ភ្នំពេញ៖ ទេពមច្ឆា មិន​សំដៅ​តែ​លើ​ត្រី ​ឬ​មនុស្ស​ឡើយ តែ​វា​ជា​ឧបករណ៍​វាស់​កម្ពស់​ទឹក​ ដែល​ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បី​ប្រកាស​​អាសន្ន​ដល់​អ្នក​រស់នៅ​ក្បែរ​ប្រភព​ទឹក​ពី​ហានិភ័យ​គ្រោះ​ទឹកជំនន់​ផង​ដែរ។ វា​មាន​សមត្ថភាព​​​វាស់​កម្រិត​នៃ​កម្ពស់​ទឹក​ និង​បញ្ជូន​ទិន្នន័យ​​តាមរយៈ​ទូរស័ព្ទ​ទៅ​កាន់​ប្រព័ន្ធ​ព្រមាន​ជាមុន​ (EWS 1294)។

លោក លីម សង្វា សហស្ថាបនិក​ក្រុមហ៊ុន ArrowDot ដែល​អភិវឌ្ឍ​ឧបករណ៍​នេះ ​និយាយ​ថា​៖ «​ទេពមច្ឆា (Tep Machcha) ត្រូវ​បាន​បំពាក់​សេនស័រ​អាល់ត្រាសូនិក​ ជាមួយ​នឹង​ឧបករណ៍​បញ្ជា ​ដើម្បី​វាស់​កម្ពស់​ទឹក​ ដែល​ត្រូវ​បាន​ដំឡើង​នៅ​លើ​ស្ពាន​»។

បើ​កម្ពស់​ទឹក​ឡើង​ដល់​កម្រិត​ហានិភ័យ​ ប្រព័ន្ធ​បញ្ជា​មេ​នឹង​បញ្ជូន​សារព្រមាន​ទៅ​កាន់​គណៈកម្មាធិការ​​គ្រប់គ្រង​​គ្រោះ​មហន្ដរាយ​ខេត្ដ ដែល​បន្ដ​ផ្ញើ​សារ​សំឡេង​តាម​ទូរស័ព្ទ​ដៃ ​ដើម្បី​ប្រាប់​ពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​ប្រើប្រាស់​ប្រព័ន្ធ​ព្រមាន​ជា​មុន ១២៩៤ ​នូវ​លទ្ធភាព​នៃ​គ្រោះ​ទឹក​ជំនន់​។

ប្រជាពលរដ្ឋ​គ្រប់​រូប​អាច​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក​ដោយ​គ្រាន់​តែ​ចុច​លេខ ១២៩៤ រួច​ស្ដាប់​ការ​ណែនាំ​ ឬ​ចូល​​ទៅ​កាន់​គេហទំព័រ​អង្គភាព​។

លោក សង្វា​ បាន​និយាយ​ថា កម្ពុជា​កំពុង​​ជួប​ការ​លំបាក​ពី​ការ​​ប្រែប្រួល​អាកាសធាតុ។ រដូវ​ប្រាំង​អូស​បន្លាយ​ពេល​យូរ និង​រដូវ​ភ្លៀង​មិន​ទៀង​ទាត់​ គឺ​ជា​មូលហេតុ​បង្ក​គ្រោះ​មហន្ដរាយ​ ដូចជា គ្រោះ​ទឹក​ជំនន់ និង​រាំង​ស្ងួត​ជា​ដើម​។

លោក​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ ​ថា​៖ «ស្រប​ពេល​នេះ ការ​ប្រែប្រួល​អាកាសធាតុ ដែល​ស្ថិត​ក្នុង​ចំណោម​បញ្ហា​ផ្សេងៗ កំពុង​​ជះ​ឥទ្ធិពល​ប៉ះពាល់​ដល់​ផលិតផល​កសិកម្ម​ ផ្ទះ​សំបែង​ ជីវភាព​ និង​សន្ដិសុខ​ស្បៀង​»។

លោក​អះអាង​ថា ការ​ព្រមាន​ឱ្យ​ដឹង​ជា​មុន​នូវ​ហានិភ័យ​នៃ​គ្រោះ​មហន្ដរាយ​អាច​ធ្វើ​ឱ្យ​ពលរដ្ឋ និង​រដ្ឋបាល​មូលដ្ឋាន​​ឆ្លើយ​តប​ទាន់​ពេលវេលា​។

លោក​បាន​បន្ដ​ថា​៖ «​វា​ធ្វើ​ការ​​វិភាគ​ពី​អាកាសធាតុ និង​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​អាកាស​ធាតុ​ រួច​ជូន​ដំណឹង​​ដល់​អ្នក​ប្រើប្រាស់​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ​»។

ទេពមច្ឆា ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ត្រួត​ពិនិត្យ​ទិន្នន័យ​អាកាសធាតុ​ និង​​បរិយាកាស​តាម​ភាព​ជាក់​ស្ដែង រក​ឱ្យ​ឃើញ​​​​ហានិភ័យ​ និង​ធ្វើ​ការ​ទស្សន៍ទាយ​ពី​លទ្ធភាព​ការ​ប៉ះពាល់​ទុក​ជា​មុន​។

បុគ្គលិក​អង្គការ People In Need Cambodia ពិនិត្យ​មើល​ឧបករណ៍​ ទេពមច្ឆា បំពាក់​ភ្ជាប់​ស្ពាន​។ រូបថត អង្គការ PIN

