូរទស្សន៍នេះក៏មានភ្ជាប់នូវកាមេរ៉ាជាមួយដើម្បី ផ្ដល់មុខងារ S mart Interface ជាបច្ចេកវិទ្យាចុងក្រោយដ៏មានអានុភាពរួមទំាងការបញ្ជាដោយដៃ និងសំឡេងផងដែរ។
ទាក់ទិននឹងការសម្ពោធទូរទស្សន៍ស្មាតធីវីខ្នាត ធំសាំស៊ុង Ultra High-Definition(UHD) TV S9 លោក គិត សែនសូរិយា អគ្គនាយកក្រុមហ៊ុនខេហ្វ័រគ្រុបបានឲ្យដឹងពីអត្ថប្រយោជន៍ភ្ជាប់មក ជាមួយការជាវផលិតផលនេះយ៉ាងដូច្នេះថា៖ «សម្រាប់ការជាវទូរទស្សន៍សាំស៊ុង UHD TV S9ខ្នាតធំទំហំ៨៥អ៊ិញ ចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី៣១ ខែមករា ២០១៤ ក្នុងតម្លៃ៣៤៩៩៩ដុល្លារ មានការថែមជូនទូទឹកកកខ្នាតធំទ្វារពីរតម្លៃ២៥០០ដុល្លាផងដែរ»៕