ឧបករណ៍​នេះ បង្ហាញ​កម្រិត​កម្ពស់​ទឹក​​ជា ៣ ពណ៌​ខុសៗ​គ្នា​ គឺ​ពណ៌​បៃតង​តំណាង​កម្រិត​កម្ពស់​ទឹក​ធម្មតា ពណ៌​លឿង​តំណាង​កម្រិត​ប្រកាស​អាសន្ន និង​ពណ៌​ក្រហម​តំណាង​​សញ្ញា​ព្រមាន​ពី​ហានិភ័យ​ខ្ពស់​។

លោក សង្វា បន្ដថា អង្គការ​​ People In Need Cambodia (PIN) ​ផ្ដួចផ្ដើម​គំនិត​ និង​សហការ​ជាមួយ​ ArrowDot Co., Ltd ​​ជា​ក្រុមហ៊ុន​រក​ដំណោះស្រាយ​លើ​គ្រប់​ផ្នែក​​បច្ចេកវិទ្យា​ លើ​ការ​ឌីហ្សាញ ផលិត និង​ដំឡើង​ឧបករណ៍​ទាំង​នេះ​នៅ​តាម​គោលដៅ​ងាយ​រងគ្រោះ​។

កញ្ញា មេច ស្រីល័ក្ខ ជា​ជំនួយ​ការ​ផ្នែក​បច្ចេកទេស​នៃ​អង្គការ PIN បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ ​ថា​៖ «​យើង​ចង់​ឱ្យ ទេព​មច្ឆា គាំទ្រ​ដល់​ប្រព័ន្ធ​ព្រមាន​ឱ្យ​ដឹង​ជា​មុន ១២៩៤ អំពី​លទ្ធភាព​នៃ​គ្រោះ​ទឹក​ជំនន់​នៅ​កម្ពុជា​»។

ស្រីល័ក្ខ និយាយ​ថា អង្គការ​បាន​ដំឡើង​ទេពមច្ឆា​នៅ​តាម​តំបន់​ងាយ​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​ទៅ​តាម​ការ​ណែនាំ​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ខេត្ដ​។

នៅ​តំបន់​ងាយ​រងគ្រោះ​ទឹក​ជំនន់​ក្នុង​ស្រុក​បុរីជលសា នៃ​ខេត្ដ​តាកែវ កញ្ញា ស្រីល័ក្ខ កំពុង​ដំឡើង​ឧបករណ៍​ទេពមច្ឆា ទី​៤៣ ​ជា​ប្រអប់​ភ្ជាប់​​សេនស័រ គ្រប​បន្ទះ​ដែក​ ផ្ដល់​ថាមពល​ដោយ​បន្ទះ​សូឡា​។ ជា​ទូទៅ ទេពមច្ឆា បំពាក់​ភ្ជាប់​នៅ​នឹង​ស្ពាន ឬ​បង្គោល​រឹងមាំ​។

ផែនទី​លើ​េវេបសាយ​ EWS 1294 បង្ហាញ​ពីតំបន់​ប្រឈម​ហានិភ័យ​ទឹក​ជំនន់​ខ្ពស់​។ រូបថត សហ​ការី

កញ្ញា​បាន​ឱ្យ​ដឹង​នៅ​ក្នុង​បទ​បង្ហាញ​វីដេអូ​ថា​ សេនស័រ​មើល​ឃើញ​ពី​កម្ពស់​ទឹក និង​បញ្ជូន​ទិន្នន័យ​ទៅ​កាន់​ជន​បង្គោល ​២ នាក់ ​នៅ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ដែល​ទទួល​បន្ទុក​ប្រព័ន្ធ​ព្រមាន​ជា​មុន ១២៩៤ នៅ​សាលា​ខេត្ដ​។

កញ្ញា​បន្ដ​ថា​៖ «​ឧបករណ៍​នេះ​បញ្ជូន​ទិន្នន័យ​ទៅ​កាន់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ខេត្ដ​រៀងរាល់ ១៥ ​នាទី​ម្ដង​។ ពេល​នេះ យើង​ដំឡើង​បាន ៤៣ ​គ្រឿង នៅ​ទូទាំង​ប្រទេស ដែល​ក្នុង​នោះ​កំពុង​ប្រតិបត្ដិការ​ ១២ គ្រឿង​ និង​សល់​ប៉ុន្មាន​កំពុង​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​»។​

ប្រព័ន្ធ​ព្រមាន​ជាមុន ១២៩៤ បង្កើត​ឡើង​ដោយ​អង្គការ People In Need Cambodia ក្នុង​ឆ្នាំ ​២០១៣ មាន​សមាជិក​ ១១៤ ៧៧៣​ នាក់​ នៅ​ទូទាំង​ប្រទេស​។

លោក​ សង្វា និយាយ​ថា​៖ «​គ្រប់​អង្គការ និង​អង្គភាព​រដ្ឋាភិបាល​ដែល​ទទួល​បន្ទុក​ដោះ​ស្រាយ​គ្រោះ​មហន្ដរាយ​​នឹង​អាច​គ្រប់គ្រង​បញ្ហា​បាន​ល្អ​ពេល​មាន​ជំនួយ​ពី​ ទេពមច្ឆា​»។

ចូល​ទៅ​កាន់​គេហទំព័រ​​ ប្រព័ន្ធ​ព្រមាន​​ជា​មុន ១២៩៤ សម្រាប់​ព័ត៌មាន​អំពី​ការ​ទប់ស្កាត់​គ្រោះ​មហន្ដរាយ​ទឹក​ជំនន់​ http://ews1294.info/en/home/ ឬ​ព័ត៌មាន​អំពី​ទេពមច្ឆា​នៅ​ទំព័រ​ហ្វេសប៊ុក @ArrowdotTech និង​ @PINCambodiacz៕